រដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០១៥ នេះ។
សារាចររបស់រដ្ឋាភិបាលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញនៅថ្ងៃទី៣១ ខែតុលា នេះ បញ្ជាក់ថា ដោយសារកម្ពស់ទឹកទន្លេមានកម្រិតទាបពេក ស្របពេលកំពុងជួបប្រទះគ្រោះរាំងស្ងួត ដែលទាមទារអោយរដ្ឋាភិបាលត្រូវប្រមូលផ្ដុំកម្លាំង មធ្យោបាយ ដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់ស្រូវប្រាំងជូនប្រជាកសិករ។
ករណីនេះ រដ្ឋាភិបាលសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមដងទន្លេសាប ខាងមុខព្រះបរមរាជវាំង ដែលពិធីនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ២៥ និង ២៦ ខែវិច្ឆិកា។ ប៉ុន្តែពិធីនេះនឹងប្រព្រឹត្តទៅជាធម្មតានៅតាមបណ្ដាខេត្តនានា ទៅតាមលទ្ធភាពនៃអាជ្ញាធរខេត្តដែលជាអ្នករៀបចំ។
បើទោះជាយ៉ាងណាការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន ៣ថ្ងៃ ក្នុងព្រះរាជពិធីនេះនៅរក្សាដដែល។
ស្របគ្នានេះរដ្ឋាភិបាលបានជំរុញអោយក្រសួងស្ថាប័នពាក់ព័ន្ធ រាជធានី និងខេត្ត យកចិត្តទុកដាក់ក្នុងការជួយដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់កសិករ។
រដ្ឋាភិបាលធ្លាប់ប្រកាសផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ បន្ទាប់ពីមានហេតុការណ៍រត់ជាន់គ្នានៅលើស្ពានកោះពេជ្រកាលពីយប់ថ្ងៃបង្ហើយនៃព្រះរាជពិធីនេះកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ធ្វើអោយមនុស្សស្លាប់ជាង ៣០០នាក់ និងរបួសជាច្រើនាក់។ ព្រះរាជពិធីនេះត្រូវបានប្រារព្ធឡើងវិញ កាលពីឆ្នាំ២០១៤ ដោយមានការរឹតបន្តឹងសុវត្ថិភាព តាមរយៈការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរាប់ពាន់នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។