មន្ត្រីរៀបចំការបោះឆ្នោតប្រចាំឃុំល្វាក្រាំង នៃស្រុកវ៉ារិន ខេត្តសៀមរាប រួមទាំងអ្នកសង្កេតការណ៍របស់គណបក្សនយោបាយខ្លះទៀត បានឱ្យដឹងថា គេបានប្រទះឃើញលិខិតអនាមិកមួយសន្លឹកនៅក្នុងហិបឆ្នោតនៃការិយាល័យលេខ ១១១៥។
លិខិតនោះបានសុំឱ្យប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍បង្ក្រាបទៅលើអំពើពុករលួយក្នុងអង្គភាពយោធា ដែលមេបញ្ជាការមួយចំនួនកំពុងប្រព្រឹត្ត។ គេបានរកឃើញលិខិតមួយសន្លឹកនោះ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា បន្ទាប់ពីការបោះឆ្នោតនៅការិយាល័យលេខ ១១១៥ នៅភូមិគោកកណ្ដាល បានចប់សព្វគ្រប់ ហើយមន្ត្រីរៀបចំការបោះឆ្នោតបានចាប់ផ្ដើមធ្វើការរាប់សន្លឹកឆ្នោត។
ប្រធានក្រុមប្រតិបត្តិស្រុកវ៉ារិន របស់គណបក្សសង្គ្រោះជាតិ គឺលោក ឈឿម ប៊ុនឆុង។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី២៩ ខែកក្កដា ថា កាលពីល្ងាចថ្ងៃអាទិត្យ លោកបានទៅសង្កេតការណ៍នៅការិយាល័យបោះឆ្នោតលេខ ១១១៥ នៅក្នុងសាលាបឋមសិក្សា ច័ន្ទគីរី នៃភូមិគោកកណ្ដាល ឃុំល្វាក្រាំង។ លោក ប៊ុនឆុង អះអាងថា មានទាហានជាង ៦៩០នាក់ ត្រូវគេចល័តពីព្រំដែនកម្ពុជា-ថៃ ឱ្យទៅបោះឆ្នោតនៅការិយាល័យនោះ។ បន្ទាប់ពីបោះឆ្នោត គឺមានទាហានខ្លះបានលួចដាក់សំបុត្រសម្ងាត់ចូលទៅក្នុងហិបជាមួយសន្លឹកឆ្នោត ហើយសំបុត្រនោះត្រូវមន្ត្រីរៀបចំការបោះឆ្នោត និងក្រុមអ្នកសង្កេតការណ៍រកឃើញនៅពេលរាប់សន្លឹកឆ្នោត ព្រមទាំងបានថតទុកជាឯកសារផង។
លោក ឈឿម ប៊ុនឆុង៖ «សារហ្នឹងគេសុំជួយធ្វើអន្តរាគមន៍ដល់កងពលលេខ ៨ នៅចំណុច តាសឹម ព្រោះនៅកងពលនេះមានភាពពុករលួយ មេធំៗកាត់យកលុយពីទាហាន ១ខែចំនួន ២៨.០០០រៀល ដោយមិនដឹងមូលហេតុ។ ទី២ ពេលណាដែលសម្ដេចនាយកចែកដីឱ្យទាហាន មេៗនោះមានឱកាសខ្លះយក៥ ខ្លះ ១០ហិកតារ ហើយយកឈើដែលមិនល្អទៅធ្វើផ្ទះឱ្យទាហាន និងប្រពន្ធទាហាននៅ។ អូ! ច្រើនណាស់ខ្ញុំចាំអត់បាន»។
មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតប្រចាំឃុំល្វាក្រាំង លោក ប៊ូ តារា ក៏បានទទួលស្គាល់ថា ពិតជាមានលិខិតបែបនេះមែន។ លោក ប៊ូ តារា បានបញ្ជាក់ថា នៅក្នុងលិខិតនោះបានបញ្ជាក់ថា ពួកគេគឺជាទាហានមកពីវរៈលេខ ៣៨៣ ដែលចំណុះឱ្យកងពលតូចថ្មើរជើងលេខ៨៖ «លិខិតនោះក្រដាសសៀវភៅតូច ក្រដាសដែលមានបន្ទាត់បត់ចូលទៅក្នុងហិបឆ្នោតជាមួយសន្លឹកឆ្នោត។ យើងអត់យល់ពីអត្ថន័យរបស់គាត់ដែរ មិនដឹងមានបំណងយ៉ាងម៉េច? លិខិតនោះបញ្ជូនទៅលើហើយ ទៅតាមសន្លឹកឆ្នោតនោះឯង»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការយោធានៃកងពលតូចថ្មើរជើងលេខ ៨ ដើម្បីសុំប្រតិកម្មជុំវិញបញ្ហានេះបាននៅឡើយទេ។
ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមកពីគណបក្សនយោបាយ និងអង្គការក្រៅរដ្ឋាភិបាលខ្លះ បានរកឃើញថា នៅការិយាល័យបោះឆ្នោតលេខ ១១១៥ នោះ ក្នុងចំណោមទាហាន ៦៩២នាក់ ដែលគេបានបញ្ជូនពីព្រំដែនកម្ពុជា-ថៃ ឱ្យមកបោះឆ្នោតនៅស្រុកវ៉ារិន គឺចំនួនជាង ២០សំឡេងបានបោះគាំទ្រគណបក្សសង្គ្រោះជាតិ ហើយគេសង្ស័យថា ប្រហែលជាទាហានណាម្នាក់ក្នុងចំណោមអ្នកជាង ២០នាក់នោះ ដែលបានប្លុងលិខិតទៅក្នុងហិបឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។