គ្រូពេទ្យ​នៅ​កំពង់ចាម​ត្អូញ​រឿង​មិន​បាន​បើក​ប្រាក់​ឧបត្ថម្ភ​៥​ខែ

ក្រុម​គ្រូពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ ជាង ៣០​នាក់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថា ពួកគាត់​មិន​ទាន់​បាន​បើក​ប្រាក់​ឧបត្ថម្ភ​មូលនិធិ​សមធម៌​ចំនួន ៥​ខែ​មក​ហើយ។

0:00 / 0:00

តំណាង​គ្រូពេទ្យ​មួយ​រូប​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ប្រសាសន៍​ថា មូលនិធិ​សមធម៌​ដែល​បើក​តាម​រយៈ​អង្គការ យូអរស៊ី (URC) នោះ អង្គការ​នេះ​មិន​ទាន់​បើក​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ឲ្យ​ពួក​គាត់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១២ មក​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៣ នេះ មាន​រយៈ​ពេល ៥​ខែ​មក​ហើយ។

គ្រូពេទ្យ​រួប​នេះ​បញ្ជាក់​ថា ប្រាក់​ឧបត្ថម្ភ​មូលនិធិ​សមធម៌ ជា​ប្រាក់​បន្ថែម​ពី​លើ​ប្រាក់​ខែ​រដ្ឋ ដែល​គ្រូពេទ្យ​ម្នាក់​ត្រូវ​ទទួល​បាន​ជាង ២០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ លោក​បញ្ជាក់​ថា មូលនិធិ​សមធម៌​នេះ គឺ​អង្គការ យូអរស៊ី នេះ ជា​អ្នក​ចេញថ្លៃ​ព្យាបាល​ឲ្យ​ជន​ក្រីក្រ ទាំង​ថ្លៃ​ព្យាបាល​ជំងឺ ទាំង​ថ្លៃ​ម្ហូប​អាហារ និង​ថ្លៃ​ធ្វើ​ដំណើរ ដែល​អង្គការ​នេះ​មិន​តម្រូវ​ឲ្យ​ខាង​មន្ទីរពេទ្យ​យក​ថ្លៃ​សេវា​ទាំង​នេះ​ពី​អ្នក​ក្រីក្រ​ទេ ហើយ​នៅ​ពេល​ដាច់​ខែ ខាង​អង្គការ​មក​ទូ​ទាត់​ឲ្យ​ខាង​មន្ទីរពេទ្យ​វិញ។

គ្រូពេទ្យ​មិន​បញ្ចេញ​ឈ្មោះ៖ «ចុះ​បុគ្គលិក យូអរស៊ី ដាច់​ខែ​មិន​ទាន់​ផង​បើក​លុយ​មុន ចុះ​បុគ្គលិក​ពេទ្យ​ម៉េច​បាន​ជា​គេ​មិន​បើក​ជូន? បុគ្គលិក​ពេទ្យ​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ ពង្រឹង​វិន័យ និង​ក្រមសីលធម៌ តែ​លុយ​បើក​យឺត។ ការ​បើក​យឺត​នេះ យើង​ខ្ញុំ​គ្មាន​កម្លាំង​ធ្វើ​ការ​ទេ»

គ្រូពេទ្យ​ដដែល​បញ្ជាក់​ថា ប្រាក់​ខែ​រដ្ឋ​ដែល​លោក​បាន​បើក​ពី​ការិយាល័យ​សុខាភិបាល​ស្រុក បាន​ក្នុង​មួយ​ខែ​ជាង ៤០​ម៉ឺន​រៀល និង​ប្រាក់​យាម​ក្នុង​មួយ​ខែ ១​ម៉ឺន​៥​ពាន់​រៀល​ទៀត តែ​ប្រាក់​យាម​ប្រចាំ​ការ​នៅ​មន្ទីរពេទ្យ​នេះ ក្នុង​មួយ​ឆ្នាំ​បើក​ម្ដង តែ​នៅ​ពេល​បើក​គេ​កាត់​ជាង ២០% ទៀត។

ប្រធាន​គណនេយ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃ​ឈរ បាន​ឲ្យ​ដឹង​ថា ​កាល​ពី​មុន​មក អង្គការ យូអរស៊ី បាន​ផ្ដល់​ថវិកា​តាមរយៈ​ធនាគារ​អេស៊ីលីដា ដែល​គាត់​ទៅ​បើក​ជា​រៀង​រាល់​ខែ បន្ទាប់​មក​យក​ថវិកា​នោះ​មក​ចែក​ជូន​បុគ្គលិក។ តែ​ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១២ មក ប្រាក់​ឧបត្ថម្ភ​នេះ​មិន​ទាន់​ទទួល​បាន​ទេ ហើយ​ខាង​អង្គការ​ក៏​មិន​បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​អ្វី​ដែរ៖ «ចេះ​តែ​ស្ងាត់​ស្ងៀម​ទៅៗ គេ​មិន​ប្រាប់​ថា មាន​បញ្ហា​យ៉ាង​ម៉េច​បាន​ជា​ប្រាក់​ហ្នឹង​ធ្លាក់​មក​មិន​ទាន់​ពេល​វេលា​អ៊ីចឹង?»

ប្រធាន​អង្គការ យូអរស៊ី (URC) ប្រចាំ​នៅ​ខែត្រ​កំពង់ចាម លោក បូរិន បាន​ឲ្យ​ដឹង​ថា មូលនិធិ​សមធម៌​នេះ អង្គការ​របស់​លោក​បាន​ផ្ដល់​ជួន​ចំនួន ៧ មន្ទីរពេទ្យ​នៅ​ខែត្រ​កំពង់ចាម។ ប៉ុន្តែ​នៅ​ពេល​សួរ​អំពី​បញ្ហា​យឺត​បើក​ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​មន្ទីរពេទ្យ​ទាំង​នោះ លោក​មិន​ឆ្លើយ​ទេ ហើយ​បិទ​ទូរស័ព្ទ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខែត្រ​កំពង់ចាម លោក គឹម ស៊ួភារុន មាន​ប្រសាសន៍​ថា បញ្ហា​យឺតយ៉ាវ​បើក​ប្រាក់​ឧបត្ថម្ភ​នៃ​មូលនិធិ​សមធម៌​នេះ មិន​មែន​តែ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ នោះ​ទេ គឺ​នៅ​គ្រប់​មន្ទីរពេទ្យ​នៅ​ខែត្រ​កំពង់ចាម ដែល​អង្គការ​នេះ​ផ្ដល់​ជូន។ បញ្ហា​យឺត​នេះ លោក​ក៏​មិន​ដឹង​ពី​មូលហេតុ​ដូច​គ្នា​ដែរ។

លោក គឹម ស៊ួភារុន៖ «ប៉ុន្មាន​ខែ​មក​នេះ ខ្ញុំ​បាន​ព្យាយាម​សួរ​ទៅ​ថ្នាក់​លើ​ដែរ ពីព្រោះ​ការងារ​នេះ​មិន​មែន​ជា​ការងារ​នរណា​ទេ វា​ជា​លុយ​ជំនួយ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​រដ្ឋាភិបាល ធ្វើ​បដិភាគ​ថវិកា​គ្នា (មូលនិធិ​សមធម៌)»

ប្រភព​ពី​មន្ទីរ​សុខាភិបាល​ខែត្រ​ឲ្យ​ដឹង​ថា មូលនិធិ​សមធម៌​នេះ ជា​ថវិកា​បាន​មក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ៦០% និង​ថវិកា​របស់​រដ្ឋាភិបាល​ចំនួន ៤០%។ មូលនិធិ​សមធម៌​នេះ​សម្រាប់​ចេញ​ថ្លៃ​ព្យាបាល​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រីក្រ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន ហើយ​ខាង​មន្ទីរពេទ្យ​មិន​យក​ថ្លៃ​សេវា​ព្យាបាល​ទេ។

ថ្លៃ​សេវា​ព្យាបាល​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ ក្នុង​មនុស្ស​ម្នាក់​ត្រូវ​ចំណាយ ៦​ម៉ឺន​រៀល សម្រាប់​អ្នក​ជំងឺ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រហូត​ដល់​ជា​សះស្បើយ។ អ្នក​ជំងឺ​ក្រីក្រ​ទៅ​ទទួល​សេវា​ព្យាបាល​ជំងឺ​ពី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ ក្នុង​មួយ​ខែ​មាន​ចន្លោះ​ពី ២០០​នាក់ ទៅ ៣០០​នាក់។ ស្រុក​ព្រៃឈរ មាន​មន្ទីរពេទ្យ​បង្អែក​មួយ និង​មាន​មណ្ឌល​សុខភាព ចំនួន ១២៦​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។