សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​តាម​ចាប់​ជន​សង្ស័យ​ជួញ​ឈើ​គ្រញូង

ជន​សង្ស័យ​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញ​ដូរ​ឈើ​គ្រញូង ឆ្លង​កាត់​ព្រំដែន​ពី​ទឹកដី​ថៃ ចូល​មក​ប្រទេស​កម្ពុជា កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់​របស់​កង​កម្លាំង​មាន​សមត្ថកិច្ច។ អ្នក​រកស៊ី​ជួញ​ដូរ​ឈើ​ប្រណិត​ទាំង​នោះ ត្រូវ​គេ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សមត្ថកិច្ច​ការពារ​ព្រំដែន និង​ក្រុម​មន្ត្រី​យោធា។

0:00 / 0:00

តុលាការ​ខេត្ត​បន្ទាយមានជ័យ កំពុង​ស្រាវជ្រាវ​រក​ចាប់​ខ្លួន​មុខ​សញ្ញា​ជន​សង្ស័យ​ជាច្រើន​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញ​ដូរ​ឈើ​គ្រញូង ដឹក​ចេញ​ពី​តំបន់​ព្រំដែន​ខ្មែរ-ថៃ ឆ្លង​កាត់​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ដើម្បី​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀតណាម។

ព្រះរាជ​អាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី៣០ ខែ​មីនា ថា ការ​តាម​ចាប់​ខ្លួន​មុខ​សញ្ញា​ជន​សង្ស័យ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​សមត្ថកិច្ច​ចម្រុះ​បាន​បើក​ប្រតិបត្តិការ​ជា​ទ្រង់ទ្រាយ​ធំ ចាប់​បាន​ឈើ​គ្រញូង​ជាច្រើន​ដុំ និង​រថយន្ត​ជាច្រើន​គ្រឿង នៅ​ព្រំដែន​កម្ពុជា-ថៃ រួច​មក។ វត្ថុ​តាង​មាន​ឈើ​គ្រញូង និង​រថយន្ត បច្ចុប្បន្ន​កំពុង​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ។

លោក ផាន់ វណ្ណរ័ត្ន៖ «យើង​ទៅ​ដល់​ហ្នឹង​រត់​អស់​ហើយ ឥឡូវ​យើង​កំពុង​ស៊ើប​អង្កេត​តាម​ដេញ​តាម​ហ្នឹង​ទៀត។ តើ​ស្លាក​លេខ​ហ្នឹង ពិត​ប្រាកដ​ឬ​ក្លែង​ក្លាយ ខ្ញុំ​កំពុង​ពិនិត្យ​ទៀត។ យើង​ខ្លាច​តែ​ផ្លាក​លេខ​ហ្នឹង​ក្លែង​ក្លាយ។ បើ​អ៊ីចឹង យើង​អាច​រក​អត់​ឃើញ។ ឥឡូវ​កំពុង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ឈើ​គ្រញូង​ប្រហែល ៧​ម៉ែត្រគីប រថយន្ត ៤​គ្រឿង មាន​រថយន្ត​មួយ​ដឹក​អង្ករ​ជាមួយ​ឈើ និង​បី​គ្រឿង​ទៀត​ដឹក​ឈើ​សុទ្ធ»

កាល​ពី​យប់​ថ្ងៃ​ទី២៧ ខែ​មីនា កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹក​នាំ​ដោយ​លោក ផាន់ ភិរម្យ ជា​តំណាង​អយ្យកា​រង​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ទៅ​ឡោម​ព័ន្ធ​នៅ​ទីតាំង​ច្រក​របៀង​ខ្មែរ-ថៃ មួយ ដែល​គ្រប់គ្រង​ដោយ​យោធា​សឹក​រង​ស្រុក​ម៉ាឡៃ ស្ថិត​នៅ​ភូមិ​ភ្នំរូង ឃុំ​បឹងបេង ហើយ​រឹប​អូស​បាន​ឈើ​ជា​ក្ដារ​បន្ទះ និង​ឈើ​មូល​យ៉ាង​ច្រើន ហើយ​ឈើ​ទាំង​នោះ​ជា​ប្រភេទ​ឈើ​គ្រញូង។

ប្រភព​បាន​អះអាង​ថា កង​កម្លាំង​យោធា​សឹក​រង​ស្រុក​ម៉ាឡៃ បាន​ចេញ​មុខ​រេរាំ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ឈើ​គ្រញូង​នេះ ប៉ុន្តែ​ពួក​គេ​បាន​ដក​ថយ​វិញ ក្រោយ​ពី​ពើប​ប្រទះ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​ច្រើន​នាក់ ដែល​បាន​ចុះ​ទៅ​ឡោម​ព័ន្ធ​នៅ​ជុំវិញ​ទីតាំង​ស្តុក​ឈើ​នោះ។ ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ម៉ាឡៃ ឲ្យ​ដឹង​ថា ឈើ​គ្រញូង​ដែល​គេ​ស្តុក​ទុក​នៅ​អូរ​ព្រំដែន​នោះ គឺ​ចេញ​មក​ពី​ប្រទេស​ថៃ ពុំ​មែន​ឈើ​ដែល​គេ​កាប់​នៅ​ក្នុង​ទឹកដី​ខ្មែរ​នោះ​ទេ៖ «មាត់​ច្រក​ដី​ថៃ នៅ​អូរ​ព្រំដែន​តែ​ម្ដង ខាង​ទាហាន​ព្រំដែន ប៉ូលិស​ព្រំដែន ព្រោះ​ខាង​ហ្នឹង​សមត្ថកិច្ច​ហើយ រឿង​ចេញ​ចូល​រឿង​សមត្ថកិច្ច​អ្នកគ្រប់គ្រង​ឈើ ប្រហែល​ជា​មក​ពី​ថៃ ព្រោះ​ជាប់​ព្រំដែន​ចេញ​ចូល សមត្ថកិច្ច​ទាំង​សង​ខាង​នៅ​សង​ខាង​ដង​អូរ»

ប្រភព​បន្ត​ថា ក្រុម​ឈ្មួញ​ជា​អ្នក​ជួញ​ដូរ​ឈើ​ប្រណិត បាន​ប្រើប្រាស់​រូបភាព​ដោយ​យក​រថយន្ត​ដឹក​អង្ករ​ចេញ​ពី​ប្រទេស​វៀតណាម ចូល​ទៅ​ប្រទេស​ថៃ តាម​ច្រក​របៀង​ខ្មែរ-ថៃ មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា បន្ទាយ​ដើម​អម្ពិល ដែល​គ្រប់គ្រង​ដោយ​យោធា​សឹក​រង​ស្រុក​ម៉ាឡៃ។ ករណី​នេះ គេ​បាន​សន្និដ្ឋាន​ថា អង្ករ​ទាំង​នោះ គេ​ប្រើប្រាស់​ដើម្បី​បិទ​បាំង​នៅ​ផ្នែក​ខាង​ក្រៅ ហើយ​កប់​ឈើ​នៅ​ខាង​ក្នុង​រថយន្ត​ដើម្បី​ដឹក​ឈើ​នោះ​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។