កម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ខេត្តស្វាយរៀង ជិត ៦០នាក់ ដែលអាជ្ញាធរចាប់ខ្លួនក្នុងពេលតវ៉ាដំឡើងប្រាក់ឈ្នួល ត្រូវអាជ្ញាធរមានសមត្ថកិច្ចដោះលែងវិញហើយ នៅម៉ោងជាង ៦ល្ងាចថ្ងៃទី២១ ធ្នូ ដោយភ្ជាប់កិច្ចសន្យាឲ្យពួកគេឈប់តវ៉ា នៅឯនគរបាលព្រហ្មទណ្ឌខេត្ត។
ការចាប់ខ្លួនកម្មករដែលធ្វើការក្នុងរោងចក្រនៅតំបន់សេដ្ឋកិច្ចតាយសេង (Tai Seng) ទាំងនោះ ក្នុងគ្រាដែលពួកគាត់តវ៉ា ហើយប៉ះទង្គិចគ្នាមួយប្រាវជាមួយសមត្ថកិច្ចរាប់សិបនាក់ប្រដាប់ដោយខែល និងដំបងឆក់នៅព្រឹកថ្ងៃទី២១ ធ្នូ នេះ។
មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករប្រចាំខេត្តស្វាយរៀង លោក ជា ឧត្តម ឲ្យដឹងថា ការប៉ះទង្គិចគ្នានេះ នៅបន្ទាប់ពីកម្មករប្រមាណ ៨ពាន់នាក់នៅតំបន់សេដ្ឋកិច្ចតាយសេង ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានបន្តប្រមូលផ្ដុំគ្នាទាមទារប្រាក់ឈ្នួល ២០ដុល្លារបន្ថែម។ លោកបន្តថា ក្នុងហេតុការណ៍នោះ សមត្ថកិច្ចមិនបានដើរតួជាអ្នកសម្របសម្រួលឡើយ បែរជាប្រើពាក្យសម្ដីគំរាមកំហែង និងប្រើឡានបាញ់ទឹកបួនគ្រឿងបំបែកកម្មករទៅវិញ។ ទង្វើរបស់សមត្ថកិច្ចនេះ បណ្ដាលឲ្យកម្មករផ្ទុះកំហឹង ហើយគប់ដុំថ្ម និងដបទឹកសុទ្ធតបទៅវិញ ប៉ុន្តែពុំទាន់មានដំណឹងថា មានអ្នករងរបួសឡើយ។
ក្រោយប៉ះទង្គិចគ្នាមួយប្រាវ កម្មករបានបំបែកគ្នាត្រឡប់ទៅផ្ទះវិញ។
ការចេញស្រែកតវ៉ាទាមទារប្រាក់ឈ្នួលបន្ថែមសរុបយ៉ាងហោច ១៥០ដុល្លារនោះ បានកើតឡើងចាប់តាំងពីថ្ងៃទី១៦ ធ្នូ មក ហើយនៅព្រឹកថ្ងៃទី១៧ ធ្នូ ការតវ៉ានេះបានរាលដាលកាន់តែធំ ដោយមានកម្មករចូលរួមប្រមាណ ៣ម៉ឺននាក់។
ទាក់ទិននឹងការទាមទារដំឡើងប្រាក់ឈ្នួល ២០ដុល្លារបន្ថែមនេះ កម្មកររោងចក្ររាប់ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) និងតាយសេង ក្នុងក្រុងបាវិត បានចេញតវ៉ាតាំងពីថ្ងៃទី១៦ ធ្នូ មក ហើយមកទល់ពេលនេះ នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។
ក្នុងការតវ៉ាប៉ុន្មានថ្ងៃនេះ មានកម្មករ ៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅពន្ធនាគារនៅថ្ងៃទី២០ ធ្នូ ដោយចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និងញុះញង់ឲ្យមានការតវ៉ាហិង្សា។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាថ្កោលទោសការធ្វើកូដកម្មរបស់កម្មករនៅក្រុងបាវិត
ដោយ យាង សុជាមេត្តា
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) នៅថ្ងៃទី២១ ខែធ្នូ ចេញលិខិតថ្កោលទោសចំពោះក្រុមសហជីព និងកម្មករមួយចំនួន ដែលសមាគមនេះចោទប្រកាន់ថា បានវាយបំផ្លាញរោងចក្រ ញុះញង់ និងគំរាមកំហែងផ្នែកសន្តិសុខដល់កម្មករនិយោជិតដទៃទៀត។
ជីម៉ាក់ ដែលចាត់ទុកសកម្មភាពរបស់កម្មករ និងសហជីពទាំងនេះថាមានចរិតជ្រុលនិយម បញ្ជាក់ថា រោងចក្រសរុបចំនួន ៤៥ ដែលផលិតសម្លៀកបំពាក់ ស្បែកជើង កង់ ឆត្រ អំពូលភ្លើង និងផលិតផលដទៃទៀតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតាយសេង នៅក្រុងបាវិត ត្រូវទទួលរងការខាតបង់ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ដូចជាទ្រព្យសម្បត្តិ ការខាតបង់ផ្នែកផលិតកម្ម ដែលនាំឲ្យមានការយឺតយ៉ាវដល់ការបញ្ជូនទំនិញដល់អ្នកបញ្ជាទិញ ព្រមទាំងកេរ្តិ៍ឈ្មោះរបស់រោងចក្រពាក់ព័ន្ធនឹងស្ថិរភាពនៃផលិតកម្មក្នុងពេលអនាគត។
កាលពីថ្ងៃទី១៦ ខែធ្នូ កម្មករប្រមាណ ៣ម៉ឺននាក់ធ្វើការនៅរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតាយសេង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង បានផ្ទុះការតវ៉ាទាមទារឲ្យរោងចក្របន្ថែមប្រាក់ចំនួន ២០ដុល្លារទៀតទៅលើប្រាក់ឈ្នួលគោលមានស្រាប់របស់ពួកគេចំនួន ១២៨ដុល្លារ។
មួយថ្ងៃក្រោយការតវ៉ានោះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានផ្ញើលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យរដ្ឋាភិបាលទប់ស្កាត់ការតវ៉ារបស់កម្មករនេះ។
សូមស្ដាប់អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី លោក ថា កិត្យា រាយការណ៍ព័ត៌មានបន្ថែមពីក្រុងបាវិត៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។