បុគ្គលិក​អឹមហ្វូន​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​និង​អតីត​ភាព

បុគ្គលិក​ក្រុមហ៊ុន​អឹមហ្វូន (Mfone) ជាង ២០០​នាក់ ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់ និង​ប្រាក់​អតីត​ភាព​ការងារ។ កូដកម្ម​នេះ​ផ្ទុះ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​អឹមហ្វូន សម្រេច​ប្រកាស​ក្ស័យ​ធន​កាល​ពី​ដើម​ខែ​មករា ហើយ​ព្យួរ​ការងារ​បុគ្គលិក​ទាំងអស់ ដោយ​ផ្តល់​ប្រាក់​កម្រៃ​ពី ១០% ទៅ ២០% ប្រចាំ​ខែ ធ្វើ​ឲ្យ​បុគ្គលិក​ទាំងអស់​ខ្វះខាត​លុយ​កាក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ដើម្បី​មាន​ពេល​វេលា​ស្វែង​រក​ការងារ​ផ្សេង​ធ្វើ​ទៀត។

0:00 / 0:00

បុគ្គលិក​ក្រុមហ៊ុន​អឹមហ្វូន ជាង ២០០​នាក់ តំណាង​ឲ្យ​បុគ្គលិក​ជាង ១​ពាន់​នាក់ នៅ​ថ្ងៃ​ទី១៧ មីនា លើក​បដា​ស្រែក​ទាមទារ និង​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​ថៅកែ​ផ្តល់​ប្រាក់​បំណាច់ និង​ប្រាក់​អតីត​ភាព​ការងារ​ជូន​កម្មករ​ឲ្យ​បាន​ឆាប់​រហ័ស។

អតីត​នាយក​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ និង​ជា​តំណាង​បុគ្គលិក​ក្រុមហ៊ុន​អឹមហ្វូន លោក ផាន់ ឌឿន មាន​ប្រសាសន៍​ថា បុគ្គលិក​ទាំងអស់​មាន​បំណង​ស្នើ​ឲ្យ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្តល់​សំណង​ដល់​ពួក​គេ ផ្អែក​លើ​ច្បាប់​ការងារ។ លោក​បន្ត​ថា តាំង​ពី​ក្រុមហ៊ុន​សម្រេច​ព្យួរ​ការងារ​បុគ្គលិក​រួច​មក បុគ្គលិក​ទាំង​នេះ​មាន​ការ​លំបាក​ខ្លាំង​ផ្នែក​ជីវភាព ដោយសារ​ត្រូវ​បង់​ថ្លៃ​ផ្ទះ ថ្លៃ​ទឹក​ភ្លើង និង​សោហ៊ុយ​ចំណាយ​ស្វែង​រក​ការងារ​ធ្វើ​បន្ត​ទៀត​ផង។

លោក​បញ្ជាក់​ថា បុគ្គលិក​ក្រុមហ៊ុន​ទាំងអស់​នឹង​បន្ត​ធ្វើ​កូដកម្ម​ទៀត ដរាប​ណា​មាន​ដំណោះស្រាយ៖ «មិន​អាច​រង់ចាំ​នីតិវិធី​ដែល​ពួក​គាត់​ធ្វើ​ទេ យើង​រង់ចាំ​ឲ្យ​យូរ​បំផុត​នៅ​ថ្ងៃ​ទី២៨ មីនា យើង​ត្រូវ​ការ​ជីវភាព​រស់នៅ សុំ​ឲ្យ​មាន​អន្តរាគមន៍។ អីចឹង​អ្វី​ដែល​គាត់​ចេះ​តែ​ពន្យារ​ពេល​ហ្នឹង សុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​សំណាក់​ស្ថានទូត​ថៃ ក៏ដោយ សិង្ហបុរី ក៏ដោយ ដើម្បី​ពន្លឿន​ឲ្យ​មាន​សំណង»

លោក ផាន់ ឌឿន បន្ត​ថា បុគ្គលិក​ទាំងអស់​ស្នើ​ឲ្យ​ក្រុមហ៊ុន​រំសាយ​បុគ្គលិក​ឲ្យ​បាន​ឆាប់ ដើម្បី​ទូទាត់​សំណង​ជា​ប្រាក់​អតីត​ភាព​ការងារ និង​ប្រាក់​បំណាច់​ផ្សេងៗ​ទៀត ជូន​កម្មករ​និយោជិត។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ លោក អន សាខន ឲ្យ​ដឹង​ថា ភាគី​សហជីព​បាន​អន្តរាគមន៍​ដាក់​លិខិត​ទៅ​ក្រសួង​សង្គម​កិច្ច​រួច​ហើយ ដើម្បី​ស្នើ​ឲ្យ​មាន​កិច្ច​ចរចា​ផ្តល់​សំណង​ជូន​បុគ្គលិក​កម្មករ។ លោក​បន្ត​ថា តាម​ច្បាប់​ស្ដីពី​ការងារ ក្រុមហ៊ុន​មាន​តួនាទី​ចេញ​សំណង​ឲ្យ​កម្មករ​លើ​ករណី​មួយ​ចំនួន ដូច​ជា ប្រាក់​អតីត​ភាព​ការងារ ប្រាក់​បំណាច់ និង​ប្រាក់​បណ្ដេញ​ចេញ​ពី​ការងារ​ជាដើម ប៉ុន្តែ​ក្រុមហ៊ុន​បែរ​ជា​ជ្រើស​រើស​យក​វិធី​ព្យួរ​ការងារ​បុគ្គលិក ដោយ​អូស​បន្លាយ​ពេល​វេលា​ទៅ​វិញ។

លោក អន សាខន៖ «គាត់​មិន​រង់ចាំ​ច្បាប់​ក្ស័យ​ធន និង​ជម្រះ​បញ្ជី​ផ្លូវ​តុលាការ​ទេ គាត់​ទាមទារ​មុន ចំពោះ​ម្ចាស់​បំណុល​ផ្សេងៗ គាត់​ត្រូវ​រង់ចាំ​ការ​សម្រេច​ពី​តុលាការ​សិន គាត់​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​ឲ្យ​គាត់ តែ​មិន​ទាន់​មាន​ការ​កោះ​ប្រជុំ​ណា​មួយ​នោះ​ទេ»

បុគ្គលិក​ក្រុមហ៊ុន​អឹមហ្វូន ដែល​ចូល​រួម​កូដកម្ម មាន​តួនាទី​ចាប់​ពី​កម្មករ​រហូត​ដល់​បុគ្គលិក​ជាន់​ខ្ពស់​ថ្នាក់​នាយក​ផ្នែក ដែល​មាន​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ចាប់​ពី​ជាង ១០០​ដុល្លារ រហូត​ដល់​ជាង ១​ពាន់​ដុល្លារ។ ប៉ុន្តែ​កូដកម្ម​នេះ​មិន​ត្រូវ​បាន​តំណាង​ថៅកែ​ក្រុមហ៊ុន​ចេញ​មក​ដោះស្រាយ​នៅ​ឡើយ។

តាម​រយៈ​ដីកា​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៤ កុម្ភៈ បាន​ប្រកាស​បើក​សំណុំ​រឿង​ស្នើ​សុំ​ក្ស័យ​ធន​របស់​ប្រធាន​ក្រុមហ៊ុន​អឹមហ្វូន ដោយ​សំអាង​លើ​របាយការណ៍​មេធាវី​ក្រុមហ៊ុន​ដែល​បញ្ជាក់​ពី​ការ​ខាត​បង់​ថា ក្រុមហ៊ុន​អឹមហ្វូន ខាត​បង់​ជា​បន្ត​បន្ទាប់​ចាប់​ពី​ត្រី​មាស​ទី៣ ឆ្នាំ​២០០៩ ហើយ​មាន​លំហូរ​សាច់​ប្រាក់​អវិជ្ជមាន​តាំង​ពី​ឆ្នាំ​២០១២។ ដីកា​តុលាការ​លើក​ឡើង​ថា ក្រុមហ៊ុន​ខាត​បង់​ទឹក​ប្រាក់​អស់​ជាង ៦៧​លាន​ដុល្លារ និង​បំណុល​មាន​ជាង ១២៦​លាន​ដុល្លារ ហើយ​មាន​សាច់​ប្រាក់​បណ្ដោះ​អាសន្ន​ក្នុង​ដៃ​តែ​ជិត ៦​សែន​ដុល្លារ។ ប៉ុន្តែ​តុលាការ​មិន​បាន​បញ្ជាក់​ថា ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។ តុលាការ​ក៏​បាន​បញ្ជា​ឲ្យ​លើក​បញ្ហា​បី​ចំណុច ទី១ ប្រកាស​បើក​សំណុំ​រឿង​ក្ស័យ​ធន ទី២ បង្គាប់​ឲ្យ​ជម្រះ​បញ្ជី​ក្រុមហ៊ុន​ភ្លាមៗ និង​ទី៣ តែង​តាំង​អភិបាល​បណ្ដោះ​អាសន្ន។

ចំណែក​ចំនួន​អតិថិជន​ជាង ៥​សែន​នាក់ ដែល​ជា​ប្រភព​ចំណូល​សំខាន់​បំផុត​របស់​ក្រុមហ៊ុន​អឹមហ្វូន បែរ​ជា​ត្រូវ​បាន​ផ្ទេរ​ឲ្យ​ក្រុមហ៊ុន​ម៉ូប៊ីតែល (Mobitel) ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ឧកញ៉ា គិត ម៉េង តាំង​ពី​ខែ​មករា ទៅ​វិញ។ ក្រុមហ៊ុន​ទាំង​ពីរ​មិន​បាន​ប្រកាស​ថា​ការ​ផ្ទេរ​អតិថិជន​នោះ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ ឬ​ដោះដូរ​ជា​ប្រាក់​ប៉ុន្មាន​នោះ​ទេ។ បច្ចុប្បន្ន​នេះ បុគ្គលិក​ក្រុមហ៊ុន​អឹមហ្វូន មាន​ចំនួន​ជាង ១​ពាន់​នាក់ មិន​មាន​ប្រាក់​បៀវត្ស​ផ្គត់ផ្គង់​ជីវភាព​ឡើយ ពួក​គាត់​ទទួល​បាន​ប្រាក់​ព្យួរ​ការងារ​ពី​ក្រុមហ៊ុន​ក្នុង​ម្នាក់ៗ ២០% សមាមាត្រ​ទៅ​នឹង​ចំនួន​បៀវត្ស​ប្រចាំ​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។