ប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង កំពុងតែព្រួយបារម្ភពីការកកស្ទះរថយន្តនៅកំពង់ចម្លងសាឡាងអ្នកលឿងច្រើនម៉ោង ក្នុងដំណើរត្រឡប់ពីស្រុកកំណើតវិញ។ បញ្ហានេះ អាចធ្វើឲ្យពួកគាត់ខកដំណើរពេលត្រឡប់ទៅធ្វើការនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៧ មេសា។ ពួកគាត់ថ្លែងដូចនេះ ដោយសារតែថ្ងៃបុណ្យទានកន្លងមក តែងតែកើតមានករណីកកស្ទះរថយន្តជាច្រើនម៉ោងជាបន្តបន្ទាប់មកហើយ។
ក្រុមប្រជាពលរដ្ឋសម្ដែងក្ដីកង្វល់ថា ការកកស្ទះរថយន្តនៅសាឡាងអ្នកលឿងឆ្នាំនេះ អាចនឹងមានកកស្ទះបន្តកន្ទុយគ្នាជាច្រើនម៉ោង មិនខុសពេលមានពិធីបុណ្យទាននៅឆ្នាំមុនៗឡើយ។
ប្រជាពលរដ្ឋម្នាក់ដែលគ្រោងចេញដំណើរទៅរាជធានីភ្នំពេញ កញ្ញា សេង ឆវិន រស់នៅភូមិអំពិល ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង ថ្លែងនៅថ្ងៃទី១៦ មេសា ថា កញ្ញាមានការព្រួយបារម្ភខ្លាចខកមិនអាចទៅធ្វើការនៅក្រុងភ្នំពេញទាន់ពេល ដោយសារការកកស្ទះសាឡាងនៅកំពង់ចម្លងអ្នកលឿង។
កញ្ញា សេង ឆវិន បន្តថា កន្លងមកការកកស្ទះសាឡាងនៅពិធីបុណ្យទានម្ដងៗ តែងតែកើតមានយ៉ាងហោចណាស់ពី ៣ម៉ោង ទៅ ៦ម៉ោង ទើបអាចឆ្លងសាឡាងទៅត្រើយម្ខាងបាន ជាពិសេស គឺកកស្ទះរថយន្តរបស់អ្នកដំណើរនៅត្រើយខាងកើតតែម្ដង៖ «ស្ទះខ្លាំងមែនទែនលោកពូ ព្រោះសាឡាងភាគច្រើនឲ្យម៉ូតូឆ្លងមុន ឡានទុកក្រោយ ពេលដែលឲ្យម៉ូតូឆ្លងអស់ហើយ បានដាក់មួយសាឡាងឡាន បួនប្រាំទៅ។ ដល់អ៊ីចឹង វាកកស្ទះពិបាកធ្វើដំណើរណាស់ម្ដងៗ ពេលចូលឆ្នាំពេលភ្ជុំអី សឹងថាមិនចង់មកផ្ទះទេ កុំថាមកធ្វើបុណ្យធ្វើទាន»។
ចំណែកឯពលរដ្ឋមកពីស្រុកព្រះស្ដេច ម្នាក់ទៀត គឺលោក អ៊ិត ផស្ស ថ្លែងថា នៅថ្ងៃពិធីបុណ្យទានសំខាន់ៗកន្លងមក លោកតែងតែខកដំណើរ ដោយសារការកកស្ទះសាឡាងនៅកំពង់ចម្លងជាច្រើនម៉ោង។ លោកថា ពេលនោះមានរថយន្តកកស្ទះបន្តកន្ទុយគ្នាប្រវែងរាប់គីឡូដីទៀតផង៖ «ជាពិសេស គឺកន្លែងកំពង់ដហ្នឹង មិនទាន់ដល់កំពង់ដមែនទែន គឺស្ទះផ្លូវពីចម្ងាយមក ជួនកាលអាចរាប់គីឡូម៉ែត្រក៏មានដែរបង! អ៊ីចឹងធ្វើខ្ញុំចាំយូរ ហើយធុញ ជួនកាលវាអាចឲ្យយើងខាតពេលវេលាសម្រាប់ឲ្យយើងចង់ទៅហ្នឹង គឺថាចង់ទៅឲ្យទាន់ពេលវេលា ប៉ុន្តែយើងទៅវាស្ទះអ៊ីចឹង ធ្វើឲ្យយើងខកដំណើរបង!»។
រីឯប្រជាពលរដ្ឋមកពីស្រុករមាសហែក ខេត្តស្វាយរៀង វិញ គឺកញ្ញា ចាន់ អារី ថ្លែងថា ពេលបុណ្យទានម្ដងៗ កញ្ញាស្ទើរតែមិនចង់ត្រឡប់មកលេងផ្ទះទេ ព្រោះចរាចរមានការកកស្ទះ ពិបាកក្នុងការធ្វើដំណើរ ជាពិសេស គឺកកស្ទះនៅកំពង់ចម្លងសាឡាងអ្នកលឿងតែម្ដង។ កញ្ញា ចាន់ អារី បន្តថា ការកកស្ទះខកខានដំណើរពេលខ្លះ ដោយសារអាជ្ញាធរប្រចាំការធ្វើចរាចរនៅសាឡាងអ្នកលឿង យកលុយពីរថយន្តអ្នកដំណើរ និងឲ្យរថយន្តនោះបានឆ្លងសាឡាងទៅមុន៖ «ដល់អ៊ីចឹង អ្នកធ្វើដំណើរអ្នកណានេះអ៊ីចឹង គេជ្រេឲ្យមកមុនអ៊ីចឹងណាស់ចា៎! ដល់អ៊ីចឹង អ្នកដែលអត់បានឲ្យភាគច្រើននៅយឺតយ៉ាវ ជួនកាលខ្លាចថ្ងៃដែលត្រូវទៅធ្វើការហ្នឹង ទៅដល់កន្លែងយប់លោកពូ! ចា៎! យប់ជ្រៅអ៊ីចឹងអត់ហ៊ានទៅកន្លែង ព្រោះអីឡានអត់មានជូនដល់កន្លែងចា៎»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកពាមរ លោក សៅ ប្រសិដ្ឋ ទទួលស្គាល់ថា ក្នុងរដូវបុណ្យសំខាន់ៗ ការកកស្ទះសាឡាងអ្នកលឿងពិតជាមានមែន។ លោកថា អាជ្ញាធរបានដាក់កម្លាំងប៉ូលិស និងមន្ត្រីអាវុធហត្ថប្រមាណជាង ៤០នាក់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក សៅ ប្រសិដ្ឋ បញ្ជាក់ថា អាជ្ញាធរមិនបានយកលុយពីប្រជាពលរដ្ឋដើម្បីឲ្យបានរថយន្តចេញទៅមុននោះទេ គឺការកកស្ទះដោយសារការសម្រុកធ្វើដំណើរត្រឡប់ទៅរាជធានីភ្នំពេញ ច្រើនជាងថ្ងៃធ្វើដំណើរធម្មតា៖ «សាឡាងយើងអត់គ្រាន់ដោយសារគាត់បុកមកខ្លាំងហ្មង ឧទាហរណ៍លេងៗចុះបាទ ដូចត្រីចុះអ៊ីចឹង មកមួយសាមក គឺគ្មានអីទប់បានទេ។ អត់ដឹងពីខាងនោះទេ មកដឹកយកខាងនេះឲ្យអស់ ជួនកាលឲ្យម៉ូតូហើយកង់៣ ចេញទៅមុនឡានក៏មាន ព្រោះថាស្ទះអីច្រើនជាងយើងមើលតាមហ្នឹង»។
តែយ៉ាងណា ប្រជាពលរដ្ឋឲ្យដឹងថា សំបុត្រឆ្លងសាឡាង អាជ្ញាធរតែងតែយកតម្លៃលើសពីចំនួនកំណត់ ដូចជា សំបុត្រតម្លៃម៉ូតូមួយគ្រឿង ៥០០រៀល តែតម្រូវឲ្យអ្នកដំណើរបង់ ៧០០រៀលជាដើម។ សាឡាងនៅកំពង់ចម្លងអ្នកលឿងដំណើរការចំនួន ៤គ្រឿង គឺទៅ ២ មក ២គ្រឿង។ ការធ្វើដំណើរនៅសាឡាងអ្នកលឿងថ្ងៃចូលឆ្នាំខ្មែរ ថ្ងៃទី១ ថ្ងៃទី២ និងទី៣ ពុំមានការកកស្ទះដំណើរនោះទេ ប៉ុន្តែអាចនឹងស្ទះខ្លាំងប្រមាណ ៤ថ្ងៃ គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ មេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។