តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង លោក រៀល ខេមរិន្ទ្រ រងការប្ដឹងទាក់ទងនឹងការកិបកេងលុយជាង ៥ម៉ឺន ៥ពាន់ដុល្លារ ក្នុងពេលចុះព្រំដែនកម្ពុជា-វៀតណាម ខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥។
លិខិតពីអង្គភាពប្រឆាំងអំពើពុករលួយ ឬហៅកាត់ថា អេ.ស៊ី.យូ (ACU) កាលពីថ្ងៃទី៣១ ខែកក្កដា ត្រូវបានគេចែកផ្សាយនៅថ្ងៃទី១១ សីហា។
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានស្នើឲ្យតំណាងរាស្ត្រគណបក្សប្រឆាំង ធ្វើលិខិតបកស្រាយជាលាយលក្ខណ៍អក្សរដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ ដើម្បីការពារខ្លួនចំពោះបណ្ដឹងចំនួន៣ ដែលគេប្ដឹងមកអង្គភាពនេះពីបទកេងប្រវ័ញ្ចប្រាក់ចំនួន ៥ម៉ឺន ៥ពាន់ដុល្លារអាមេរិក ពីការរៀបចំដំណើរការទៅព្រំដែនកម្ពុជា-វៀតណាម។
លិខិតចេញពីស្ថាប័នប្រឆាំងអំពើពុករលួយ នៃអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៣១ ខែកក្កដា ដែលគេទើបផ្សព្វផ្សាយនៅថ្ងៃទី១១ សីហា ដែលបានផ្ញើទៅអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង លោក រៀល ខេមរិន្ទ្រ ដោយជំរុញឲ្យបំភ្លឺចំពោះពាក្យបណ្ដឹងចំនួន៣ ដែលចោទថា លោកបានកេងប្រវ័ញ្ចយកប្រាក់សរុប ៥ម៉ឺន ៥ពាន់ដុល្លារ ដែលទទួលយកទៅរៀបចំដំណើរទៅមើលបង្គោលព្រំដែនកន្លងមក។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង មានប្រសាសន៍ថា អង្គភាពនឹងបន្តស្នើឲ្យ លោក រៀល ខេមរិន្ទ្រ ចាំបាច់ត្រូវបំភ្លឺចំពោះបញ្ហានេះ ហើយបង្ហាញឯកសារពាក់ព័ន្ធដើម្បីការពារចំពោះការប្ដឹងចោទ មុននឹងអង្គភាពប្រឆាំងអំពើពុករលួយបន្តនីតិវិធីរបស់ខ្លួន៖ «ធម្មតាគាត់ចាំបាច់គាត់ត្រូវតែបំភ្លឺហើយ មិនអ៊ីចឹងទេ មានន័យថា គាត់មានកំហុសតាមអ្វីដែលគេចោទប្រកាន់គាត់។ យើងឲ្យគាត់បំភ្លឺដើម្បីគាត់បកស្រាយថា តើគាត់មានស្អីដើម្បីនិយាយថាគាត់មានភស្តុតាងបញ្ជាក់ផ្ទុយ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបកស្រាយពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង លោក រៀល ខេមរិន្ទ្រ បានទេនៅថ្ងៃទី១១ សីហា ដោយលោកជាប់បេសកកម្មទៅសហរដ្ឋអាមេរិក។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បញ្ជាក់ថា សកម្មភាពដឹកនាំព្រះសង្ឃ សកម្មជន ប្រជាពលរដ្ឋទៅមើលបង្គោលព្រំដែនរបស់ លោក រៀល ខេមរិន្ទ្រ កន្លងមក គឺលោកបានរៃអង្គាសប្រាក់ពីអ្នកគាំទ្រ ដែលចង់ជួយដល់ដំណើរការកម្មវិធីចុះមើលព្រំដែន។ ហើយថា ថវិកានេះអ្នកតំណាងរាស្ត្របានគ្រប់គ្រងដោយខ្លួនឯង មិនមែនជាសកម្មភាពដែលរៀបចំដោយគណបក្សនោះទេ។ ប៉ុន្តែទោះជាយ៉ាងណា លោកយល់ថា ការទាមទារឲ្យ លោក រៀល ខេមរិន្ទ្រ បំភ្លឺបញ្ហានេះ គឺមិនត្រូវសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយនោះទេ៖ «រឿងនេះមិនមែនជារឿងអំពើពុករលួយទេ យើងមិនអាចចោទជារឿងពុករលួយទេ។ បើសិនជាថវិការបស់ជាតិ ជាថវិការបស់រដ្ឋ ហើយអ្នកហ្នឹងមានការកិបកេង ឬធ្វើអ្វីមួយដើម្បីផលប្រយោជន៍នរណាម្នាក់ទៀត ទើបបានជាអំពើពុករលួយ»។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បានដឹកនាំព្រះសង្ឃ សកម្មជនរបស់ខ្លួន ប្រជាពលរដ្ឋ និងយុវជន ទៅពិនិត្យមើលបង្គោលតម្រុយព្រំដែនកម្ពុជា-វៀតណាម នៅចំណុចស្រុកកោះធំ ខេត្តកណ្ដាល ខេត្តត្បូងឃ្មុំ ច្រកតន់ហន់ ខេត្តកំពត និងព្រំដែនខេត្តស្វាយរៀង ជាដើម។
កន្លងមក ការដឹកនាំកម្លាំងចុះមើលព្រំដែននេះ ច្រើនមានការរារាំងពីអាជ្ញាធរ មានការប៉ះទង្គិចជាពាក្យសម្ដី និងប៉ះប្រយុទ្ធគ្នាជាមួយប្រជាជន និងទាហានវៀតណាម បង្ករងរបួស ហើយឈានដល់ការចាប់ខ្លួនមនុស្សទៀតផង។ បញ្ហានេះ រដ្ឋាភិបាលវៀតណាម បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់កុំឲ្យមានការចុះទៅតំបន់ព្រំដែន និងបង្កហិង្សា។
បន្ទាប់មក រដ្ឋាភិបាលកម្ពុជា-វៀតណាម បានបង្កើតគណៈកម្មការស៊ើបអង្កេតមួយ ដើម្បីចុះពិនិត្យព្រឹត្តិការណ៍ដែលបានកើតឡើងនៅតំបន់ព្រំដែន ហើយពួកគេប្ដេជ្ញាថា នឹងព្យាយាមទប់ស្កាត់កុំឲ្យកើតឡើងជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។