សារៈសំខាន់​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​សេដ្ឋកិច្ច

វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា បច្ចុប្បន្ន មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​លើក​ស្ទួយ​ចំណេះ​ដឹង​ប្រជាពលរដ្ឋ ការ​អភិវឌ្ឍ​សង្គម តាម​រយៈ​ការ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់ ឬ​វិធាន​ការ​នានា ដែល​ទាក់ទង​នឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

0:00 / 0:00

ម្យ៉ាង​ទៀត ស្ថានភាព​រាយការណ៍​របស់​អ្នក​សារព័ត៌មាន ក៏​មាន​ភាព​រីក​ចម្រើន​ដែរ ទាំង​គុណភាព​អត្ថបទ និង​ការ​អនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន ស្រប​ទៅ​តាម​សង្គម​កំពុង​អភិវឌ្ឍ​នោះ។ តែ​យ៉ាង​នេះ​ក្ដី ចំនួន​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ ពិសេស​អ្នក​រាយការណ៍​អំពី​ព័ត៌មាន​សេដ្ឋកិច្ច។

ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ អំពី​បញ្ហា​សង្គម នយោបាយ និង​បញ្ហា​សេដ្ឋកិច្ច ដែល​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​អំពី​បញ្ហា​ទាំង​នេះ។

ទាក់ទង​នឹង​បញ្ហា​នេះ ក្រុម​អ្នក​ជំនាញ​ខាង​បណ្ដុះ​បណ្ដាល​អ្នក​សារព័ត៌មាន បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា មិន​ទាន់​មាន​អ្នក​សារព័ត៌មាន​គ្រប់គ្រាន់​នៅ​ឡើយ​សម្រាប់​រាយការណ៍​អំពី​បញ្ហា​ផ្សេងៗ ដែល​កើត​មាន​នៅ​ក្នុង​សង្គម​ឲ្យ​កាន់​តែ​ទូលំទូលាយ ពិសេស​អ្នក​រាយការណ៍​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​នោះ។

នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សោម រតនា មាន​ប្រសាសន៍​ថា រៀង​រាល់​ឆ្នាំ សាលា​បាន​បណ្ដុះ​បណ្ដាល​សិស្ស​ប្រមាណ ៣០​នាក់។ លោក​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះ សិស្ស ឬ​និស្សិត​ដែល​ទទួល​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​សារព័ត៌មាន​ចំនួន​ប្រមាណ ៣០០​នាក់។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា ប្រទេស​កម្ពុជា ត្រូវ​ការ​អ្នក​សារព័ត៌មាន​ច្រើន​ទៀត ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​កាន់​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​ជនបទ ប៉ុន្តែ​កង្វះ​ធនធាន​មនុស្ស​បច្ចុប្បន្ន ជា​កត្តា​រាំង​ស្ទះ​ចម្បង ដែល​មិន​អាច​បណ្ដុះ​បណ្ដាល​សិស្ស​និស្សិត​បាន​ចំនួន​ច្រើន​នោះ។

និស្សិត​ដែល​បញ្ចប់​ការ​សិក្សា អាច​ក្លាយ​ជា​មន្ត្រី​ព័ត៌មាន អ្នក​សារព័ត៌មាន​នៅ​តាម​វិទ្យុ ឬ​ទូរទស្សន៍​បាន ប្រសិន​បើ​ពួក​គាត់​ចាប់​អារម្មណ៍​ទៅ​លើ​វិស័យ​ព័ត៌មាន និង​ចង់​ក្លាយ​ជា​អ្នក​ព័ត៌មាន​នោះ។ ហើយ​នៅ​ក្នុង​បរិបទ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា បច្ចុប្បន្ន ការ​បណ្ដុះ​បណ្ដាល​ចំណេះ​បន្ថែម​ទាក់ទង​នឹង​អាជីវកម្ម គឺ​ជា​រឿង​សំខាន់។

លោក សោម រតនា មាន​ប្រសាសន៍​បន្ថែម​ថា សិស្ស​និស្សិត​ដែល​បញ្ចប់​នៅ​សាលា​ព័ត៌មាន អាច​រាយការណ៍​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​បាន ប៉ុន្តែ​នៅ​មិន​ទាន់​លម្អិត​នៅ​ឡើយ។ លោក​មាន​ប្រសាសន៍​បន្ថែម​ថា នៅ​ក្នុង​បរិបទ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា បច្ចុប្បន្ន ត្រូវ​ការ​អ្នក​រាយការណ៍​ព័ត៌មាន​កាន់​តែ​ច្រើន ដើម្បី​បង្ហាញ​សក្ដានុពល​នៃ​ការ​អភិវឌ្ឍ ឬ​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចាប់​យក​របរ​ណា​មួយ នៅ​ក្នុង​ដំណាក់​នៃ​ការ​អភិវឌ្ឍ​ទាំង​នោះ។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​លើក​ឡើង​ថា កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ចាប់​តាំង​ពី​ប្រទេស​កម្ពុជា បាន​ផ្លាស់​ប្ដូរ​របត់​នយោបាយ​តាម​បែប​ប្រជាធិបតេយ្យ និង​មាន​ការ​បោះឆ្នោត​ជាតិ តាំង​ពី​ឆ្នាំ​១៩៩៣ មក​នោះ បាន​ប្រែ​ក្លាយ​កម្ពុជា ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ ដែល​រួច​ផុត​ពី​សង្គ្រាម​ស៊ីវិល អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​នោះ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​អន្តរជាតិ ចាប់​ផ្ដើម​ចូល​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ កំណើន​សេដ្ឋកិច្ច​ជា​កត្តា​ចម្បង​មួយ​ដែល​អ្នក​វិនិយោគិន និង​ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​ចាប់​អារម្មណ៍​ពី​ព័ត៌មាន​សេដ្ឋកិច្ច ដែល​ពួក​គាត់​ចង់​ដឹង​អំពី​ការ​ប្រែប្រួល​សេដ្ឋកិច្ច​របស់​ជាតិ និង​សេដ្ឋកិច្ច​អន្តរជាតិ។ បញ្ហា​នេះ អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​បាន​ពន្យល់​ថា កម្ពុជា ត្រូវ​ការ​អ្នក​រាយការណ៍​ខាង​សេដ្ឋកិច្ច​បន្ថែម​ទៀត សម្រាប់​រាយការណ៍​អំពី​ស្ថានភាព​សេដ្ឋកិច្ច ដោយ​ជាក់​លាក់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ចំណេះ​ដឹង ក្រៅ​ពី​ព័ត៌មាន​សង្គម និង​នយោបាយ ដែល​អ្នក​ព័ត៌មាន​ជា​ច្រើន​បាន​រាយការណ៍​ជា​ច្រើន​ហើយ​នោះ។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ មាន​ប្រសាសន៍​ថា ការ​រាយការណ៍​ព័ត៌មាន​សេដ្ឋកិច្ច ឬ​ការ​ធ្វើ​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ ហាក់​ដូច​ជា​មាន​តិចតួច​នៅ​ឡើយ​នា​ពេល​បច្ចុប្បន្ន បើ​ប្រៀបធៀប​ទៅ​នឹង​សេចក្ដី​រាយការណ៍​នានា ដូចជា រឿង​នយោបាយ និង​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ។ លោក​បញ្ជាក់​ថា សមត្ថភាព​របស់​អ្នក​ព័ត៌មាន​ជា​កត្តា​សំខាន់ ដើម្បី​រាយការណ៍​ព័ត៌មាន​នោះ​ឲ្យ​ត្រូវ​ទៅ​នឹង​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ទូទៅ ប៉ុន្តែ​មាន​រឿង​ខ្លះ​ពិបាក​នឹង​បកស្រាយ ឬ​ពន្យល់​ឲ្យ​ងាយ​យល់​ដូច​ប្រភេទ​រឿង​ទាក់ទង​នឹង​រឿង​នយោបាយ ឬ​សង្គម​ឡើយ។

លោក ប៉ែន សមិទ្ធិ បញ្ជាក់​ថា ទោះ​បី​ជា​បច្ចុប្បន្ន​អ្នក​ដែល​ចង់​ដឹង​អំពី​ស្ថានភាព​ការ​អភិវឌ្ឍ ឬ​ស្ថានភាព​សេដ្ឋកិច្ច​មាន​នៅ​មាន​កម្រិត​ក្ដី ប៉ុន្តែ និន្នាការ​នៅ​ពេល​អនាគត ទាមទារ​ការ​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​អាជីវកម្ម​កាន់​តែ​ច្រើន ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ចំនួន​អ្នក​សារព័ត៌មាន និង​សមត្ថភាព​ក្នុង​ការ​រាយការណ៍​ទាក់ទង​នឹង​អាជីវកម្ម ឬ​ស្ថានភាព​សេដ្ឋកិច្ច​មាន​ភាព​រីក​ចម្រើន​ជាង​ពេល​មុន។ ប៉ុន្តែ បញ្ហា​នៅ​ត្រង់​ថា ការ​វិនិយោគ​របស់​ស្ថាប័ន ឬ​អង្គភាព​ព័ត៌មាន​លើ​ផ្នែក​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​អាជីវកម្ម លោក ឌិន វីរៈ មាន​ប្រសាសន៍​ថា ការ​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​កំណើន​សេដ្ឋកិច្ច អតិផរណា ឬ​អត្រា​ប្ដូរ​ប្រាក់ គឺ​ជួយ​អ្នក​វិនិយោគ ឬ​អាជីវករ​ងាយ​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​ការ​បណ្ដាក់​ទុន​លើ​មុខ​របរ​របស់​គេ។ ព័ត៌មាន​ទាំង​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ពីរ​បរទេស​ដែរ។ លោក​អង្កេត​ឃើញ​ថា ការ​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ធុរកិច្ច​នេះ នៅ​កម្ពុជា មាន​ចំនួន​ច្រើន​ជាង​មុខ បើ​ធៀប​នឹង​រយៈពេល​កន្លង​ទៅ។ ប៉ុន្តែ សមត្ថភាព​របស់​អ្នក​រាយការណ៍​នៅ​មាន​កម្រិត​នៅ​ឡើយ ឬ​អាច​និយាយ​ថា អ្នក​សារព័ត៌មាន​គ្រាន់​តែ​រាយការណ៍​តាម​អ្វី​ដែល​គេ​បង្ហាញ ឬ​ប្រាប់​ប៉ុណ្ណោះ។

លោក ឌិន វីរៈ បញ្ជាក់​ថា ដើម្បី​លើក​កម្ពស់​ការ​រាយការណ៍​ព័ត៌មាន​ធុរកិច្ច និង​សេដ្ឋកិច្ច ត្រូវ​មាន​ការ​ចូលរួម​ពន្យល់​បង្ហាញ​បន្ថែម​របស់​ស្ថាប័ន​អន្តរជាតិ លើ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ក្នុង​ការ​បណ្ដុះ​បណ្ដាល​ចំណេះ​ដឹង​ផ្នែក​អាជីវកម្ម ឬ​សេដ្ឋកិច្ច ដូចជា ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ធនាគារ​ពិភពលោក (World Bank) និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ជា​ដើម។

បន្ថែម​លើ​នេះ ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន សមិទ្ធិ មាន​ប្រសាសន៍​ថា ការ​រាយការណ៍​ព័ត៌មាន​នេះ ទាមទារ​រយៈពេល និង​ការ​អង្កេត​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់ ពីព្រោះ​ការ​រាយការណ៍​ព័ត៌មាន​សេដ្ឋកិច្ច ដោយសារ​ព័ត៌មាន​នេះ​ទាក់ទង​នឹង​បច្ចេកទេស និង​ស្ថិតិ​ច្រើន ខុស​ពី​ការ​រាយការណ៍​អំពី​ព័ត៌មាន​សង្គម និង​នយោបាយ។

បន្ថែម​លើ​នេះ ក្នុង​របាយការណ៍​បូក​សរុប​សន្និបាត​របស់​ក្រសួង​ព័ត៌មាន ឆ្នាំ​២០១២ និង​ទិស​ដៅ​ឆ្នាំ​២០១៣ បាន​សរសេរ​ថា នៅ​ក្នុង​ឆ្នាំ​២០១២ ប្រទេស​កម្ពុជា មាន​កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ​បោះពុម្ព​ជា​ភាសា​ខ្មែរ​ចំនួន​ជាង ៦០០​អង្គភាព។ មាន​វិទ្យុ​អេហ្វអ៊ឹម (FM) ផ្សាយ​សំឡេង​ជាង ១០០​អង្គភាព មាន​ទូរទស្សន៍​ជាតិ និង​ឯកជន​សរុប​ជិត ២០​អង្គភាព។

អ្នក​វិភាគ​សង្គម បាន​រក​ឃើញ​ថា វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា បាន​រាយការណ៍​ព័ត៌មាន​តិចតួច បើ​ធៀប​ចំនួន​អ្នក​រាយការណ៍​ពី​សង្គម ឬ​នយោបាយ។ តាម​ការ​ប៉ាន់ស្មាន ចំនួន​អ្នក​រាយការណ៍​ផ្នែក​សេដ្ឋកិច្ច​មាន​តិច​ជាង ១០% ក្នុង​ចំណោម​អង្គភាព​រាយការណ៍​ព័ត៌មាន​ទាំងអស់​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។