ភាគីវៀតណាមសុំឲ្យភាគីកម្ពុជា និងឡាវរួមទាំងភាគីវៀតណាមខ្លួនឯងផង ខិតខំវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ទៅកាន់ដំបន់អភិវឌ្ឍន៍ត្រីកោណមរកត ដើម្បីតភ្ជាប់សេវាសេដ្ឋកិច្ចនៃប្រទេសទាំងបី ដែលមានព្រំប្រទល់ជាប់តំបន់អភិវឌ្ឍន៍រួមគ្នាមួយនេះ។
ការស្នើសុំនេះធ្វើឡើងដោយលោកឧបនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សានភក់ (Nguyen Xuan Phuc) នៅក្នុងកិច្ចប្រជុំមួយនៃមន្ត្រីរដ្ឋាភិបាលប្រទេសទាំងបី ធ្វើឡើងនៅខេត្តដាក់ឡាក់ (Dak Lak) ប្រទេសវៀតណាម កាលពីថ្ងៃទី២១ មេសា។
កាសែតវៀតណាមមួយឈ្មោះ វៀតណាម ញូវស៍ (Vietnam News) ផ្សាយនៅថ្ងៃទី២២ មេសា ថា កិច្ចប្រជុំនេះមាលបំណងកសាងនិងពង្រឹងដៃគូអភិវឌ្ឍន៍តំបន់ត្រីកោណមរកត ផ្ដោតលើវិស័យកសិកម្ម និងឧស្សាហកម្មដំណាំកាហ្វេនិងកៅស៊ូ ព្រមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចពិសេសនៅព្រំដែន និងធនធានមនុស្សជាដើម។
តំបន់ត្រីកោណមរកត ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ជាប់ព្រំប្រទល់ប្រទេសបី កម្ពុជា ឡាវ និងវៀតណាម ដែលមានប្រជាពលរដ្ឋនៃប្រទេសទាំងបីចំនួន ១៣ខេត្ត រស់នៅ។
គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណមរកតនេះ ត្រូវបានផ្ដួចផ្ដើមគំនិតឡើងដោយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីឆ្នាំ២០០៩។
នៅក្នុងកិច្ចប្រជុំនោះដែរ លោកឧបនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សានភក់ បានជំរុញឲ្យមានការអនុវត្តគម្រោងប្លង់មេដែលអនុតមិដោយនាយករដ្ឋមន្ត្រីប្រទេសទាំងបី និងបញ្ចូលគម្រោងអភិវឌ្ឍន៍ក្នុងមូលដ្ឋាននៃប្រទេសទាំងបីចូលទៅថ្នាក់តំបន់ ធ្វើយ៉ាងណាការពារបរិស្ថាន កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ សម្រួលនីតិវិធីរដ្ឋបាលមូលដ្ឋាន និងពង្រឹងសន្តិសុខព្រំដែន នៅតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។