កសិករ​ខេត្ត​ឧត្តរមានជ័យ​ត្អូញត្អែរ​ថា​តម្លៃ​ស្រូវ​ចុះ​ថោក​នៅ​ខែ​ប្រមូល​ផល

0:00 / 0:00

កសិករ​ជាច្រើន​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​ចាប់​ផ្ដើម​ច្រូត​កាត់​ប្រមូល​ផល​ស្រូវ​សម្រាប់​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៥ ចាប់​ពី​ខែ​វិច្ឆិកា នេះ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​កសិករ​ខក​ចិត្ត មិន​មែន​ដោយសារ​ការ​ទទួល​បាន​ផល​ស្រូវ​តិចតួច​នោះ​ទេ គឺ​ពួក​គេ​មិន​សប្បាយ​ចិត្ត​នឹង​តម្លៃ​ស្រូវ​គ្រប់​ប្រភេទ ដែល​ចុះ​ថោក។

កសិករ​មួយ​ចំនួន​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​ត្អូញត្អែរ​ថា ពួក​គេ​កំពុង​ខាត​ទុន​ផលិត​ស្រូវ​ក្នុង​ឆ្នាំ​២០១៥ នេះ ដោយសារ​តែ​កាល​ពី​ដើម​ឆ្នាំ​កន្លង​ទៅ ទឹក​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់ បណ្ដាល​ឲ្យ​ស្រូវ​មិន​សូវ​ផ្លែ ហើយ​នៅ​ពេល​ដែល​ប្រមូល​បាន​ផល​ទៀត​សោត បែរ​ជា​ក្រុម​ឈ្មួញ​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ថោក​ថែម​ទៀត​នោះ។

ការ​ត្អូញត្អែរ​របស់​ប្រជា​កសិករ​នេះ បន្ទាប់​ពី​គេ​ដឹង​ថា បច្ចុប្បន្ន​ក្រុម​ឈ្មួញ​ដែល​ដើរ​ទិញ​ស្រូវ កំពុង​បញ្ចុះ​តម្លៃ​ទាប​បំផុត ពីព្រោះ​តែ​មិន​មាន​អ្នក​ប្រកួត​ប្រជែង​គ្នា​ទិញ។

កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​ជាច្រើន​ទៀត​នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ គឺ​លោក សំ សំបូរ។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​វិច្ឆិកា ថា រូប​លោក​ក៏​ដូចជា​កសិករ​ជាច្រើន​ទៀត មិន​សប្បាយ​ចិត្ត​ទេ ដោយសារ​តែ​ស្រូវ​ដែល​ប្រមូល​ផល​បាន ត្រូវ​ពួក​ឈ្មួញ​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ថោក។ បុរស​ដដែល​បញ្ជាក់​ថា បច្ចុប្បន្ន កសិករ​បាន​ប្រមូល​ផល​ស្រូវ​ចេញ​ពី​ស្រែ​មក​ទុក​នៅ​ផ្ទះ​ជា​បន្តបន្ទាប់។ ផល​ស្រូវ​ទាំង​នេះ គឺ​កសិករ​ត្រូវ​ការ​លក់​ចេញ​ខ្លះ ដើម្បី​យក​ប្រាក់​ទៅ​ប្រើប្រាស់​លើ​ការ​ចំណាយ​ផ្សេងៗ ឬ​ក៏​សង​បំណុល​ដែល​ជំពាក់​គេ​កាល​ពី​អំឡុង​ពេល​ភ្ជួរ​រាស់ ជាដើម ក៏ប៉ុន្តែ​ក្រុម​ឈ្មួញ​បែរ​ជា​ទិញ​ផល​ស្រូវ​ទាំង​នេះ​ថោក​បំផុត ដូចជា​ស្រូវ​ផ្កា​រំដួល​ប្រភេទ​លេខ​១ គេ​ហ៊ាន​ទិញ​ក្នុង​តម្លៃ ៨៥០​រៀល និង​ស្រូវ​ធ្ងន់​ចាប់​ឆាយ​ធម្មតា គេ​ហ៊ាន​ទិញ​ក្នុង​តម្លៃ ៧០០​រៀល​ក្នុង ១​គីឡូ​ក្រាម ជាដើម៖ «សូម​ឲ្យ​រាជ​រដ្ឋាភិបាល លោក​ជួយ​ដាក់​តម្លៃ​ស្រូវ​ដែល​ទិញ​ពី​កសិករ​ឲ្យ​វា​ស្នើ​នឹង​ថ្លៃ​ទិញ​ជី​កសិកម្ម​ផង ពីព្រោះ​ជី​កសិកម្ម កាល​ពី​យើង​ទិញ ១​ការុង​ថ្លៃ ៣៥​ដុល្លារ​រួច​ហើយ ប៉ុន្តែ​ស្រូវ​វិញ​បើ​គិត ១០០​គីឡូ​ដូច​គ្នា គឺ​បាន​ថ្លៃ​តែ ៨៥.០០០​រៀល»

ក្រុម​កសិករ​នៅ​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា ពួក​គេ​ធ្លាក់​ទឹក​ចិត្ត​ជា​ខ្លាំង​ចំពោះ​តម្លៃ​ស្រូវ​ចុះ​ថោក​នៅ​រដូវ​ច្រូត​កាត់​នេះ។

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ បាន​ហៅ​ការ​ប្រមូល​ទិញ​ផល​ស្រូវ​ចុះ​ថ្លៃ​ខ្លាំង​នេះ ថា​វា​គឺ​ជា​ទម្លាប់​របស់​ពួក​ឈ្មួញ​ទៅ​ហើយ នៅ​គ្រប់​រដូវ​ប្រមូល​ផល​ស្រូវ និង​ផល​ចម្ការ។

មន្ត្រី​ផ្នែក​ផែនការ​របស់​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ លោក គាំ វុទ្ធីធន មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​ពេល​កសិករ​ប្រមូល​ផល​ដំឡូងមី និង​ស្រូវ ជាដើម គឺ​ពួក​ឈ្មួញ​តែង​តែ​ដើរ​ទិញ​ទម្លាក់​ថ្លៃ​យ៉ាង​ទាប។ មន្ត្រី​ដដែល​បញ្ជាក់​ថា លោក​បាន​មើល​ឃើញ​បញ្ហា​ពិបាក​រក​ទីផ្សារ​លក់​ដូរ​ផលិតផល​កសិកម្ម​នេះ ក៏ប៉ុន្តែ​លោក​មិន​អាច​ជួយ​អ្វី​ដល់​កសិករ​បាន​ទេ ពីព្រោះ​លោក​មិន​មាន​សិទ្ធិ​កំណត់​តម្លៃ​ឲ្យ​ពួក​ឈ្មួញ​ដែល​ដើរ​ទិញ​នោះ​បាន៖ «តែ​ដល់​យើង​ទៅ​ដំឡើង​ថ្លៃ​ដូចជា​អត់​មាន​យន្តការ​អ្វី​ទេ ពីព្រោះ​ឈ្មួញ​ជា​អ្នក​ប្រមូល​ទិញ មិន​មែន​យើង​ប្រមូល​ទិញ​ទេ»

មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា កាល​ពី​រដូវ​ភ្ជួរ​រាស់​ដើម​ឆ្នាំ​២០១៥ គឺ​កសិករ​បាន​ដាំ​ស្រូវ​លើ​ផ្ទៃ​ដី​ជាង ៧​ម៉ឺន ២​ពាន់​ហិកតារ។ ការ​ដាំ​ស្រូវ​ឆ្នាំ​នេះ គឺ​លើស​ផែនការ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ កន្លង​ទៅ ដែល​កសិករ​បាន​ធ្វើ​ស្រែ​តែ ៦​ម៉ឺន ២​ពាន់​ហិកតារ​នោះ។

ទោះ​យ៉ាង​ណា មន្ត្រី​មន្ទីរ​កសិកម្ម រំពឹង​ទុក​ថា នៅ​ក្នុង​ឆ្នាំ​នេះ កសិករ​ក្នុង​ខេត្ត​ឧត្តរមានជ័យ អាច​នឹង​ទទួល​បាន​ផល​ស្រូវ​តិច​ជាង​កាល​ពី​ឆ្នាំ​មុន ដោយសារ​តែ​ទឹក​ភ្លៀង​ធ្លាក់​មិន​ល្អ ធ្វើ​ឲ្យ​ស្រូវ​ជាច្រើន​ហិកតារ​រង​ការ​ខូចខាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។