តាមរយៈសេចក្ដីជូនដំណឹងចុះថ្ងៃទី៤ មីនា ហើយផ្សាយជាសាធារណៈនៅថ្ងៃទី៦ មីនា បញ្ជាក់ថា ស្ថាប័នរដ្ឋមួយនេះត្រូវការបុគ្គលិកជាជនពិការ ៣០នាក់ឲ្យបម្រើការងារក្នុងក្របខ័ណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។
ទីស្ដីការគណៈរដ្ឋមន្ត្រីជាស្ថាប័នរដ្ឋដំបូងបំផុតដែលចេញសេចក្ដីប្រកាសជ្រើសរើសបុគ្គលិកជាជនពិការចំនួន ៣០នាក់ឲ្យចូលបម្រើការងារជាមន្ត្រីរាជការ ខណៈដែលស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ភាគច្រើនមិនទាន់មានភាពក្លាហានក្នុងការយកជនពិការទៅបំពេញការងារនៅឡើយ។
មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការជ្រើសរើសបុគ្គលិកនេះ ជាការនាំមុខមួយដើម្បីឲ្យស្ថាប័នដទៃទៀតយកចិត្តទុកដាក់ចំពោះជនពិការ។ លោកបន្តថា កម្ពុជាមាននាយករដ្ឋមន្ត្រីជាជនពិការ រាជរដ្ឋាភិបាលក៏ធ្លាប់បានធ្វើការងារមួយចំនួនដើម្បីបម្រើប្រយោជន៍ជនពិការដែរ ដូចជាសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈជនពិការ ផ្តល់ដីសម្បទានសង្គមកិច្ច និងចេញអនុក្រឹត្យដែលអាចនាំឲ្យជនពិការមានការងារធ្វើទៀតផង។
ប៉ុន្តែលោក ផៃ ស៊ីផាន មិនទាន់បញ្ជាក់បានទេថា ទៅថ្ងៃមុខកម្ពុជា នឹងមានច្បាប់កម្រិតឲ្យក្រុមហ៊ុនឯកជន ឬស្ថាប័នទទួលជនពិការឲ្យធ្វើការ ឬយ៉ាងណានៅឡើយ៖ «ហ្នឹងជាការនាំមុខ ហើយជាការបង្ហាញសារជាផ្លូវការថា គេពិការមិនមែនពិការមិនអាចចូលរួមមកក្នុងសង្គមបានទេ។ ពិការភាពមែន តែជាចំណែកមួយធ្វើឲ្យមានការអភិវឌ្ឍសង្គម ដូចនេះយើងធ្វើការងារពីគោលការណ៍មកជាការអនុវត្តជាក់ស្ដែង»។
លោក ផៃ ស៊ីផាន បញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនបានចាប់អារម្មណ៍នឹងសេចក្ដីប្រកាសព័ត៌មាននេះ ហើយទំនងជាមានអ្នកប្រកួតប្រជែងច្រើនដើម្បីចូលបម្រើការងារនេះ។
សេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបង្ហាញថា បេក្ខជនបេក្ខនារីទាំងពីរភេទត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ហើយត្រូវមកសុំពាក្យប្រលងនៅនាយកដ្ឋានបុគ្គលិកនៃទីស្ដីការគណៈរដ្ឋមន្ត្រីឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣។ ចំពោះកាល បរិច្ឆេទថ្ងៃប្រលងមិនទាន់ជូនដំណឹងនៅឡើយ។
ការជ្រើសរើសជនពិការឲ្យចូលធ្វើការងារនេះ ក៏ក្លាយជាចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត (Internet) ដែរ។ ប្រជាពលរដ្ឋជាច្រើនចាត់ទុកថា នេះជាសញ្ញាល្អ និងវិជ្ជមានមួយសម្រាប់ជនពិការ។ តែពលរដ្ឋក៏ស្នើឲ្យការប្រលងមានភាពយុត្តិធម៌ និងមិនប្រកាន់បក្សពួក ឬពុករលួយនោះឡើយ។
ក្រៅពីអង្គការបម្រើការងារជនពិការ មិនធ្លាប់មានស្ថាប័នរដ្ឋ ឬឯកជនណាមួយប្រកាសរើសបុគ្គលិកជាជនពិការម្តងណាឡើយ។ រាជរដ្ឋាភិបាលធ្លាប់បានចេញអនុក្រឹត្យមួយដែលកំណត់ចំនួនជនពិការធ្វើការងារក្នុងស្ថាប័នរដ្ឋ យ៉ាងតិចបំផុត ២% នៃចំនួនបុគ្គលិកទាំងអស់ និងបុគ្គលិកជនពិការធ្វើការងារក្នុងសង្គមស៊ីវិល ឬក្រុមហ៊ុនឯកជនឲ្យបានយ៉ាងតិចបំផុត ១%។ បើមិនដូចនេះទេ ស្ថាប័នទាំងនោះនឹងតម្រូវឲ្យបង់ប្រាក់ចូលក្នុងមូលនិធិសម្រាប់ជនពិការដើម្បីយកទៅចាយវាយផ្សេងៗ និងបម្រើឲ្យការអភិវឌ្ឍជីវភាពរស់នៅរបស់ជនពិការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។