ការជន់លិចនេះ ត្រូវបានអ្នកភូមិទម្លាក់កំហុសថា ដោយសារតែក្រុមឈ្មួញម្នាក់បានជីករណ្ដៅទំហំ ១០ហិកតារដើម្បីយកអាចម៍ទៅលក់ ហើយពេលដែលរដូវវស្សាមកដល់ ទឹកភ្លៀងបានដកចូលទៅក្នុងរណ្ដៅនោះ និងបានបូមចេញពន្លិចផ្ទះអ្នកភូមិតែម្ដង។
តំណាងពលរដ្ឋ ១២២គ្រួសារ រស់នៅភូមិខ្វា សង្កាត់ដង្កោ បញ្ជាក់ថា ចៅសង្កាត់ និងអភិបាលខណ្ឌដង្កោ មិនទាន់ឆ្លើយតបណាមួយចំពោះសំណើសុំរបស់អ្នកភូមិដែលសុំឲ្យអាជ្ញាធរជួយយកម៉ាស៊ីនមកបូមទឹកដែលបានជន់លិចផ្ទះរបស់ពួកគាត់នៅឡើយទេ បើទោះបីជាអ្នកភូមិបានដាក់លិខិតជាបន្តបន្ទាប់ សុំឲ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក៏ដោយ។
តំណាងអ្នកភូមិខ្វា អ្នកស្រី ជា ថាវី ដែលបានផ្ដិតមេដៃស្នើសុំទៅអភិបាលខណ្ឌដង្កោ បញ្ជាក់ថា អ្នកភូមិ ១២២គ្រួសារ បានផ្ដិតមេដៃទៅចៅសង្កាត់ដង្កោ កាលពីសប្ដាហ៍មុន ហើយតំណាង ១៥នាក់ផ្សេងទៀត បានធ្វើលិខិតស្នើសុំបន្ទាន់មួយទៀតទៅអភិបាលខណ្ឌដង្កោ កាលពីថ្ងៃទី១ ខែកក្កដា ដើម្បីសុំឲ្យជួយរំដោះទឹកជំនន់ដែលបានជន់លិចផ្ទះអ្នកភូមិខ្វា។
តំណាងដដែលបញ្ជាក់ថា ទឹកបានជន់លិចផ្ទះអ្នកភូមិដែលរស់នៅជិតសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងរយៈពេល ៣សប្ដាហ៍មកហើយ ដោយផ្ទះអ្នកភូមិខ្លះលិចត្រឹមចង្កេះ និងផ្ទះអ្នកភូមិខ្លះទៀតលិចត្រឹមទ្រូង មិនអាចរស់នៅបាន និងបានបង្ខំចិត្តទៅជួលផ្ទះផ្សេងស្នាក់នៅបណ្ដោះអាសន្ន។ ប៉ុន្តែអាជ្ញាធរនៅមិនទាន់ដាក់កម្លាំងចុះមកជួយតាមការស្នើសុំនៅឡើយ៖ «វាពិបាក ព្រោះខ្លះគាត់យកលុយអង្គការធ្វើបន្ទប់ជួល ដល់អ៊ីចឹងគាត់អត់មានលុយបង់អង្គការ ហើយប្រជាជនខ្លះគាត់លិចគាត់គ្មានផ្ទះស្នាក់នៅ»។
មូលហេតុដែលនាំឲ្យជន់លិចនោះ ត្រូវបានតំណាងអ្នកភូមិបញ្ជាក់ថា ដោយសារតែតំបន់នោះមានរណ្ដៅធំមួយទំហំ ១០ហិកតារ ដែលមានជម្រៅពី ៥០ ទៅ ៦០ម៉ែត្រ ជាកម្មសិទ្ធិរបស់លោក ម៉ៅ សុផល បានជីកយកអាចម៍ដីលក់។ ទឹកភ្លៀងបានដកចូលក្នុងរណ្ដៅ ហើយបានបូមទឹកចេញ និងបានពន្លិចផ្ទះអ្នកភូមិតែម្ដង។ មួយវិញទៀត តំបន់នោះក៏ជាតំបន់រំដោះទឹកសំអុយចេញពីតំបន់ផ្សេងៗនៅក្នុងខណ្ឌដង្កោដែរ។
ប្រភពពីអ្នកភូមិ មានអ្នកភូមិ ៣ភូមិ គឺនៅភូមិខ្វា ភូមិសំបួរ និងភូមិម័រ ក្នុងសង្កាត់ដង្កោ កំពុងជន់លិចផ្ទះ និងទទូចសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍បន្ទាន់ដើម្បីរំដោះទឹកចេញពីតំបន់នោះ។
អ្នកភូមិខ្វា បញ្ជាក់ថា អភិបាលខណ្ឌដង្កោ លោក នុត ពុតដារ៉ា បានចុះទៅផ្ទះជួបអ្នកភូមិនៅថ្ងៃទី២ ខែកក្កដា បន្ទាប់ពីទទួលសំណើសុំរបស់អ្នកភូមិ។ ប៉ុន្តែមិនបានបញ្ជាក់ពីគម្រោងណាមួយក្នុងការជួយរំដោះទឹកដែលជន់លិចផ្ទះអ្នកភូមិនោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក នុត ពុតដារ៉ា បានទេនៅរសៀលថ្ងៃទី២ ខែកក្កដា ដោយលោកមិនលើកទូរស័ព្ទ។
ទោះយ៉ាងណា លោក ម៉ៅ សុផល ដែលជាម្ចាស់រណ្ដៅដី ដែលអ្នកភូមិចោទថា ជាដើមហេតុដែលធ្វើឲ្យជន់លិចផ្ទះអ្នកភូមិ បញ្ជាក់ថា លោកមានភារកិច្ចទទួលខុសត្រូវចំពោះការលិចផ្ទះអ្នកភូមិ ហើយលោកកំពុងសហការជាមួយអាជ្ញាធរដើម្បីជួយរំដោះទឹកចេញពីតំបន់នោះ។
លោក ម៉ៅ សុផល៖ «រណ្ដៅនេះមិនមែនទើបតែជីកទេ គឺជីកយូរហើយ គឺប្រជាជនទើបតែមកនៅក្រោយទេ ដល់អ៊ីចឹងពិបាក។ ប៉ុន្តែខាងខ្ញុំមានការរួមចំណែកដោះស្រាយជាមួយគាត់តែរហូតហ្នឹង ឥឡូវអាជ្ញាធរ និងខាងខ្ញុំមានគំនិតថា ចង់បូមទឹកចេញ តែខ្លាចបូមអត់ទាន់ ព្រោះលូវាធំៗហូរមក»។
ប្រភពអ្នកភូមិបញ្ជាក់ថា ប្រសិនបើអាជ្ញាធរមិនជួយរំដោះទឹកជន់របស់អ្នកភូមិទេនោះ អ្នកភូមិខ្លះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះមានអ្នកភូមិខ្លះស៊ូរស់នៅក្នុងផ្ទះដែលជន់លិច នៅគ្រាដែលបង្គោលអគ្គិសនីខ្លះហៀបនឹងដួលដោយអន្លើ ផ្ទះអ្នកភូមិខ្លះទៀតប្រឈមនឹងការបាក់ស្រុតចូលទៅក្នុងទឹក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។