កម្លាំង​អាវុធហត្ថ​៦​នាក់​ត្រូវ​ផ្អាក​មុខងារ​បណ្ដោះ​អាសន្ន​ករណី​ប្រើ​ហិង្សា​លើ​អ្នក​ដឹក​ស្រូវ

0:00 / 0:00

មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា សម្រេច​ផ្អាក​មុខងារ​បណ្ដោះ​អាសន្ន​កង​រាជ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​ព្រៃវែង ចំនួន ៦​នាក់ ដើម្បី​ដោះស្រាយ​តាម​ផ្លូវ​តុលាការ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទុះ​អាវុធ និង​ប្រើប្រាស់​ហិង្សា​លើ​ពលរដ្ឋ​ដឹក​ស្រូវ​ក្នុង​ខេត្ត​ព្រៃវែង កាល​ពី​ខែ​មីនា។

ការ​សម្រេច​នេះ ត្រូវ​បាន​មន្ត្រី​កង​រាជ​អាវុធហត្ថ ប្រកាស​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា នា​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​លើ​ប្រទេស​ក្នុង​ខណ្ឌ​ទួលគោក។

ការ​សម្រេច​របស់ លោក សៅ សុខា បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​ចំពោះ​កិច្ច ចុះ​ស្រាវជ្រាវ​ករណី​បាញ់​បោះ និង​ការ​ប្រើប្រាស់​ហិង្សា​លើ​ពលរដ្ឋ​ដឹក​ស្រូវ​នៅ​ខេត្ត​ព្រៃវែង រក​ឃើញ​ថា កម្លាំង​កង​រាជ​អាវុធហត្ថ​មក​ពី​ពីរ​ខេត្ត​នេះ ពិត​ជា​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង និង​បំពាន​លើ​ច្បាប់​ក្នុង​ពេល​អនុវត្ត​ការងារ​របស់​ខ្លួន។

កង​រាជ​អាវុធហត្ថ​ទាំង ៦​នាក់​នោះ មាន ៣​នាក់​មក​ពី​ខេត្ត​ត្បូងឃ្មុំ និង ៣​នាក់​ទៀត​មក​ពី​ខេត្ត​ព្រៃវែង ក្នុង​នោះ​ក៏​រួម​មាន​មេ​បញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ លោក វ៉ន ពឿន និង​ប្រធាន​ស្នាក់ការ​សន្តិសុខ​៨០៨ ខេត្ត​ព្រៃវែង លោក យិន ឡុង ផង​ដែរ។

មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចុះ​ស្រាវជ្រាវ លោក ស៊ិន សុផាន្នី មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ថា សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ និង​ប្រើប្រាស់​ហិង្សា​លើ​ពលរដ្ឋ​មាន​ទាំងអស់ ១២​នាក់ ប៉ុន្តែ​ក្នុង​នោះ ៦​នាក់​ត្រូវ​បាន​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ អនុក្រឹត្យ​ស្ដីពី​បទ​វិន័យ​ទូទៅ​សម្រាប់​កង​យោធពល​ខេមរភូមិន្ទ និង​បទបញ្ជា​ផ្ទៃ​ក្នុង​កង​រាជ​អាវុធហត្ថ។

លោក​បញ្ជាក់​ថា កង​រាជ​អាវុធហត្ថ​ទាំង ៦​នាក់​នោះ បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ដូចជា បាន​រាយការណ៍​មិន​តាម​ឋានានុក្រម ភូត​កុហក​ក្នុង​ពេល​រាយការណ៍ ធ្វើ​ឲ្យ​ផ្ទុះ​អាវុធ​ដោយ​គ្មាន​បញ្ជា ការ​បាញ់​គំរាម ការ​បាញ់​លើ​រថយន្ត​ជន​រងគ្រោះ ហើយ​ខ្លះ​ទៀត​បាន​ក្រេប​គ្រឿង​ស្រវឹង​មុន​ពេល​ប្រតិបត្តិការ​ទៀត​ផង។ លោក​ថា ទង្វើ​របស់​មន្ត្រី​ទាំង​នេះ​ជា​ការ​បំពាន​ច្បាប់ ដែល​កង​រាជ​អាវុធហត្ថ​ចាំបាច់​ត្រូវ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ពួក​គេ។ លោក​បញ្ជាក់​ដែរ​ថា កង​អាវុធហត្ថ​ពាក់ព័ន្ធ​ទាំងអស់​សុទ្ធតែ​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​បាញ់​បោះ​មែន ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់​ទទួល​ស្គាល់​ថា​មាន​ការ​វាយ​ដំ និង​ចាប់​ចង​ពលរដ្ឋ​រងគ្រោះ​នោះ​ទេ។

ទោះ​យ៉ាង​ណា លោក ស៊ិន សុផាន្នី អះអាង​ថា ពួក​គេ ៦​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​រួច​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មេសា ហើយ​សំណុំ​រឿង​ពួក​គេ ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ព្រៃវែង រួច​ហើយ​ដែរ​ក្នុង​ថ្ងៃ​តែ​មួយ៖ «ទោះ​បី​ជា​គាត់​មិន​សារភាព​ក៏ដោយ ប៉ុន្តែ​អង្គ​ហេតុ​នេះ​យើង​ជឿ​ទេ​ថា នៅ​ពេល​ដែល​ចាប់​ចឹង ហើយ​គាត់​បដិសេធ​មិន​បាន​វាយ​មិន​បាន​ចង​យ៉ាង​ម៉េច​នោះ វា​ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​អង្គ​ហេតុ​នេះ អំពើ​នេះ​ជា​ទម្រង់​នៃ​ភាព​ឃោរឃៅ​ដែល​យើង​មិន​អាច​ទទួល​យក​បាន​ទេ។ អ៊ីចឹង​ក្នុង​នាម​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវ​តែ​ចាត់​វិធានការ​ម៉ឺងម៉ាត់​បញ្ជូន​ទៅ​តុលាការ ដើម្បី​ឲ្យ​តុលាការ​វិនិច្ឆ័យ»

លោក សៅ សុខា កាល​ពី​ថ្ងៃ​ទី​២២ មីនា បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ ដើម្បី​ចុះ​ស៊ើប​អង្កេត​ពី​ករណី​បាញ់​បោះ និង​វាយ​ដំ​ទៅ​លើ​ប្រជាពលរដ្ឋ​ដឹក​ស្រូវ​ដោយ​កម្លាំង​កង​រាជ​អាវុធហត្ថ។ ករណី​បាញ់​បោះ​នោះ បាន​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​មីនា នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​ព្រៃវែង ប៉ុន្តែ​ដោយ​មាន​ការ​ពាក់ព័ន្ធ​នឹង​កម្លាំង​កង​រាជ​អាវុធហត្ថ​មក​ពី​ខេត្ត​ត្បូងឃ្មុំ ផង​ដែរ។

ក្រោយ​ព្រឹត្តិការណ៍​នោះ បុរស ២​នាក់​នៅ​លើ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ធ្វើ​ទារុណកម្ម​យ៉ាង​ដំណំ។ រូបភាព​នៃ​ការ​ចាប់​ឃាត់​ខ្លួន និង​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ដឹក​ស្រូវ ត្រូវ​បាន​ពលរដ្ឋ​បង្ហោះ និង​ចែក​ចាយ​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ រូបភាព​បង្ហាញ​ពី​បុរស ២​នាក់​ដោះ​អាវ ខ្លួន និង​មុខ​ប្រឡាក់​ឈាម ហើយ​បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចង​ស្លាប​សេក​ឲ្យ​ដេក​ផ្កាប់​មុខ​លើ​ថ្នល់ រួច​យក​ជើង​ជាន់​ពី​លើ​ក្បាល។

ចំពោះ​វិធានការ​របស់ លោក សៅ សុខា នៅ​ពេល​នេះ ត្រូវ​បាន​ប្រធាន​គ្រប់គ្រង​បច្ចេកទេស​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត សម្ដែង​ការ​គាំទ្រ។ លោក អំ សំអាត កត់​សម្គាល់​ថា ការ​ដាក់​ពិន័យ​រដ្ឋបាល​តាម​រយៈ​ការ​បញ្ឈរ ឬ​ផ្អាក​មុខងារ​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការ​ស៊ើប​អង្កេត​របស់​តុលាការ វា​ជា​រឿង​ត្រឹមត្រូវ។ លោក​ថា ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា កង​រាជ​អាវុធហត្ថ​បាន​ប្រព្រឹត្ត​បទល្មើស ពួក​គេ​ត្រូវ​ទទួល​ទោស​តាម​ច្បាប់៖ «ខ្ញុំ​ថា​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ផ្សេងៗ​ទៀត ធ្វើ​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន ក៏​ដូចជា​ការ​អនុវត្ត​ច្បាប់​ដោយ​មិន​មាន​ការ​អាង​ថា​ខ្លួន​ជា​សមត្ថកិច្ច ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត»

បើ​ទោះ​ជា​មាន​វិធានការ​ច្បាប់​ចំពោះ​កង​រាជ​អាវុធហត្ថ​ក៏ដោយ គណៈកម្មការ​ចំពោះ​កិច្ច ក៏​បាន​រក​ឃើញ​ដែរ​ថា ពលរដ្ឋ​ដឹក​ស្រូវ ២​នាក់ ក៏​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​ផង​ដែរ។ លោក ស៊ិន សុផាន្នី បញ្ជាក់​ថា ពលរដ្ឋ​ដឹក​ស្រូវ​ទាំង​នោះ​មាន​ចេតនា​បើក​គេច​ពី​ក្រុម​ថ្លឹង​ជញ្ជីង​ចល័ត ដោយ​ហេតុ​ថា រថយន្ត​ពួក​គេ​ដឹក​លើស​ទម្ងន់។ ពួក​គេ​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​មិន​ព្រម​ឈប់​រថយន្ត​តាម​ការ​ចង់​បាន​របស់​សមត្ថកិច្ច។

យ៉ាង​ណា លោក​ថា ពួក​គេ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ទេ​នៅ​ពេល​នេះ ប៉ុន្តែ​លោក​ថា នីតិវិធី​បន្ត​សម្រាប់​ពួក​គេ នឹង​ទៅ​ជា​យ៉ាង​ណា​នោះ វា​អាស្រ័យ​លើ​ការ​ចាត់ការ​របស់​តុលាការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។