ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជានាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា លោកបណ្ឌិត ប៊ុន មុនី មានប្រសាសន៍នៅថ្ងៃទី៣០ កក្កដា ថា ចរន្តនៃការដកលុយ គឺមានច្រើនចាប់តាំងពីយុទ្ធនាការបោះឆ្នោត រហូតដល់បច្ចុប្បន្ននេះ។ មានអតិថិជនមួយចំនួនបានដកប្រាក់ខ្លះពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារ ដោយពួកគាត់ភ័យខ្លាចចំពោះស្ថានភាពនយោបាយដែលកើតឡើងនៅក្នុងប្រទេស។
លោកមានប្រសាសន៍បន្ថែមថា ប្រាក់សន្សំរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុស្ថាបនា បានថយចំនួនប្រមាណ ៨% ទៅ ៩% នៃប្រាក់សន្សំសរុបដែលមានទឹកប្រាក់ចន្លោះពី ៦លាន ទៅ ៧លានដុល្លារអាមេរិក ក្នុងកំឡុងរយៈពេលមួយខែ។ ទោះជាយ៉ាងណាក៏ដោយ ការដកប្រាក់នេះនឹងមិនប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ឡើយ។
លោកបណ្ឌិត ប៊ុន មុនី មានប្រសាសន៍បន្ថែមថា បញ្ហាអស្ថិរភាពនៅកម្ពុជា មិនអាចកើតមានឡើយ ហើយក៏មិនប៉ះពាល់ដល់ស្ថាប័នហិរញ្ញវត្ថុដែរ ដោយសារតែស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ មានទុនបម្រុងគ្រប់គ្រាន់សម្រាប់បង្វិលសាច់ប្រាក់ ដែលអាចឆ្លើយតបទៅនឹងការដកប្រាក់របស់ប្រជាពលរដ្ឋ។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋដែលដកប្រាក់ អាចប្រឈមនឹងហានិភ័យលើការថែរក្សាប្រាក់នោះទៅវិញ។
បន្ថែមលើនេះ ប្រាក់ដែលប្រជាពលរដ្ឋងាយដកសម្រាប់ចាយ ដូចជាដកតាមកាតអេធីអឹម (ATM) របស់ស្ថាប័នហិរញ្ញវត្ថុ ដែលទទួលប្រាក់សន្សំទាំងនោះ មានប្រមាណតែ ២០% នៃប្រាក់សន្សំប៉ុណ្ណោះ។
ប្រធានស្ដីទីសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ស្រី ចន្ធី មានប្រសាសន៍ថា នៅរយៈពេលខ្លីមិនប៉ះពាល់ដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារឡើយ ដោយសារតែម្ចាស់ស្ថាប័នហិរញ្ញវត្ថុមានទុនបម្រុងគ្រប់គ្រាន់ ហើយការដកប្រាក់មានទ្រង់ទ្រាយតូចនៅឡើយ។ លោកបញ្ជាក់ថា សម្រាប់រយៈពេលវែង អាចប៉ះពាល់លើការគ្រប់គ្រងលំហូរសាច់ប្រាក់របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងនោះ។
លោក ស្រី ចន្ធី មានប្រសាសន៍បន្ថែមថា ការដកប្រាក់កើតឡើងដោយសារបញ្ហានយោបាយដូច្នេះ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានភាពជ្រួលច្របល់ គឺមានតែគណបក្សនយោបាយជាអ្នកដោះស្រាយ ដែលត្រូវបង្ហាញជំហរអហិង្សាទៅកាន់អ្នកគាំទ្ររបស់ខ្លួនឯង។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋដែលព្យាយាមដកប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយសារតែបទពិសោធន៍ហិង្សាដែលបានកើតឡើងនៅថ្ងៃទី៥ និងថ្ងៃទី៦ កក្កដា ឆ្នាំ១៩៩៧ ដែលធ្វើឲ្យស្ថាប័នហិរញ្ញវត្ថុជាប់គាំង ហើយមានស្ថាប័នមួយចំនួនបានក្ស័យធន ប៉ុន្តែ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកបណ្ឌិត ប៊ុន មុនី បានអះអាងថា វិបត្តិនយោបាយនៅកម្ពុជា មិនបានប៉ះពាល់ដល់ស្ថាប័នហិរញ្ញវត្ថុឡើយ ហើយគ្មានស្ថាប័នហិរញ្ញវត្ថុណាដែលក្ស័យធន ដោយសារកលិយុគនយោបាយឡើយ។ ការប្រកាសក្ស័យធនរបស់ធនាគារមួយចំនួននៅពេលនោះ គឺដោយសារតែនីតិវិធីតម្កល់ទុនបម្រុងរបស់ស្ថាប័នហិរញ្ញវត្ថុ ដែលកំណត់ដោយធនាគារជាតិកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។