អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​បាត់ដំបង​រង​ការ​ចោទ​ថា​មិន​ផ្ដល់​ដំណឹង​គ្រាប់​មីន​កប់​ក្នុង​ដី​ទៅ​ស៊ីម៉ាក់

0:00 / 0:00

មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង មក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​រើសអើង​នយោបាយ ដោយ​មិន​ព្រម​ផ្ដល់​ដំណឹង​អំពី​គ្រាប់​មីន​កប់​ក្នុង​ដី​នៅ​តំបន់​ស្រុក​បវេល ទៅ​អង្គការ​កម្ចាត់​គ្រាប់​មីន​ស៊ីម៉ាក់ (CMAC) ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​រង​គ្រោះថ្នាក់​ជា​បន្តបន្ទាប់។

មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង រៀបរាប់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ស្រុក​បវេល ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​អាយុ​ជីវិត ដោយសារ​គ្រាប់​មីន​កប់​ក្នុង​ដី​នេះ ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​អង្គការ​ពាក់ព័ន្ធ ចាត់​វិធានការ​បោស​សម្អាត​ជា​បន្ទាន់។

មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង គណបក្ស​សង្គ្រោះ​ជាតិ លោក ខឺយ ស៊ីណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ មីនា ថា គ្រាប់​មីន​កប់​ក្នុង​ដី​ជាច្រើន​ហិកតារ​នៅ​ចំណុច​ភូមិ​អន្លង់រាំង ឃុំ​ឃ្លាំងមាស ស្រុក​បវេល ខេត្ត​បាត់ដំបង ពុំ​មាន​អាជ្ញាធរ​ណា​ចូល​ទៅ​ដោះ​មីន​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា កន្លង​មក​ប្រជាពលរដ្ឋ​ធ្លាប់​ប្រាប់​មេ​ភូមិ និង​មេ​ឃុំ ឲ្យ​ជូន​ដំណឹង​នេះ​ទៅ​អង្គការ​កម្ចាត់​មីន ស៊ីម៉ាក់ ដើម្បី​អង្គការ​ចុះ​ទៅ​បោស​សម្អាត​គ្រាប់​មីន​នោះ​ចេញ ប៉ុន្តែ​មេ​ភូមិ និង​មេ​ឃុំ មិន​ចាត់​វិធានការ​ឲ្យ​ទេ ដោយសារ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​គ្រោះថ្នាក់​ដោយសារ​គ្រាប់​មីន​ជា​បន្តបន្ទាប់៖ «តំបន់​នោះ​សូម្បី​តែ​អង្គការ​ដោះ​មីន​ស៊ីម៉ាក់ ក៏​ទទួល​ស្គាល់​ដែរ​ថា​មាន​មីន​កប់​ក្នុង​ដី​ដែរ។ ប៉ុន្តែ​អង្គការ​ស៊ីម៉ាក់ គេ​មិន​ហ៊ាន​ចូល​ទៅ​ដោះ​មីន​នៅ​ទីនោះ​ទេ ព្រោះ​អាជ្ញាធរ​ពុំ​ទាន់​អនុញ្ញាត​ឲ្យ​អង្គការ​ចូល​ទៅ​រាវ​មីន​នៅ​ឡើយ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ឃ្លាំងមាស លោក ប៊ុន សម្បត្តិ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​មិន​បាន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ ដោយ​មិន​ផ្ដល់​ដំណឹង​ជុំវិញ​គ្រាប់​មីន​ដែល​កប់​ក្នុង​ដី​ទៅ​អង្គការ​ដោះ​មីន​នោះ​ទេ។ លោក​ថា កន្លង​មក​អាជ្ញាធរ​បាន​ចុះ​ទៅ​សិក្សា​អំពី​គ្រាប់​មីន​នោះ​រួច​មក​ហើយ​ដែរ ប៉ុន្តែ​ពុំ​មាន​សញ្ញា​ណា​បញ្ជាក់​ថា មាន​គ្រាប់​មីន​កប់​ក្នុង​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ឡើយ​ទេ៖ «នៅ​ភូមិ​អន្លង់រាំង នោះ កន្លង​មក​អង្គការ​ស៊ីម៉ាក់ ក៏​ធ្លាប់​បាន​សួរ​នាំ​ជុំវិញ​បញ្ហា​មីន​នោះ​ដែរ។ បញ្ហា​នេះ លោក​មេ​ភូមិ​គាត់​ប្រាប់​ខ្ញុំ​ថា​គ្មាន​មីន​ទេ ទើប​មិន​បាន​ជូន​ដំណឹង​នេះ​ទៅ​អង្គការ ដើម្បី​ចូល​ទៅ​បោស​សម្អាត​មីន​នៅ​ទីនោះ។ ក្រោយ​មក​ទើប​ប្រជាពលរដ្ឋ​គាត់​សង្ស័យ​ថា​មាន​មីន ហើយ​ខ្ញុំ​ក៏​បាន​ជូន​ដំណឹង​នេះ​ទៅ​អង្គការ​ស៊ីម៉ាក់ ប៉ុន្តែ​ពុំ​ទាន់​មាន​វិធានការ​ពី​អង្គការ​នៅ​ឡើយ»

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ ជុំវិញ​ករណី​គ្រាប់​មីន​កប់​ក្នុង​ដី​របស់​ពួក​គាត់​នោះ​ទេ។ ទោះ​យ៉ាង​នេះ លោក​កត់​សម្គាល់​ថា កន្លង​មក​លោក​តែង​សង្កេត​ឃើញ​បញ្ហា​ជាច្រើន​ដែល​កើត​មាន​នៅ​ក្នុង​មូលដ្ឋាន ក៏ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​ពី​សំណាក់​អាជ្ញាធរ​ចុះ​ទៅ​ស្រាវជ្រាវ ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​ឡើយ៖ «អាជ្ញាធរ​ត្រូវ​ថ្នាក់​លើ ត្រូវ​តែ​ចុះ​ត្រួត​ពិនិត្យ​ជា​បន្ទាន់ ដើម្បី​ចាត់​វិធានការ​បញ្ហា​នេះ ហើយ​កុំ​ឲ្យ​មាន​ការ​រើសអើង​ផ្នែក​នយោបាយ ព្រោះ​ប្រជាពលរដ្ឋ​លោក​មាន​សេរីភាព​ក្នុង​ការ​ចូលរួម​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់»

កន្លង​មក ប្រជាពលរដ្ឋ​នៅ​តំបន់​ភូមិ​អន្លង់រាំង នោះ​រងគ្រោះ​ថ្នាក់​ចំនួន​ពីរ​ករណី​មក​ហើយ។ នៅ​ក្នុង​នោះ កាល​ពី​ថ្ងៃ​ទី​១៨ មីនា កន្លង​ទៅ មាន​កុមារា​ម្នាក់​ឈ្មោះ ជាម រ៉ាវាត អាយុ ១១​ឆ្នាំ ជា​កូន​អ្នក​ភូមិ​នៅ​តំបន់​ឃុំ​ឃ្លាំមាស ត្រូវ​គ្រាប់​មីន​ផ្ទុះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ត្រង់​ដៃ ពោះ និង​ដង​ខ្លួន ខណៈ​ទៅ​រក​ឧស​ជាមួយ​អ្នក​ភូមិ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ ៥០០​ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។