ពលករ​ខ្មែរ​សម្រុក​ទៅ​ធ្វើការ​នៅ​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត

0:00 / 0:00

ពលករ​ខ្មែរ​មក​ពី​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​រាប់​ពាន់​នាក់ ​នាំគ្នា​សម្រុក​ត្រឡប់​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជា​បន្តបន្ទាប់​ គឺ​បន្ទាប់ពី​ពួកគេ​បាន​មក​​លេង​បុណ្យ​​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ឯ​ស្រុក​កំណើត​មក។ សមត្ថកិច្ច​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បញ្ជាក់​ថា​ ពលករ​​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​​នេះ​​ មាន​ចំនួន​ច្រើន​ប្រហាក់​ប្រហែល​​នឹង​ពេល​​​វិល​ត្រឡប់​នៅ​ថ្ងៃ​បុណ្យ​សំខាន់ៗ​របស់​ជាតិ​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

​​​​​​ចាប់​តាំង​ពី​ចប់​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ថ្ងៃ​ទី​១៧ មេសា មក គឺ​នៅ​​ម៉ោង​ប្រមាណ ៦​ព្រឹក​រហូត​ដល់​​​​​រសៀល​​ នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ ចាប់​ពី​មុខ​វត្ត​ប៉ាលេលេយ្យ ក្រុង​ប៉ោយប៉ែត រហូត​ដល់​ច្រក​ទ្វារ​អន្តរជាតិ​​ គេ​សង្កេត​ឃើញ​មាន​​​ពលករ​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី​រាប់ពាន់​នាក់​​ ខ្លះ​អង្គុយ​ខ្លះ​ដើរ​ជា​ក្រុមៗ ដោយ​មាន​បង្វេច​​កាបូប​​ខោអាវ​សំពីងសំពោង​​ស្ទើរ​ពាស​ពេញ​ផ្លូវ​ ដើម្បី​ត្រៀម​ទៅ​​បំពេញ​បែប​បទ​​ចូល​ទៅ​ប្រទេស​ថៃ រៀងៗ​ខ្លួន។

ក្រុម​ពលករ​ខ្មែរ​​មក​ពី​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ថ្លែង​ប្រាប់​ខណៈ​អង្គុយ​ចាំ​គ្នា​​តាម​ដង​ផ្លូវ​នៅ​ក្បែរ​​រង្វង់​មូល​ក្រុង​​ប៉ោយប៉ែត ឲ្យ​ដឹង​ថា ពួកគេ​មាន​គ្នា ១៩​នាក់​ត្រៀម​ទៅ​បំពេញ​បែបបទ​ចេញ​ទៅ​ធ្វើ​ការ​ជា​កម្មករ​​ដាំ​ដើម​ឈើ​នៅ​ខេត្ត​ប្រាចិនបូរី ប្រទេស​ថៃ ដោយ​ទទួល​ប្រាក់​ឈ្នួល​ម្នាក់ ៣០០​បាត ឬ​ប្រមាណ ៣​ម៉ឺន ៧​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ។ ពួកគេ​ថ្លែង​បន្ត​ថា ហេតុ​ដែល​នាំ​គ្នា​​ទៅ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​សារ​នៅ​ស្រុក​ខ្មែរ​គ្មាន​​ការងារ​ធ្វើ​ ហើយ​ម្យ៉ាង​ធ្វើ​ស្រែ​ចម្ការ​នៅ​ឯ​ស្រុក​កំណើត​មិន​អាច​មាន​ប្រាក់​គ្រប់គ្រាន់​ដោះស្រាយ​ផ្គត់ផ្គង់​ជីវភាព​បាន៖ «ពី​ផ្សារ​រោង​ខ្លឿ​ជាប់​ជាយដែន​ខ្មែរ​​នេះ​ទៅ​ប្រហែល​ជាង​មួយ​ម៉ោង​ដល់​កន្លែង​ធ្វើ​ការ​របស់​ខ្ញុំ​ហើយ។ថ្លៃ​​ធ្វើ​ដំណើរ​តាំង​ពី​ផ្ទះ​រហូត​ដល់​កន្លែង​ការងារ និង​ថ្លៃ​ឯកសារ​អស់​ប្រមាណ ១៦០០​បាត​ថៃ។ ខ្ញុំ​ទៅ​ថៃ ២​នាក់​កូន​ ហើយ​អង្គុយ​ចាំ​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​ប្រមាណ ២​ម៉ោង​ហើយ»

ស្រដៀង​គ្នា​នេះ​ដែរ​​ ​ពលករ​ខ្មែរ​មក​ខេត្ត​កំពង់ស្ពឺ មួយ​ក្រុម​ទៀត​ថ្លែង​ថា ពួក​គេ​មាន​គ្នា​ចំនួន​ជាង ១០​នាក់​ធ្វើ​ដំណើរ​មក​ពី​​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ស្ពឺ តាំង​ពី​ថ្ងៃ​ទី​១៧ មេសា ដើម្បី​​​​ត្រៀម​ចេញ​ទៅ​​ធ្វើ​ការ​ជា​កម្មករ​រោងចក្រ​ទឹកកក​នៅ​ស្រះកែវ ​ប្រទេស​ថៃ។ ពួកគេ​បន្ត​ថា មិន​ចង់​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​ទេ​ ប៉ុន្តែ​ដោយ​សារ​នៅ​ស្រុក​កំណើត​គ្មាន​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត និង​ក្រុម​គ្រួសារ​ក៏​សម្រេច​ចិត្ត​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ស្រុក​គេ​​ទាំង​ប្រថុយប្រថាន៖ «ខ្ញុំ​ទើប​តែ​មក​ធ្វើ​ប័ណ្ណ​ឆ្លង​ដែន​ទេ​ ទាល់​ពេល​រសៀល​ថ្ងៃ​ស្អែក​បាន​ចេញ​ទៅ​ប្រទេស​ថៃ។ ខ្ញុំ (ទៅ) ប្រទេស​ថៃ លើក​នេះ​បើ​កាក់កប​ខ្ញុំ​នឹង​បន្ត​ធ្វើ​ការ​នៅ​ទី​នោះ​មួយ​រយៈ តែ​បើ​រក​ប្រាក់​មិន​បាន​ទេ​ ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ក្នុង​ពេល​ឆាប់ៗ»

ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ នាយ​ប៉ុស្តិ៍​នគរបាល​​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក ស៊ឹម សំអាត មាន​ប្រសាសន៍​បញ្ជាក់​ថា​ ​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ​​តាម​ច្រកទ្វារ​អន្តជាតិ​ប៉ោយប៉ែត មក​ពី​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​ ហើយ​ភាគ​ច្រើន​​ទៅ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់។ លោក​បន្ត​ថា​ ពលករ​ចាប់​​ផ្ដើម​សម្រុក​ទៅ​ប្រទេស​ថៃ ខ្លាំង​ប្រមាណ ១​សប្ដាហ៍​ គឺ​បន្ទាប់​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រួច ​​​ក្នុង​នោះ​ថ្ងៃ​ណា​ដែល​ពលករ​ចេញ​ទៅ​ប្រទេស​ថៃ ច្រើន​​​មាន​ចំនួន​ប្រមាណ ២​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។ យ៉ាង​នេះ​ក្ដី​លោក​ថា​ ចំនួន​ពលករ​ដែល​​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្នុង​ឱកាស​បុណ្យ​សំខាន់​របស់​ជាតិ​ឆ្នាំ​នេះ មាន​ចំនួន​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុនៗ៖ «អ្នក​ខ្លះ​គាត់​មក​ដល់​ប៉ោយប៉ែត តាំង​ពី​ម៉ោង ១២​យប់​ ដោយ​ពួក​គាត់​សម្រាក​នៅ​ផ្ទះសំណាក់ និង​ផ្ទះ​បងប្អូន​ក្បែរ​នោះ​ដើម្បី​រង់​ចាំ​ចេញ​ទៅ​ប្រទេស​ថៃ។ ក្នុង​នោះ​ពលករ​ដែល​មក​ដល់​ច្រក​ទ្វារ​ច្រើន​នៅ​ចន្លោះ​ពី ៧​ រហូត​ដល់ ១០​ព្រឹក។ ចំណែក​ច្រក​វិញ​យើង​បើក​ទ្វារ​ធ្វើ​ការ​តាំង​ពី​ម៉ោង ៦​ព្រឹក​រហូត​ដល់ ១០​យប់​បាន​បិទ​ច្រក»

ទោះ​យ៉ាង​នេះ​ក្ដី​អ្នក​ស្រាវជ្រាវ​សង្គម​លោក​បណ្ឌិត​ កែម ឡី មាន​ប្រសាសន៍​បញ្ជាក់​ថា ពលករ​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​​ប្រទេស​ថៃ​នេះ ដោយ​សារ​ពួក​គេ​ពុំ​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ ម្យ៉ាង​វិញ​ទៀត តម្លៃ​ប្រាក់​ឈ្នួល​កម្មករ​​ក្នុង​ស្រុក​ទាប​ជាង​នៅ​ប្រទេស​ថៃ​ ហើយ​ជីវភាព​ជួប​ការ​ខ្វះខាត​នៅ​ក្នុង​បន្ទុក​គ្រួសារ​ បញ្ហា​ទាំង​នេះ​ហើយ​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​ពួកគេ​ចេញ​ទៅ​ស្វែង​រក​ការងារ​នៅ​ក្រៅ​ប្រទេស។

ទោះ​យ៉ាង​នេះ​ក្ដី​លោក​ថា បញ្ហា​ទាំង​នេះ​ រដ្ឋាភិបាល​អាច​ដោះ​ស្រាយ​បាន​ ប្រើ​សិន​រដ្ឋាភិបាល​បង្វែរ​ការ​​អភិវឌ្ឍ​​​ពី​ទីប្រជុំជន​ទៅ​ជនបទ​ឲ្យ​បាន​ច្រើន​ ហើយ​​ពង្រីក​ផ្នែក​កសិឧស្សាហកម្ម​​នៅ​តាម​ជាយដែន និង​ផ្ដល់​ប្រាក់ខែ​អប្បបរិមាណ​កម្មករ​ឲ្យ​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន ឬ​ឲ្យ​ប្រហាក់ប្រហែល​ប្រទេស​ជិត​ខាង​ជា​ដើម៖ «ដោយ​តែ​យើង​ពុំ​មាន​ការ​អភិវឌ្ឍ​តំបន់​ជនបទ និង​ពុំ​មាន​គោលនយោបាយ​អភិវឌ្ឍន៍​សម្រាប់​ជន​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ជម្រើស​កាន់​តែ​ច្រើន​ឡើង។ បញ្ហា​នេះ​​ប្រសិន​បើ​រដ្ឋាភិបាល​ពុំ​មាន​យុទ្ធសាស្ត្រ​អ្វី​ទប់ស្កាត់​ទេ​ នោះ​កំណើន​ពលករ​ចំណាក​ស្រុក​នឹង​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត»

​​​​​​​​​​​សមត្ថកិច្ច​ច្រក​ប្រចាំ​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត រំពឹង​ថា ចំនួន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ​​ហើយ​​ធ្វើ​ដំណើរ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​​ ក្រោយ​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​ រហូត​ដល់​ចុង​ខែ​​មេសា ឆ្នាំ​២០១៥ អាច​មាន​​​ចំនួន​ប្រមាណ ២​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។