ក្រុម​អាជីវករ​ខ្មែរ​បាតុកម្ម​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត

ក្រុម​អាជីវករ​នៅ​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ បាន​ធ្វើ​បាតុកម្ម​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​មិថុនា ប្រឆាំង​ជំទាស់​ទៅ​នឹង​ភាគី​ថៃ ប្រចាំ​ច្រក​ទ្វារ​ខ្លងលឹក ដែល​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន (Border Pass) ហើយ​តម្រូវ​ឲ្យ​ប្រើ​​លិខិត​ឆ្លង​ដែន​​ចូល​ទៅ​ក្នុង​ដី​ថៃ។

0:00 / 0:00

ក្រុម​អាជីវករ​ខ្មែរ បាន​យក​រថយន្ត​ជាង ២០​គ្រឿង ដាក់​តម្រៀប​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ រវាង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​ខ្លងលឹក ដើម្បី​ប្រឆាំង​ជំទាស់​ទៅ​អាជ្ញាធរ​ថៃ ដែល​បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​មាន​រថយន្ត និង​ម៉ូតូ​ចេញ​ចូល​ទឹក​ដី​ថៃ ឈប់​ប្រើ​ប័ណ្ណ​ឆ្លង​ព្រំដែន ហើយ​តម្រូវ​ឲ្យ​ប្រើ​លិខិត​ឆ្លង​ដែន​វិញ (Passport)។

ការ​តវ៉ា​បិទ​ច្រក​ទ្វារ​ដែល​បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរ​មួយ​សន្ទុះ​ធំ កាល​ពី​ព្រឹក​ថ្ងៃ​ទី១ ខែ​មិថុនា នោះ ត្រូវ​បាន​រំសាយ​ទៅ​ក្រោយ​ពី​នគរបាល​អន្តោប្រវេសន៍​ខ្មែរ បាន​ហៅ​ម្ចាស់​រថយន្ត​ទាំង​នោះ​ឲ្យ​ទៅ​ដាក់​ពាក្យ​បណ្ដឹង និង​យក​ទៅ​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​ភាគី​ថៃ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​សម្រប​សម្រួល​នោះ​នៅ​ពុំ​ទាន់​មាន​លទ្ធផល​នៅ​ឡើយ។

អាជីវករ​លក់​ដូរ​នៅ​ផ្សារ​រុងក្លឿ ទឹក​ដី​ថៃ ឈ្មោះ សុន កុសល បញ្ជាក់​ថា ក្រុម​អាជីវករ​ខ្មែរ​ដែល​ជា​អ្នក​មាន​រថយន្ត និង​ម៉ូតូ​ជិះ​ចេញ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ នោះ ទាមទារ​ឲ្យ​ភាគី​ថៃ ប្រចាំ​ច្រក​ទ្វារ​ខ្លងលឹក ទទួល​ការ​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន​ដូច​កាល​ពី​លើក​មុន៖ «ខាង​ខ្ញុំ​ទាមទារ​ឲ្យ​គេ​បើក​ប័ណ្ណ​ឆ្លង​ព្រំដែន​វិញ ឲ្យ​ឡាន​ចូល​ធម្មតា ព្រោះ​ខាង​ថៃ គេ​គាប​យើង​តាំង​ពី​ទារ​លុយ​ខែ មួយ​ខែ ៧០០​បាត ហើយ​ខាង​ចរាចរ​ឲ្យ​ស្ទីកខ័រ (sticker) មួយ​ខែ ៥០០ ផ្សេង​ទៀត។ ហើយ​ឲ្យ​យើង​បង់​ចូល ២៥​បាត​ចូល ២៥​បាត​ចេញ​ទៀត យើង​ធ្វើ​គ្រប់​លក្ខណៈ​អស់​ហើយ ប៉ុន្តែ​គេ​នៅ​គាប​ពួក​ខ្ញុំ​ទៀត»

កាល​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា នគរបាល​អន្តោប្រវេសន៍ និង​គយ​ថៃ បាន​ដក​លិខិត​អនុញ្ញាត​ឲ្យ​រថយន្ត​ខ្មែរ​ចេញ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ និង​បក​ស្ទីកខ័រ​សម្រាប់​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន ចេញ​ពី​រថយន្ត​ទាំងអស់ ដោយ​ប្រកាស​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​ប្រើប្រាស់​រថយន្ត​ទាំង​នោះ ងាក​ទៅ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​វិញ។ ប៉ុន្តែ ក្រុម​អាជីវករ​ខ្មែរ បញ្ជាក់​ថា ពួក​គាត់​ជា​អ្នក​ប្រកប​របរ​លក់​ដូរ ចេញ​ចូល​ត្រឹម​ស្រុក​អារាញ់ ខេត្ត​ស្រះកែវ ថៃ ពុំ​មែន​ជា​អ្នក​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​ដល់​ក្រុង​បាងកក នោះ​ទេ៖ «ហើយ​ពួក​ខ្ញុំ​ចូល​ទៅ​រក​ស៊ី​លក់​ដូរ​ត្រឹម​ផ្សារ​រុងក្លឿ ដល់​ពេល​មិន​ឲ្យ​ឡាន​ចូល​អ៊ីចឹង​បិទ បើ​អ៊ីចឹង​ទាមទារ​មិន​ឲ្យ​ឡាន​ថៃ ចូល​មក​ខ្មែរ​ដែរ​មក​បាន​វា​ស្រួល»

អាជីវករ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​រស់នៅ​តំបន់​ជាយ​ដែន និង​ជា​អ្នក​មាន​រថយន្ត ម៉ូតូ​ចេញ​ចូល​ទឹក​ថៃ នោះ មាន​គ្នា​ច្រើន​រយ​នាក់​បាន​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន ចេញ​ចូល​តាម​ច្រក​ទ្វារ​ប៉ោយប៉ែត ខ្លងលឹក អស់​រយៈពេល​ច្រើន​ឆ្នាំ។

ជា​ធម្មតា ពលរដ្ឋ​ខ្មែរ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ-ថៃ និយម​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន ដែល​មាន​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ទាំង​ពីរ គឺ​កម្ពុជា និង​ថៃ។ ជនជាតិ​ខ្មែរ ជា​អ្នក​ប្រើ​ប័ណ្ណ​ឆ្លង​ព្រំដែន អាច​ចូល​ដី​ថៃ បាន​ត្រឹម​ខេត្ត​ស្រះកែវ និង​ខេត្ត​ប្រាជិនបុរី របស់​ថៃ។ ជនជាតិ​ថៃ ដែល​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន អាច​ចូល​បាន​ត្រឹម​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប របស់​កម្ពុជា។

ការ​ហាម​នេះ​ប៉ះពាល់​ចំពោះ​តែ​ជនជាតិ​ខ្មែរ​ជា​អ្នក​មាន​ម៉ូតូ និង​រថយន្ត​ឆ្លង​ដែន​ចូល​ទៅ​ផ្សារ​ខ្លងលឹក របស់​ថៃ ប៉ុណ្ណោះ។ ចំពោះ​អ្នក​ដំណើរ គឺ​នៅ​តែ​ប្រើ​ប័ណ្ណ​ឆ្លង​ព្រំដែន​ជា​ធម្មតា។ ប័ណ្ណ​ឆ្លង​ដែន​នោះ​មាន​តម្លៃ ៤៥០​បាត ស្មើ​ជិត ៦​ម៉ឺន​រៀល មាន​សុពលភាព ២​ឆ្នាំ។ នៅ​ពេល​ប្រើ​ប័ណ្ណ​នោះ​ចេញ​ចូល​ទឹក​ដី​ថៃ ត្រូវ​ឲ្យ​សមត្ថកិច្ច​បោះ​ត្រា ហើយ​ត្រូវ​បង់​លុយ​ចំនួន ៧០​បាត ហើយ​អាច​ប្រើប្រាស់​ក្នុង​ទឹក​ថៃ បាន​រយៈពេល ៧​ថ្ងៃ។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែង​ថា មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​គួរ​តែ​ដោះស្រាយ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ទំនាក់​ទំនង​ខ្មែរ និង​ថៃ អាច​ចេញ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​ងាយ​ស្រួល។ ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ គួរ​ដោះស្រាយ​បញ្ហា​នេះ បើ​ពុំ​ដូច្នេះ​ទេ វា​នាំ​ឲ្យ​ប៉ះពាល់​របរ​រក​ស៊ី​របស់​ពលរដ្ឋ​ខ្មែរ។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង លោក ទ្រី ណារិន អភិបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​សុំ​សេចក្ដី​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។

ប៉ុន្តែ កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ មេងជ្រួញ បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​កំពុង​ធ្វើ​ការ​ចរចា​សម្រប​សម្រួល​ជាមួយ​ភាគី​ថៃ។ លោក​បញ្ជាក់​ថា បើ​យើង​អនុវត្ត​ទៅ​តាម​អនុសញ្ញា កាល​ណា​យើង​ឆ្លង​ដែន វា​គេ​ត្រូវ​ប្រើ​លិខិត​ឆ្លង​ដែន ប៉ុន្តែ​បដិសេធ​មិន​អត្ថាធិប្បាយ​លម្អិត​ទេ រង់ចាំ​ការ​ចរចា​ជាមួយ​ថៃ សិន។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អាជីវករ​ព្រមាន​ធ្វើ​បាតុកម្ម​បិទ​ច្រក​ទ្វារ​នោះ​ម្ដង​ទៀត បើ​សិន​ការ​ទាមទារ​របស់​គេ​ពុំ​ទទួល​ជោគជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។