នេះជាលើកទី២ហើយដែលប្រជាពលរដ្ឋមកតវ៉ានៅមុខសាលាខេត្តក្នុងខែកុម្ភៈ បន្ទាប់ពីខិត្តប័ណ្ណអនាមិកសុំឲ្យប្រជាពលរដ្ឋនាំគ្នាមកតវ៉ានេះ ត្រូវគេបាចផ្សព្វផ្សាយនៅក្រុងសែនមនោរម្យ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា មានប្រសាសន៍បញ្ជាក់ថា ក្រុមអ្នកតវ៉ាបាននាំគ្នាស្រែកទាមទារឲ្យអាជ្ញាធរខេត្តចេញមកដោះស្រាយបញ្ហាតាមពេលវេលាដែលប្រជាពលរដ្ឋបានកំណត់ កាលពីសប្ដាហ៍មុន។
លោកបន្តថា អភិបាលរងខេត្ត អ្នកស្រី អាយស៊ី សុគន្ធារី បានសន្យាជាមួយប្រជាពលរដ្ឋថា នៅសប្ដាហ៍ក្រោយអ្នកស្រីនឹងអញ្ជើញភាគីពាក់ព័ន្ធដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ៖ «គាត់មកតវ៉ាអត់មានប្រើហិង្សាអ្វីទេ គាត់មកគ្រាន់តែស្រែកឡូឡាសុំឲ្យថ្នាក់ខេត្តជួយអន្តរាគមន៍ឲ្យគាត់។លោកអភិបាលខេត្តអត់នៅទេ អ៊ីចឹងបានអ្នកស្រីអភិបាលរងហ្នឹងគាត់មកជួបប្រជាពលរដ្ឋ មកសំណេះសំណាលជាមួយប្រជាពលរដ្ឋ។ គាត់ថា កុំអាលនាំគ្នាបង្កើតបាតុកម្មអ្វីវែងឆ្ងាយណា! គាត់សន្យាដោះស្រាយឲ្យនៅថ្ងៃច័ន្ទ សប្ដាហ៍ក្រោយ»។
មន្ត្រីសិទ្ធិមនុស្សដដែលឲ្យដឹងដែរថា ប្រជាពលរដ្ឋអ្នកតវ៉ាឲ្យដឹងថា នេះជាលើកទី៣ ហើយ ដែលមន្ត្រីអាជ្ញាធរខេត្តបានសន្យាដូចគ្នានេះ។ ប្រជាពលរដ្ឋព្រមានថា នៅដើមសប្ដាហ៍ក្រោយពួកគេធ្វើការតវ៉ាខ្លាំងថែមទៀតប្រសិនបើអាជ្ញាធរខេត្តមិនគោរពតាមការសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។