ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​លេវ៉ាយ​ស្ត្រស​បន្ថយ​ទិញ​ផលិតផល​កាត់​ដេរ​ពី​កម្ពុជា

ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់ លេវ៉ាយ ស្ត្រស (Levi Strauss) ប្រកាស​បន្ថយ​ការ​បញ្ជា​ទិញ​ផលិតផល​កាត់​ដេរ​ពី​រោងចក្រ​នានា​នៅ​កម្ពុជា បន្ទាប់​ពី​មាន​សកម្មភាព​បង្ក្រាប​ហិង្សា​របស់​អាជ្ញាធរ​កម្ពុជា ទៅ​លើ​ក្រុម​កម្មករ​កម្មការិនី ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។

ប្រភព​ព័ត៌មាន Frontiers ដែល​បាន​ដក​ស្រង់​ប្រសាសន៍​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀកបំពាក់ លេវ៉ាយ ស្ត្រស អ្នកស្រី អេមប៊័រ ម៉ាក់កាស់លែន (Amber McCasland) ឲ្យ​ដឹង​ថា ប្រការ​ដែល​ក្រុមហ៊ុន​អ្នកស្រី​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​សម្លៀកបំពាក់​ពី​កម្ពុជា នេះ គឺ​ចង់​ឲ្យ​មាន​ការ​ធានា​សុវត្ថិភាព និង​ស្ថិរភាព​របស់​កម្មករ​រោងចក្រ ជាពិសេស​គឺ​គាំទ្រ​ចំពោះ​កិច្ច​ប្រជុំ​ពិភាក្សា​កាល​ពី​ពេល​ថ្មីៗ​នេះ រវាង​ភាគី​រដ្ឋាភិបាល​កម្ពុជា ក្រុម​អ្នក​បញ្ជា​ទិញ​ម៉ាក​ល្បីៗ​នៅ​លើ​ពិភពលោក និង​សហជីព​អន្តរជាតិ ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ ប្រកាស​អំពី​ប្រាក់​ខែ​អប្បបរមា​ថ្មី​របស់​កម្មករ​ឲ្យ​បាន​ឆាប់ៗ​ខាង​មុខ​នេះ។

ក្រុម​អ្នក​បញ្ជា​ទិញ និង​សហជីព​អន្តរជាតិ ព្រមាន​ថា កម្ពុជា អាច​នឹង​មាន​ផល​អាក្រក់​នៅ​ពេល​ខាង​មុខ ប្រសិន​បើ​ការ​គាប​សង្កត់​កម្មករ ការ​ចាប់​កម្មករ​ឃុំ​នៅ​តែ​បន្ត​កើត​មាន ហើយ​មិន​ព្រម​ដោះស្រាយ​ដូច​ពេល​បច្ចុប្បន្ន។ ចំណែក​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​បាន​ទទួល​ស្គាល់​ថា គិត​ចាប់​ពី​មាន​បញ្ហា​ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយ នៅ​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ កម្ពុជា បាន​ខាត​បង់​ការ​នាំ​ចេញ​លើ​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​នេះ​ចំនួន​ទឹក​ប្រាក់​ជាង ៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។