ប្រធានអង្គការសេដាក ឲ្យដឹងកាលពីថ្ងៃទី៤ មេសា ថា តម្លៃស្រូវដែលកសិករអង្គការសេដាក ផលិតបាន ឈ្មួញមិនហ៊ានទម្លាក់តម្លៃ ហើយថែមទាំងចាំទទួលទិញអង្ករពីកសិករស្ទើរតែផលិតលក់មិនទាន់។
កសិករមួយចំនួនកំពុងតែរៀនពីវិធីធ្វើស្រែក្នុងទំហំដីតូច ដែលបានទិន្នផលច្រើន និងមិនប្រើជី និងថ្នាំគីមីទេ។ ស្រែដែលមានទំហំតូច ហើយបានទទួលផលច្រើននោះ អង្គការសេដាក ហៅថា ស្រែខ្លឹម។ បច្ចុប្បន្ន ការធ្វើស្រែខ្លឹម ធ្វើឲ្យកសិករមួយចំនួននិយមចូលចិត្ត។
អ្នកស្រី ឡេង យាត មកពីភូមិគោកងួន ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អ្នកស្រីពន្យល់ថា ស្រែខ្លឹមមានន័យថា ក្នុងដីទំហំ ១០អារ គេអាចប្រមូលគ្រាប់ស្រូវបានជិត ១ពាន់គីឡូក្រាម ដោយផលិតស្រូវតាមបច្ចេកទេសប្រព័ន្ធប្រពលវប្បកម្ម តាមគោលការណ៍ធម្មជាតិ គឺមិនចំណាយប្រាក់ទិញជី ដោយប្រើតែជីដែលយកស្លឹកឈើ លាមកសត្វមកផលិតជី និងមិនទិញពូជ។
ចំណែកពូជស្រូវ ត្រូវប្ដូរពីពូជបុរាណ មកពូជដែលទីផ្សារកំពុងពេញនិយម គឺមានពូជផ្កាម្លិះ ផ្ការំដួល ហើយនិងពូជថ្មី គឺផ្កាម្លិះក្រហម (បាយទន់) យកមកដាំលើដីស្រែដែលគ្មានប្រើសារធាតុពុលគីមី ជាដីសម្បូរសត្វមានប្រយោជន៍ ដូចជាកង្កែប ត្រី ចិញ្ចឹមក្នុងស្រែនោះ។ ក្រោយច្រូត គឺដីស្រែនោះអាចដាំដំណាំរួមផ្សំផ្សេងៗទៀត ដោយមានទឹកដក់ក្នុងស្រែនោះបានយូរខែ៖ «សព្វថ្ងៃ ស្រែខ្លឹមខ្ញុំនៅផ្ទះខ្ញុំៗលក់ពូជបាន ២.២០០រៀល ក្នុង១គីឡូ»។
ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ ថ្លែងថា កសិករជាច្រើនមិនអាចក្លាយទៅជាពាណិជ្ជករលើទិន្នផលស្រូវខ្លួនទេ។ ក្រោយការច្រូតរួច ឮតែកសិករខាត ព្រោះឈ្មួញឲ្យតម្លៃស្រូវថោកជាងតម្លៃទិញជីគីមី ថ្នាំពុលកសិកម្មមកធ្វើស្រែ។ រហូតកសិករខ្លះខាតបង់ ដែលនាំឲ្យដីស្រែ ឬដីកសិកម្មបានយកទៅបញ្ចាំនៅក្នុងធនាគារ ឬជំពាក់ថ្លៃជីជាដើម។ បញ្ហានេះ អង្គការសេដាក ណែនាំកសិករឲ្យចេះផ្លាស់ប្ដូរគំនិតធ្វើស្រែ ឲ្យតែបាន ឬហៅថាស្រែឃ្លោក មកធ្វើស្រែលើដីទំហំតូច បានផលច្រើន លក់បានថ្លៃ ដែលសិក្ខាសាលារបស់កសិករនៅថ្ងៃទី៤ មេសា ដាក់ឈ្មោះថា ស្រែខ្លឹម៖ «បន្ថែមទៅលើការងារប្រពលវប្បកម្មកន្លងមកហ្នឹងសំខាន់ គឺបន្ថែមលើ២ចំណុច។ កន្លងមក យើងធ្វើការងារប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវ គិតតែរឿងការងារបង្កើនទិន្នផល។ តែឥឡូវ ដែលយើងបន្ថែមសំខាន់ហ្នឹង គឺឲ្យគាត់ចេះគិតរឿងចំណេញខាត ហើយមួយទៀត គឺយើងឲ្យគាត់ចេះផលិតយ៉ាងម៉េចឲ្យត្រូវតាមតម្រូវការទីផ្សារ»។
លោក សំ សារឿន មកពីភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ លោកថា កសិករដាំស្រូវមិនសូវលក់ចំណេញ មកពីធ្វើស្រែដាក់ជីធម្មជាតិផង និងជីគីមីផង។ ការលក់ស្រូវដែលមានលាយជីចម្រុះនោះហើយ ដែលនាំឲ្យកសិករនោះលក់ស្រូវប្រថុយប្រថានតាមឈ្មួញឲ្យថ្លៃប៉ុណ្ណោះ។ ប៉ុន្តែ បើកសិករធ្វើស្រែ និងប្រើប្រាស់ជីធម្មជាតិតាមការណែនាំពីបណ្ដាញកសិករធម្មជាតិរបស់អង្គការសេដាក កសិករទាំងនោះនឹងក្លាយទៅជាម្ចាស់នៃស្រូវ ឬពាណិជ្ជករ ដែលគាត់អាចកំណត់តម្លៃស្រូវឲ្យឈ្មួញទិញស្រូវនោះវិញ៖ «ពាក់ព័ន្ធនឹងស្រែខ្លឹម គឺយើងធ្វើតិចតែបានផលច្រើន ហើយដោយសារយើងខំព្យាយាមកែប្រែចាប់តាំងពីពូជ ចាប់តាំងពីគុណភាពដី ធ្វើយ៉ាងណាឲ្យពូជហ្នឹងសុទ្ធល្អ ហើយដីហ្នឹងមានជីវជាតិប្រកបដោយសរីរាង្គពិតប្រាកដ»។
លោកបណ្ឌិត យ៉ង សាំងកុមារ ឲ្យដឹងថា ការផ្លាស់ប្ដូរដែលកសិករអាចទទួលបានប្រាក់ចំណេញខ្ពស់ ទី១ ការបែងចែកដីផលិតសម្រាប់លក់ និងផលិតសម្រាប់បរិភោគ។ ទី២ ការដូរពីធ្វើស្រែប្រើជីគីមី និងថ្នាំពុលកសិកម្ម មកប្រមូលសំរាម និងលាមកសត្វធ្វើជី នាំឲ្យធ្វើស្រែមិនខាត។ ទី៣ ការដូរពីលក់ស្រូវ មកលក់អង្ករវិញ ដែលអាចឲ្យកសិករចំណេញកន្ទក់ជាចំណីសត្វ និងអង្កាមដាក់ស្រែ។ លោកបន្តថា បច្ចុប្បន្ន មានកសិករជាង ១ម៉ឺននាក់នៅក្នុងខេត្តចំនួន១០ ដែលកំពុងតែផលិតស្រូវតាមគោលការណ៍ធម្មជាតិ។
អង្គការសេដាក បានទិញស្រូវពីកសិករទាំងនោះក្នុងតម្លៃ ១គីឡូក្រាម ១.៦០០រៀលឡើងទៅ ហើយកិនលក់ជាអង្ករធម្មជាតិដាក់លក់នៅផ្សាររបស់សេដាក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។