រោងចក្រ​នៅ​ក្រុង​បាវិត​បិទ​ទ្វារ​និង​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​ចំនួន​ពីរ​ថ្ងៃ

0:00 / 0:00

ស្ថានភាព​នៅ​តាម​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង មាន​សភាព​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​ទី​២៣ ធ្នូ បន្ទាប់​ពី​ភាគី​ពាក់ព័ន្ធ​បាន​បើក​កិច្ច​ចរចា​រក​ដំណោះស្រាយ ហើយ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​រយៈពេល ២​ថ្ងៃ។ ហិង្សា​រវាង​សមត្ថកិច្ច និង​កម្មករ បាន​កើត​ឡើង​ជា​បន្តបន្ទាប់ ក្នុង​ពេល​កម្មករ​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល ២០​ដុល្លារ​បន្ថែម។ ភាគី​និយោជក​នៅ​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ចាត់​វិធានការ​តាម​ច្បាប់ ខណៈ​ដែល​សហជីព និង​អាជ្ញាធរ​ខេត្ត ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោះស្រាយ​តាម​គំនិត​យោគយល់​គ្នា ដើម្បី​ឲ្យ​កម្មករ​ស្ងប់​ចិត្ត​ចូល​ធ្វើ​ការងារ​វិញ។

កម្មករ​មួយ​ចំនួន បាន​ជិះ​ឡាន​មក​ធ្វើ​ការ​ធម្មតា​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ប៉ុន្តែ​ត្រូវ​បាន​កង​កម្លាំង​សមត្ថកិច្ច ដាក់​បារ៉ាស់​ហាម​ឃាត់ និង​ណែនាំ​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​ឈប់​សម្រាក​ពីរ​ថ្ងៃ។

មន្ត្រី​សម្រប​សម្រួល​នៃ​សហព័ន្ធ​សហជីព​សំឡេង​យុវជន​ខ្មែរ គឺ​លោក សៅ កុសល មាន​ប្រសាសន៍​ថា ការ​អនុញ្ញាត​ឲ្យ​កម្មករ​ឈប់​សម្រាក​នេះ គឺ​ដើម្បី​ឲ្យ​កម្មករ​រម្ងាប់​ចិត្ត និង​ទុក​ឱកាស​ឲ្យ​ថ្នាក់​ដឹក​នាំ បន្ត​ស្វែងរក​ដំណោះស្រាយ៖ «បើ​គាត់​បាន​សម្រាក​នៅ​ផ្ទះ ឪពុក​ម្ដាយ​បាន​ពន្យល់​ពួក​គាត់​ខ្លះ​ទៅ អ្នក​ជិត​ខាង​ពន្យល់​ពួក​គាត់​ខ្លះ​ទៀត​ទៅ ថា​ការ​ធ្វើ​កូដកម្ម​បែប​នេះ​មិន​បាន​អ្វី​ទេ ហើយ​បើ​ប្រើ​អំពើ​ហិង្សា គឺ​កាន់​តែ​ខុស​ច្បាប់​ត​ទៅ​ទៀត»

ការ​មិន​បើក​ទ្វារ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​នេះ នៅ​បន្ទាប់​ពី​ការ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល នៅ​តែ​រីក​រាល​ដាល​ទ្រង់ទ្រាយ​ធំ​ស្ទើរ​គ្រប់​រោងចក្រ​នៅ​ក្រុង​បាវិត ហើយ​រហូត​ឈាន​ដល់​ផ្ទុះ​ហិង្សា​រវាង​កង​កម្លាំង​សមត្ថកិច្ច និង​កម្មករ​ជា​បន្តបន្ទាប់ ជាពិសេស​កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ ក្រុម​កម្មករ​បាន​រើស​ដុំ​ថ្ម និង​ដប​ទឹក​សុទ្ធ និង​វត្ថុ​រឹង​ផ្សេង​ទៀត គប់​តប​ត​ទល់​នឹង​សមត្ថកិច្ច​ដែល​ប្រើ​ឡាន​បាញ់​ទឹក និង​ដំបង​សំពង​ពួក​គេ។

ហេតុការណ៍​នោះ បណ្ដាល​ឲ្យ​សមត្ថកិច្ច ៣​នាក់​រង​របួស និង​ឡាន​ទឹក​មួយ​គ្រឿង​រង​ការ​ខូចខាត។ ចំណែក​កម្មករ​វិញ នៅ​មិន​ទាន់​ដឹង​ថា មាន​របួស​ប៉ុន្មាន​នាក់​នៅ​ឡើយ ប៉ុន្តែ​ក្រុម​កម្មករ​អះអាង​ថា មាន​កម្មការិនី​មួយ​ចំនួន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​វាយ និង​គប់​ដុំ​ថ្ម​ត្រូវ​វិញ​ដែរ៖ «ប៉ូលិស​វាយ​មនុស្ស​ស្រី​មួយ​ព្រនង់​ចំ​ស្មា ហើយ​ប៉ូលិស​ធ្វើ​អ្វី​ក៏​ត្រូវ​ដែរ ប៉ុន្តែ​កម្មករ​វិញ​ធ្វើ​អី​ក៏​ខុស»

សហជីព​ដែល​តាម​ឃ្លាំ​មើល​ស្ថានការណ៍​ប៉ះ​ទង្គិច​គ្នា​នេះ អះអាង​ថា ដំបូង​ឡើយ​មាន​កម្មករ​រោងចក្រ​មួយ​ចំនួន​ដែល​មិន​ព្រម​ចូល​ធ្វើ​ការ​នោះ បាន​គប់​ដុំ​ថ្ម និង​ស្រែក​បង្អើល​ឲ្យ​កម្មករ​ផ្សេង​ទៀត ចេញ​ពី​ធ្វើ​ការ ហើយ​ចូលរួម​តវ៉ា​ទាំងអស់​គ្នា។ សកម្មភាព​នេះ បាន​បណ្ដាល​ឲ្យ​ចំនួន​អ្នក​តវ៉ា​កើន​ឡើង​នៅ​ពេញ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (MANHATTAN) និង​តាយសេង (Tai Seng)។ ពេល នោះ អាជ្ញាធរ​ចាប់​ផ្ដើម​បង្ក្រាប​ដោយ​ប្រើ​ឡាន​បាញ់​ទឹក និង​ប្រើ​សម្ដី​គំរាម​កំហែង​ដាក់​កម្មករ ទើប​បណ្ដាល​ឲ្យ​កម្មករ​ផ្ទុះ​កំហឹង បែរ​មុខ​មក​ត​ទល់​គ្នា​មួយ​សន្ទុះ។

ក្រុម​កម្មករ​មួយ​ចំនួន អះអាង​ថា ការ​ចេញ​តវ៉ា​ជា​បន្តបន្ទាប់​នោះ គឺ​ក្នុង​បំណង​ទាមទារ​ប្រាក់​ឈ្នួល ២០​ដុល្លារ​បន្ថែម​ទៅ​លើ​ប្រាក់​ឈ្នួល​គោល​បច្ចុប្បន្ន ១២៨​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ​២០១៦ តាម​ការ​សន្យា​របស់​ក្រុមហ៊ុន​កន្លង​មក និង​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​កម្មករ ៤​នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ព្រម​ទាំង​ទាមទារ​ឲ្យ​រោងចក្រ រក្សា​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​អំឡុង​ពេល​តវ៉ា៖ «ទាមទារ​ឲ្យ​ឡើង​បាន ២០​ដុល្លារ ហើយ​គ្មាន​អ្នក​ណា​ញុះញង់​ទេ គឺ​កម្មករ​ចង់​បាន​ដោយ​ខ្លួន​ឯង។ ប្រាក់​ឈ្នួល​នៅ​ទាប​ពេក ហើយ​យើង​ធ្វើ​ការ​ទៅ​គេ​គាប​ពេក ដូច​ទាមទារ​គុណភាព​ខ្ពស់ និង​ចំនួន​កើន​ឡើង ហើយ​ទំនិញ​ក៏​ឡើង​ថ្លៃ»

ទាក់ទិន​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ហ៊ូ វតនៈ បាន​ដឹក​នាំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៅ​រសៀល​ថ្ងៃ​ទី​២២ ធ្នូ ជាមួយ​ភាគី​សហជីព និង​តំណាង​និយោជក ដើម្បី​ស្វែងរក​ដំណោះស្រាយ។ ក្រោយ​ចប់​កិច្ច​ប្រជុំ​នោះ លោក ហ៊ូ វតនៈ បាន​បង្ហាញ​លទ្ធផល​ចំនួន ៤​ចំណុច ក្នុង​នោះ​រួម​មាន អំពាវនាវ​ឲ្យ​កម្មករ​វិល​ចូល​ធ្វើ​ការ​វិញ ឈប់​បង្ក​ការ​តវ៉ា​ហិង្សា​ខុស​នីតិវិធី និង​យល់ព្រម​ដោះ​លែង​កម្មករ​ចំនួន ៤​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ៖ «សម្រាប់​កម្មករ ៤​នាក់ គឺ​រដ្ឋបាល​ខេត្ត​ទទួល​យក​បាន​តាម​ការ​សំណូមពរ តែ​សុំ​អនុវត្ត​នៅ​ក្រៅ​ឃុំ ដោយ​ធ្វើ​តាម​នីតិវិធី​តុលាការ ក្នុង​ការ​ដោះ​លែង។ សម្រាប់​ប្រាក់​អត្ថប្រយោជន៍​នៅ​ក្នុង​ថ្ងៃ​កូដកម្ម គឺ​និយោជក​កំពុង​ធ្វើ​ការ​ពិចារណា ដើម្បី​សម្រួល​ដោះស្រាយ​ជូន​ទៅ​តាម​គំនិត​នៃ​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​និយោជក និង​កម្មករ»

ជុំវិញ​ការ​ប៉ុនប៉ង​ដោះ​លែង​កម្មករ ៤​នាក់​ឲ្យ​មាន​សេរីភាព​វិញ​នេះ ត្រូវ​បាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) បាន​ចេញ​លិខិត​ថ្កោលទោស​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ។ ជីម៉ាក់ លើក​ឡើង​ថា កម្មករ​ទាំង ៤​នាក់​ដែល​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ចោទ​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​នោះ គ្មាន​នរណា​ម្នាក់​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​កិច្ច​អន្តរាគមន៍​ក្នុង​ប្រព័ន្ធ​ច្បាប់ និង​យុត្តិធម៌​កម្ពុជា ឡើយ ហើយ​គួរ​ទុក​ឲ្យ​តុលាការ​អនុវត្ត​នូវ​នីតិវិធី​របស់​ខ្លួន​ក្នុង​លក្ខណៈ​ឯករាជ្យ។

ដោយឡែក​ចំពោះ​ការ​ទាមទារ​ឲ្យ​រក្សា​ប្រាក់​អត្ថប្រយោជន៍​ក្នុង​អំឡុង​ពេល​តវ៉ា​នោះ ជីម៉ាក់ មិន​យល់ព្រម​ឡើយ។ នៅ​ក្នុង​លិខិត​នោះ ជីម៉ាក់ លើក​ឡើង​ថា គោលការណ៍​មិន​ធ្វើ​ការ មិន​មាន​ប្រាក់​ឈ្នួល គឺ​ជា​ជំហរ​រឹងមាំ​របស់​និយោជក ដើម្បី​ផ្តល់​នូវ​ភាព​យុត្តិធម៌​ចំពោះ​ភាគី​ទាំង​ពីរ គឺ​ភាគី​និយោជក និង​ភាគី​កម្មករ​និយោជិត​ផង​ដែរ។

ចំពោះ​ជំហរ​របស់​ភាគី​ក្រុមហ៊ុន​នេះ អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ការងារ​ឯករាជ្យ លោក លួស សេង លើក​ឡើង​ថា គឺ​ស្រប​នឹង​ច្បាប់​ដែល​ថា ក្នុង​កំឡុង​ពេល​កូដកម្ម​តាវកាលិក​នៃ​ការងារ មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ទេ ហើយ​ប្រាក់​ឈ្នួល​ក៏​មិន​ត្រូវ​បើក​ឲ្យ​ដែរ ប៉ុន្តែ​ជំហរ​នេះ គឺ​មិន​អាច​បន្ធូរបន្ថយ​ភាព​តានតឹង​បាន​ឡើយ។ លោក​ថា និយោជក​គួរ​តែ​ដោះស្រាយ​តាម​ការ​យោគយល់​គ្នា និង​ដោះ​ដូរ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​បញ្ចប់​បញ្ហា៖ «សុំ​ឲ្យ​រោងចក្រ​យោគយល់​ថា កម្មករ​ឈប់​ប៉ុន្មាន​ថ្ងៃ​នេះ ត្រូវ​ដោះ​ដូរ​ជា​ដំណាច់​ឆ្នាំ​វិញ អត្ថប្រយោជន៍​ផ្សេងៗ​សូម​ឲ្យ​រោងចក្រ​រក្សា​ធម្មតា»

ដោយឡែក​ព័ត៌មាន​លេច​ឮ​ថា មាន​រោងចក្រ​មួយ​ចំនួន​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម ២០​ដុល្លារ​នៅ​ពេល​ដំណាច់​ឆ្នាំ​នោះ គឺ​ត្រូវ​បាន​ក្រសួង​ការងារ ចេញ​លិខិត​ច្រាន​ចោល ដោយ​បញ្ជាក់​ថា ជា​ពាក្យ​ចចាមអារ៉ាម គ្មាន​ឯកសារ​យោង និង​គ្មាន​តំណាង​ពិត​ប្រាកដ រហូត​បង្ក​ឲ្យ​មាន​របួស​ស្នាម ជ្រួល​ច្របល់ សកម្មភាព​ហិង្សា ជាដើម។ ក្រសួង​ការងារ វាយ​តម្លៃ​ថា កូដកម្ម​កន្លង​មក​នេះ គឺ​ខុស​នឹង​ច្បាប់ និង​ស្រប​ពេល​អ្នក​បញ្ជា​ទិញ​កំពុង​ធ្វើ​ការ​ប្រៀបធៀប​កម្ពុជា ជាមួយ​បណ្ដា​ប្រទេស​ផ្សេង​ទៀត។ ដូច្នេះ សកម្មភាព​ហិង្សា​នេះ នឹង​អាច​ធ្វើ​ឲ្យ​អ្នក​បញ្ជា​ទិញ បាត់បង់​ជំនឿ​ក្នុង​ការ​វិនិយោគ និង​ដក​ខ្លួន​ចេញ​ពី​កម្ពុជា ទៀត​ផង។ ទន្ទឹម​នេះ ក្រសួង​ការងារ អំពាវនាវ​ឲ្យ​កម្មករ​រក្សា​ភាព​នឹងន ហើយ​រាល់​ការ​តវ៉ា ត្រូវ​ចាត់​តំណាង​ពិត​ប្រាកដ​ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជួយ​អន្តរាគមន៍។

ក្រុម​កម្មករ​ជាង ៣​ម៉ឺន​នាក់​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើ​ការ​តាំង​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ដើម្បី​ទាមទារ​ប្រាក់​ខែ​គោល​យ៉ាង​ហោច ១៥០​ដុល្លារ នៅ​បន្ទាប់​ពី​ពួក​គេ​យល់​ថា ប្រាក់​ឈ្នួល​ដែល​រាជ​រដ្ឋាភិបាល​សម្រេច​ប្រគល់​ឲ្យ ១៤០​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៦ មិន​អាច​ធានា​ឲ្យ​ពួក​គាត់​រស់នៅ​សមរម្យ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។