នៅឆ្នាំ២០១៣ នេះ ប្រជាពលរដ្ឋខ្មែរដែលទៅស៊ីឈ្នួលធ្វើការឲ្យគេនៅប្រទេសថៃ បានវិលត្រឡប់មកស្រុកខ្មែរដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនោះ ត្រូវគេអះអាងថា មានចំនួនតិចជាងឆ្នាំ២០១២ កន្លងទៅ។ មូលហេតុដោយសារពួកគាត់ពុំសូវមានលុយកាក់ និងមានការលំបាកនៅពេលធ្វើដំណើរឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា មានប្រជាពលរដ្ឋខ្មែរជាច្រើននាក់នាំគ្នាវិលត្រឡប់ពីប្រទេសថៃ ដើម្បីមកជួបជុំជីដូនជីតា ឱពុកម្ដាយ និងក្រុមគ្រួសារនៅក្នុងខ្មែរវិញ។ អ្នកខ្លះបានធ្វើដំណើរឆ្លងកាត់តាមច្រកទ្វារអន្តរជាតិ និងតាមច្រករបៀងនៃខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ប៉ុន្តែការធ្វើមាតុភូមិនិវត្តន៍របស់ពលករខ្មែរទាំងនោះបានជួបបញ្ហាជាច្រើននៅតាមតំបន់ព្រំដែនខ្មែរ-ថៃ។
ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ជុំ ស្រី អាយុ ៤៣ឆ្នាំ ជាអ្នកស៊ីឈ្នួលអូសរទេះនៅផ្សារតាប់ព្រះយ៉ា (ថៃ) ស្នាក់នៅភូមិបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកស្រីកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរមួយចំនួនបាននាំគ្នាវិលត្រឡប់ពីប្រទេសថៃ មកស្រុកខ្មែរ ដើម្បីជួបជុំឪពុកម្ដាយបងប្អូនក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
លោកស្រីថា នៅតាមផ្លូវមានកងតម្រួតថៃ ជាច្រើននាក់ ឈរចាំនៅតាមផ្លូវជាច្រើនកន្លែង ចាំជំរិតទារលុយពីប្រប្រជាពលរដ្ឋខ្មែរ៖ «វាឈរកាក់មួយកន្លែង ១០០បាត ជួនកាលមួយកន្លែង ៥០០បាតក៏មានដែរ។ ថៃធ្វើបាបខ្មែរយើងណាស់! ដូចថា ខ្មែរយើងមកអ៊ីចឹង គ្នាមិនមានលុយ ក៏សុំថៃ តែថៃ ជេរ អាក្រក់ណាស់ យើងមិនមានលុយឲ្យគេ។ ខ្មែរយើងស៊ីឈ្នួលគេនៅបាងកក មួយថ្ងៃបានតែ ១០០បាតជាងទេ ជួនកាលអត់បានលុយទេ ថៅកែគេបោក គ្នារត់មកធ្វើម៉េចឲ្យបានមកដល់ស្រុកខ្មែរហ្នឹង បងអើយអ្នកខ្លះមកហ្នឹងអត់មានស្បែកជើងទេ ធ្វើម៉េចឲ្យបានមកដល់ផ្ទះជួបប្ដី ជួបប្រពន្ធ ជួបកូន»។
ប្រភពពីប្រជាពលរដ្ឋខ្មែររស់នៅក្រុងប៉ោយប៉ែត បានឲ្យដឹងដែរថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួនបានធ្វើដំណើរឆ្លងកាត់មកស្រុកខ្មែរវិញនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះដែរ។ ក្រៅពីនេះនៅមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួន និងដឹកបញ្ជូនតាមរថយន្តទ្រុងមកប្រគល់ឲ្យសមត្ថកិច្ចខ្មែរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដូចគ្នា។ ពួកគេទាំងនោះបានជួបការជំរិតទារលុយកាក់ពីសមត្ថកិច្ចខ្មែរ និងសមត្ថកិច្ចថៃ ដូចគ្នាដែរ។
ពលរដ្ឋនៅប៉ោយប៉ែត៖ «ពលករខ្មែរយើងដែលកាន់លិខិតឆ្លងដែនស្របច្បាប់មកពីបាងកក មកពីណាក៏ដោយ ទៅប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ត្រូវត្រឡប់មកតាមផ្លូវហ្នឹង ហើយប៉ូលិសចរាចរណ៍អស់ទាំងហ្នឹងបានដាក់បារាសបីបួនខណ្ឌ ដើម្បីកាក់ត្រួតពិនិត្យទៅឃើញមានលិខិតឆ្លងដែនស្របច្បាប់ ឬមិនស្របច្បាប់ក៏ទារលុយដែរ។ មានស្របច្បាប់ទារម្នាក់ ៤០០បាត លុយថៃ បើអត់មានលិខិតឆ្លងដែនវាយកច្រើនជាងហ្នឹងទៀត ៥០០ ទៅ ១.០០០បាត តម្រួតរបស់ថៃ យកចាប់តាំងពីអំឡុងមុនចូលឆ្នាំខ្មែរ ១០ថ្ងៃ អោយតែឃើញប្រជាពលរដ្ឋខ្មែរកាក់ហើយទារយកលុយតែម្ដង»។
ទន្ទឹមគ្នានេះ លោកបានរិះគន់ចំពោះស្ថានអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ ថា ពុំបានអើពើជួយដល់ប្រជាពលរដ្ឋខ្មែរខ្លួនឯងនោះទេ៖ «អង្គកុងស៊ុលខ្មែរដូចទីងមោងស៊ីប្រាក់ខែរាស្ត្រគ្មានដែលជួយប្រជាពលរដ្ឋអីទេ ហើយគេចាប់ ចាប់នៅផ្លូវមុខអគ្គកុងស៊ុលហ្នឹងឯង ជាមនុស្សរណបរបស់គេ គ្មានជួយប្រជារាស្ត្រខ្មែរដែលរងទុក្ខវេទនានៅក្នុងទឹកដីថៃនោះទេ នៅផ្លូវបត់ចូលអគ្គកុងស៊ុលខ្មែរហ្នឹងឯង ហើយគេដាក់បារាសចាំយកលុយនៅខាងមុខហ្នឹងឯង ហើយលោកអង្គកុងស៊ុលអង្គុយសប្បាយនៅក្នុងទឹកដីថៃ លើគំនរទុក្ខប្រជាពលរដ្ឋខ្មែរយើងហ្នឹង គ្មានដែលជួយខ្មែរទេ»។
សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត និងជាមន្ត្រីមកពីគណបក្ស សម រង្ស៊ី លោក មាន សារិទ្ធ។ លោកបានកត់សម្គាល់ថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០១៣ នេះ ប្រជាពលរដ្ឋខ្មែរដែលបានឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ អ្នកខ្លះពុំបានវិលត្រឡប់មកស្រុកខ្មែរ ដើម្បីជួបជុំបងប្អូនក្រុមគ្រួសារនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះទេ ដោយសារតែពួកគាត់ខ្លះពុំមានលុយកាក់ និងម្យ៉ាងទៀត ពួកគាត់ជួបការលំបាកនៅពេលធ្វើដំណើរឆ្លងដែនពីទឹកដីថៃ មកស្រុកខ្មែរ។
លោក មាន សារិទ្ធ៖ «បញ្ហាពលករចំណាកស្រុកនៅកៀកចូលឆ្នាំខ្មែរនេះ យើងឃើញថា សន្ទុះប្រជាពលរដ្ឋដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលចូលទៅប្រទេសថៃ ខុសគ្នាបន្តិចបន្តួច។ ឃើញប្រជាពលរដ្ឋចូលទៅប្រទេសថៃ ដូចជាសម្រុកចូលទៅចូលឆ្នាំនៅប្រទេសថៃ ទៅវិញ បានទាំងប្រាក់ខែ បានទាំងសប្បាយរីករាយនៅប្រទេសថៃ។ ខ្ញុំឃើញអ្នកប៉ោយប៉ែត ដូចទៅច្រើន ហើយអ្នកចេញមកក៏ចេញច្រើនដែរ ប៉ុន្តែគ្រាន់ថា គេយកលុយចេញតាមផ្លូវខុសច្បាប់ដែលយើងមិនមានប៉ាសស្ព័រ គឺធម្មតាប៉ូលិសនៅតាមព្រំដែនគេយកលុយមានមេខ្យល់អីផងទៅ គឺឲ្យលុយគេជាដំណាក់ៗ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំសេចក្ដីបញ្ជាក់ពីមន្ត្រីខ្មែរ-ថៃ ដែលកំពុងឈរជើងការពារនៅតាម ខ្សែក្រវាត់ព្រំដែនពីបញ្ហានេះបានទេ។ ប៉ុន្តែគេកត់សម្គាល់ឃើញថា នៅរាល់រដូវចូលឆ្នាំខ្មែរម្ដងៗមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ដែលទៅរកការងារធ្វើនៅប្រទេសថៃ តែងតែនាំគ្នាវិលត្រឡប់មកស្រុកខ្មែរវិញ ប៉ុន្តែពួកគាត់ត្រូវបានមន្ត្រីនៅតាមច្រកទ្វារ និងមន្ត្រីការពារព្រំដែនខ្មែរ និងថៃ ចាប់ជំរិតទារលុយពីពួកគាត់ជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៣ នេះ បញ្ហានេះនៅតែកើតមានបន្តទៀត ដោយគេពុំឃើញមានវិធានការទប់ស្កាត់ ឬហាមឃាត់ពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ។
ប្រជាពលរដ្ឋខ្មែរអំពាវនាវសុំឲ្យរាជរដ្ឋាភិបាលគួរចាត់វិធានការទប់ស្កាត់កុំឲ្យមានអាជ្ញាធរយកលុយកាក់ពីប្រជាពលករខ្មែរ និងជួយអន្តរាគមន៍ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគាត់បានចូលមកជួបជុំញាតិមិត្តនៅស្រុកខ្មែរឲ្យបានស្រួល និងអាចមានសល់ថវិកាមួយចំនួនយកទៅធ្វើបុណ្យទានជូនឪពុកម្ដាយ ជីដូនជីតាគាត់តាមបុណ្យប្រពៃណីវប្បធម៌របស់ខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។