វិវាទ​និស្សិត​ពេទ្យ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ​នៅ​មិន​ទាន់​បាន​​ដោះស្រាយ

0:00 / 0:00

និស្សិត​ពេទ្យ​ប្រមាណ​៣០​នាក់ នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ តវ៉ា​ជាថ្មី​ម្តង​ទៀត​នៅមុខ​សាលា ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា។ ពួកគេ​ទាំងនោះ​ទាមទារ​ឲ្យ​ខាង​សាលា គោរព​តាម​កិច្ចសន្យា ដោយ​ឲ្យ​ពួកគេ​ចុះ​កម្មសិក្សា អនុវត្ត​ទ្រឹស្ដី​ដែល​ពួកគេ​បាន​រៀន។ ប៉ុន្តែ​អ្នក​គ្រប់គ្រង​សាលា​បញ្ជាក់​ថា ការ​យឺតយ៉ាវ​ចុះ​កម្មសិក្សា​នោះ មិន​មែន​ជា​កំហុស​របស់​សាលា​ឡើយ ព្រោះ​ក្រសួង​ពាក់ព័ន្ធ នៅ​មិនទាន់​ចេញ​លិខិតអនុញ្ញាត ឲ្យ​ពួកគេ​ចុះ​កម្មសិក្សា​នៅឡើយ។

ជំនួប​ចរចា​គ្នា រវាង​ភាគី​សាលា​និង​និស្សិត​ពេទ្យ នៅ​មិនទាន់​ត្រូវរ៉ូវ​គ្នា​នៅឡើយ បើ​ទោះ​បី មាន​ការ​ជួយ​សម្របសម្រួល ពី​មន្ត្រី​តំណាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អាជ្ញាធរ មូលដ្ឋាន។

ភាគី​ជម្លោះ​ទាំងពីរ ជួប​ចរចា​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា បន្ទាប់ពី​និស្សិត​ពេទ្យ មិន​ចូលរៀន ហើយ​ឈរ​លើក​ប៉ា​ដា​តវ៉ា​នៅមុខ​សាលា ដើម្បី​ទាមទារ​លក្ខខណ្ឌ​៣​ចំណុច។

លក្ខខណ្ឌ​ទាំងនោះ​រួមមាន ឲ្យ​ខាង​សាលា​ធ្វើតាម​សន្យា​ជាមួយ​ពួកគេ ដោយ​ត្រូវ​ឲ្យ​សិស្ស​ចុះ​កម្មសិក្សា ឬ​ចុះ​ស្តា​តាម​មន្ទីរពេទ្យ​នានា។ ការ​បង់​លុយ​៦០​ដុល្លារ​ទៅ​ឲ្យ​សាលា ដើម្បី​អាច​ចុះ​ស្តារ នៅ​តាម​មន្ទីរពេទ្យ និង​បង្កើន​គុណភាព​និង​ពេលវេលា​សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ។

និស្សិត​រៀន​ឆ្នាំ​ទី​៣ ផ្នែក​វេជ្ជសាស្ត្រ​យុវជន ថន រដ្ឋា ដែល​ជា​តំណាង​ក្រុម​និស្សិត​តវ៉ា បញ្ជាក់​ថា ពួកគេ​មានការ​សង្ស័យ​ថា វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ នោះ​មិន​ស្របច្បាប់ ឬ​គ្មាន​ការអនុញ្ញាត ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល ទើប​ខាង​ក្រសួង មិន​ព្រម​ទម្លាក់​ឈ្មោះ ឲ្យ​ពួកគេ​ចុះទៅ​ធ្វើ​កម្មសិក្សា នៅ​តាម​មន្ទីរពេទ្យ​នានា៖ «ពួក​យើង​មិន​ចូលរៀន​ដាច់ខាត លុះ​មាន​ដំណោះស្រាយ​ប្រឡង​ធ្វើ​អី​បើ​សិន​បើ​ប្រឡង​នឹង​ស្រង់​ឈ្មោះ​សិស្ស​អវត្តមាន គាប​យក​លុយ​ពុករលួយ​ទៀត អញ្ចឹង​យើង​មិនទាន់​ធ្វើ​អាណឹង​ទេ គឺ​យើង​ឲ្យ​មាន​ដំណោះស្រាយ​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ក្រសួងសុខាភិបាល​សិន​បាន​យើង​ចូលរៀន​ទៅវិញ​ដើម្បី​ឲ្យ​ដឹង​ថា​សាលា​ស្របច្បាប់​ឬ​អត់​ស្របច្បាប់ បើ​សាលា​អត់​ស្របច្បាប់​ចេះតែ​រៀន​ទៀត​ពួក​យើង​មានន័យ​អី​ប្រឡង​បាន​ន័យ​អី អញ្ចឹង​ពេលវេលា​យើង​មក​សិក្សា​នឹង​កាន់​តែ​ច្រើនៗ អញ្ចឹង​បាន​ប្រយោជន៍​អី»។

និស្សិត​ពេទ្យ​ប្រមាណ​៣០​នាក់ ដែល​រៀន​ផ្នែក​បរិញ្ញាបត្រ​រង​គិលានុបដ្ឋាក តាំងពី​ឆ្នាំ​ទី​១ រហូត ដល់​ឆ្នាំ​ទី​៣​ហើយ មិន​ទាន់​បាន​ចុះ​ស្តារ​នៅ​តាម​មន្ទីរពេទ្យ ដោយ​ខាង​សាលា​ចេះតែ​ដោះ​សារ ពន្យា​ពេល​រហូត ទើប​ពួកគេ​សង្ស័យ​ពី​ការ​គ្មាន​អាជ្ញាប័ណ្ណ​របស់​សាលា​នោះ។

យោង​តាម​លិខិត​របស់​ក្រសួងសុខាភិបាល ចុះហត្ថលេខា​ដោយ​លោក ធា គ្រុយ ជា​រដ្ឋលេខាធិកា ក្រសួង​ដែល​ភ្ជួរ​ជាប់​នឹង​ជញ្ជាំង​សាលា បង្ហាញ​ថា​ក្រសួង​បាន​អនុញ្ញាត​ឲ្យ វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ​បើក​បណ្ដុះបណ្ដាល ថ្នាក់​បរិញ្ញាបត្ររង​គិលានុបដ្ឋាក​ចាប់ពី​ឆ្នាំ​សិក្សា​២០១៣-២០១៤ តទៅ។ តែ​បើ​តាម​ការ​អះអាង​របស់​ក្រុម​និស្សិត ពួកគេ​បាន​ចូលរៀន​ជំនាញ​នេះ តាំងពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១២ គឺ​មុន​ពេល​ដែល ក្រសួងសុខាភិបាល​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​សាលា​នេះ​ទៅទៀត។ ជាក់ស្ដែង​គិត​ត្រឹម​ចុង​ឆ្នាំ​២០១៤ នេះ ពួកគេ​បាន​រៀន​ឆ្នាំ​ទី​៣​ទៅ​ហើយ។

ជុំវិញ​បញ្ហា​នេះ នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ លោក ហាក់ ចាន់នី មិនបាន​ពន្យល់​ពី​មូលហេតុ​ដែល​សិស្ស​ចូលរៀន​មុន​មាន​អាជ្ញាប័ណ្ណ​នោះ​ទេ។

តែ​លោក​បញ្ជាក់​ថា ការ​យឺតយ៉ាវ​ឲ្យ​សិស្ស​ចុះ​ស្តារ​នោះ មិន​មែនជា​កំហុស​របស់​សាលា​ឡើយ តែ​ក្រសួង​ពាក់ព័ន្ធ នៅ​មិនទាន់​ចេញ​លិខិតអនុញ្ញាត ឲ្យ​ពួកគេ​ចុះ​កម្មសិក្សា​នៅឡើយ៖ «យើង​ចង់តែ​បញ្ជូន​ទៅ​ទេ​សាលា ប្រឹង​ណាស់​ចង់​ឲ្យ​តែ​លឿន​ព្រោះ​ដើម្បី​អី ព្រោះ​សាលា​ឯកជន​មិនមែន​សាលា​រដ្ឋ​ទេ។ សាលា​ឯកជន​ប្រឹង​ធ្វើ​ម៉េច​ឲ្យ​បាន​សិស្ស​មក​រៀន​ច្រើន ចេញ​ស្តារ​មានការ​ងារ​ធ្វើ​បាន​សិស្ស​ល្បី​កើត បើសិនជា​សាលា​នៅតែ​រកេតរកូត​អញ្ចឹង​អ្នក​ចូលរៀន​ថ្មី​មាន​នរណា​ចូលរៀន»។

ក្រុម​និស្សិត​ពេទ្យ​ទាំងនោះ អះអាង​ថា​ពួកគេ​នឹង​តវ៉ា​រហូតដល់​មាន​ដំណោះស្រាយ និង​ស្នើសុំ​ឲ្យ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ចុះ​ស៊ើបអង្កេត​ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន នៅ​ក្នុង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។