តំណាងសហគមន៍ព្រៃឈើនៅតាមខេត្តចំនួន ១៣ ក្នុងប្រទេសកម្ពុជា ជួបជុំគ្នាបង្ហាញពីវិនាសកម្មព្រៃឈើ និងបញ្ហាប្រឈម ដោយសារសកម្មភាពកាប់បំផ្លាញព្រៃឈើ ដើម្បីចងក្រងឯកសារដាក់ជូនរាជរដ្ឋាភិបាល ជួយមានវិធានការទប់ស្កាត់។
តំណាងសហគមន៍ព្រៃឈើអះអាងថា ដីព្រៃសហគមន៍នឹងត្រូវរលាយបាត់បង់នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥ បើគ្មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ។ បទល្មើសព្រៃឈើនេះដែរ ប្រមុខដឹកនាំរដ្ឋាភិបាល ធ្លាប់បានប្រកាសជាសាធារណៈថា នឹងធ្វើឃាតខ្លួនឯងដោយកាត់ក បើសិនបទបញ្ជាទប់ស្កាត់បទល្មើសព្រៃឈើអនុវត្តមិនមានប្រសិទ្ធភាព។
ថ្លែងក្នុងសន្និសីទកាសែតព្រឹកថ្ងៃទី២០ ខែឧសភា នាភោជនីយដ្ឋានសុរិន្ទ ក្រុងភ្នំពេញ តំណាងសហគមន៍មកពី ១៣ខេត្ត បានលើកឡើងពីកង្វល់នៃសកម្មភាពកាប់បំផ្លាញព្រៃសហគមន៍អនាធិបតេយ្យ ហើយគ្មានស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធណាជួយទប់ស្កាត់។
លោក ស្មឿន បូរីរ័ត្ន តំណាងសមាគមអភិវឌ្ឍន៍កុមារ បានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១១មក មានសហគមន៍ព្រៃឈើជាង ២៨០សហគមន៍ ក្នុងខេត្តចំនួន ១៨ បានចុះបញ្ជីផ្លូវការនៅក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
លោកបន្តថា បច្ចុប្បន្ននេះ តាមការសិក្សាស្ដីពីការគ្រប់គ្រងសហគមន៍ព្រៃឈើនៅតាមខេត្តមួយចំនួន ដែលគ្រប់គ្រងដោយសហគមន៍មូលដ្ឋាន គឺមានសហគមន៍តាមខេត្តខ្លះ មានព្រះវិហារ កំពង់ធំ ក្រចេះ ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ ជាដើម មានសកម្មភាពកាប់ទន្ទ្រានយកដីសហគមន៍ធ្វើកម្មសិទ្ធិ និងធ្វើអាជីវកម្មព្រៃឈើពីឈ្មួញមានអំណាចនៅក្នុងដែនសហគមន៍ព្រៃឈើទាំងនោះ។
ផ្ដើមពីបញ្ហានេះ លោកស្នើដល់រាជរដ្ឋាភិបាល ត្រូវជួយបង្កើនវិធានការទប់ស្កាត់ចំពោះរាល់សកម្មភាពទន្ទ្រានរានដីព្រៃសហគមន៍ឲ្យបានទាន់ពេល ព្រោះគណៈកម្មការគ្រប់គ្រងនៅតាមសហគមន៍ព្រៃឈើ ពុំមានអំណាចគ្រប់គ្រាន់ដើម្បីគ្រប់គ្រងសហគមន៍ព្រៃនៅតាមមូលដ្ឋានពួកគេទេ។
លោក សា ថ្លៃ តំណាងសហគមន៍មកពីខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅខេត្តនេះមានសហគមន៍ព្រៃឈើចំនួន ១៣ បានបង្កើតឡើងនៅឆ្នាំ២០០៤ ដោយមានផ្ទៃដីសរុបជិត ៦៥ម៉ឺនហិកតារ (៦៤.៣១៨)។ ប៉ុន្តែលោកថា និរន្តភាពព្រៃឈើ និងដីព្រៃសហគមន៍ទាំងនោះ កំពុងរងការបំផ្លាញតាមរយៈការផ្តល់ដីសម្បទានសេដ្ឋកិច្ច សង្គមកិច្ច ការទន្ទ្រានយកដីពីជនល្មើសនានា ការបោះទីតាំងកងទ័ព និងការបង្កើតភូមិអនាធិបតេយ្យនៅលើដីព្រៃសហគមន៍ជាដើម។
កត្តាប្រឈមទាំងនេះ លោក សា ថ្លៃ បានស្នើដល់រដ្ឋាភិបាល ជួយមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។ ដូចគ្នាដែរសម្រាប់លោក សន ស៊ីយ៉ាន តំណាងសហគមន៍ព្រៃឈើស្រុកស្នួល ខេត្តក្រចេះ និងតំណាងសហគមន៍ព្រៃឈើ ស្រុកគូលែន ខេត្តព្រះវិហារ អ្នកស្រី មាស រ៉េន ព្រមទាំងតំណាងសហគមន៍តាមខេត្តច្រើនទៀត ក៏បានលើកឡើងក្នុងសន្និសីទកាសែតដោយព្រួយបារម្ភចំពោះសកម្មភាពទន្ទ្រានកាប់រានយកដីព្រៃសហគមន៍ពីអ្នកមានអំណាច ឬជនអនាធិបតេយ្យនេះដែរ។
តំណាងសហគមន៍ព្រៃឈើទាំងនោះ បង្ហាញកង្វល់ថា បើរដ្ឋាភិបាលគ្មានការទប់ស្កាត់បទល្មើសព្រៃឈើឲ្យទាន់ពេលទេ ដីព្រៃសហគមន៍នឹងត្រូវហិនហោចនៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥នេះ។
ទាក់ទិនបញ្ហានេះ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ធ្លាប់បានឲ្យដឹងថា រដ្ឋាភិបាលស្វាគមន៍រាល់ឯកសារ ឬភស្តុតាងពិតប្រាកដនៃបទល្មើសផ្សេង មានព្រៃឈើ ឬទំនាស់ដីធ្លីជាដើម ដាក់ជូនមករដ្ឋាភិបាលពិនិត្យនិងមានវិធានការ ប៉ុន្តែស្នើឲ្យមានឯកសារពិតប្រាកដ។
បញ្ហានេះដែរ លោក ម៉ុក ម៉ារ៉េត ប្រធានគណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភានីតិកាលទី៥ កាលពីថ្ងៃទី២១ ខែមេសា បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ការបាត់បង់ផ្ទៃដីព្រៃឈើ គឺបណ្ដាលមកពីកំណើនប្រជាពលរដ្ឋមានចំនួនកើនឡើងពី ១អាណត្តិទៅ ១អាណត្តិ។ ជាងនេះរាជរដ្ឋាភិបាលក៏បានកាត់ផ្ទៃព្រៃ ឬដីសហគមន៍ខ្លះដើម្បីផ្តល់ជូនប្រជាពលរដ្ឋកាប់រុករានយកដីធ្វើកសិកម្មបង្កបង្កើនផល។
លោកថ្លែងថា រាជរដ្ឋាភិបាលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះការងារអភិរក្សព្រៃឈើនៅក្នុងប្រទេសកម្ពុជា មិនធ្វេសប្រហែសទេ៖ «តាំងពីផ្ទៃដីតំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃ រនាមដូនសំ ហើយទៅដល់កន្លែងមួយចំនួនទៀត ដែលយើងត្រូវដកពីតំបន់ការពារធម្មជាតិ ប្រគល់ជូនប្រជាពលរដ្ឋ ដើម្បីគាត់ធ្វើភូមិឋាន និងធ្វើស្រែចម្ការ បង្កបង្កើនផលសេដ្ឋកិច្ចរីកចំរើន។ ខ្ញុំចង់ជម្រាបអ៊ីចឹង អាហ្នឹងវាត្រូវបាត់ដីព្រៃហើយ។ ឥឡូវដីជិត ២លានហិកតារ កាលពីដើមសុទ្ធតែជាដីព្រៃ តែបងប្អូនប្រជាពលរដ្ឋទៅកាន់កាប់។ ចុះកំណើនប្រជាពលរដ្ឋដូចខ្ញុំបានជម្រាបអម្បាញ់មិញនោះ! អ៊ីចឹងហើយរាជរដ្ឋាភិបាលលោកស្វែងយល់ ឈ្លាសវៃណាស់ បានរៀបចំនយោបាយចាស់សកម្មភាពថ្មី ក៏បានវាស់ដីផ្ដល់ប្លង់ដីត្រឹមត្រូវជូនបងប្អូនទៅ។ អ៊ីចឹងត្រូវបាត់ដីព្រៃទៀតហើយ។ និយាយទៅកំណើនប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ចត្រូវការដីព្រៃទាំងអស់ហ្នឹង។ ខ្ញុំលើកខ្លីទេ ខ្ញុំមិនចង់លើកច្រើនទេ គឺវាត្រូវតែបាត់បង់ផ្ទៃដីព្រៃហើយ។ យើងអត់មានវិធីអីទេ ប្រជាពលរដ្ឋពីមុនជំនាន់ព្រះករុណា សម្ដេច នរោត្តម សីហនុ ចំនួនប្រជាជនកម្ពុជា ពី ៦ ទៅ ៧លាននាក់ តែឥឡូវ ១៤ ទៅ ១៥លាននាក់។ អ៊ីចឹងវាត្រូវសម្រុកទៅរកដីសម្រាប់បង្កបង្កើនផលហ្នឹងហើយ»។
កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៤ ធ្លាប់មានប្រសាសន៍ថា បើរាល់បទបញ្ជារបស់លោកដែលបានដាក់ចេញទាក់ទងការទប់ស្កាត់បទល្មើសផ្សេងៗ មានព្រៃឈើជាដើម ហើយបែរជាគ្មានអ្នកអនុវត្តតាម ឬក៏អនុវត្តមិនមានប្រសិទ្ធភាព លោកនឹងធ្វើឃាតដោយកាត់កខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។