សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានផ្ញើលិខិតជូនលោក ហង់ ជួនណារ៉ុន ដែលទើបឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំនៃរាជរដ្ឋាភិបាលអាណត្តិទី៥ ឲ្យជួយពិនិត្យលើករណីពង្រាយគ្រូតាមសាលាខ្លះក្នុងខេត្តតាកែវ ចេញពីសាលាជិតផ្ទះទៅសាលាឆ្ងាយ។
លិខិតសមាគគ្រូបង្រៀន ចុះហត្ថលេខាដោយលោក រ៉ុង ឈុន ចុះថ្ងៃទី១៦ ខែតុលា បានបង្ហាញថា គ្រូបង្រៀនចំនួន ៤នាក់ មានឈ្មោះលោកគ្រូ ជឹម វណ្ណៈ លោកគ្រូ ឃ្លាំង ច័ន្ទតារា លោកគ្រូ ចៀម ចិន និងលោកគ្រូ ប៉ុល ម៉េងឃាង បង្រៀននៅសាលាបឋមសិក្សាសម៉រ ស្រុកទ្រាំង និងបង្រៀននៅវិទ្យាល័យ សុខ អាន ទន្លាប់ ស្រុកគីរីវង្ស ខេត្តតាកែវ ត្រូវបានមន្ត្រីមន្ទីរ និងការិយាល័យអប់រំ ខេត្តតាកែវ ផ្លាស់ឲ្យទៅបង្រៀននៅសាលាផ្សេងឆ្ងាយពីផ្ទះដោយមិនដឹងមូលហេតុ។
បន្ថែមលើនេះ លោក រ៉ុង ឈុន រំពឹងថា ថ្នាក់ដឹកនាំក្រសួងអប់រំថ្មី នឹងពិនិត្យហើយឆ្លើយតបលើករណីពង្រាយគ្រូបង្រៀនទាំងបង្ខំនៅខេត្តតាកែវ៖ «យើងរំពឹងថា រដ្ឋមន្ត្រីក្រសួងអប់រំថ្មីនឹងធ្វើកំណែទម្រង់ និងផ្លាស់ប្តូរជុំវិញបញ្ហាគ្រូបង្រៀននេះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំដើម្បីស្នើបំភ្លឺលើសំណើសមាគមគ្រូបង្រៀនបានទេ។ ប៉ុន្តែលោក សំ សេរីរ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំក្រសួងអប់រំ មានប្រសាសន៍នៅថ្ងៃពុធ ទី១៦ ខែតុលា ថា មិនទាន់ទទួលលិខិតសមាគមគ្រូបង្រៀនផ្ញើមកក្រសួងនៅឡើយទេ។ ប៉ុន្តែលោកថា នៅពេលក្រសួងទទួលបានលិខិត ហើយមានចំណាពីថ្នាក់ដឹកនាំក្រសួងអប់រំនោះ នោះមន្ត្រីជំនាញពិនិត្យចំពោះសកម្មភាពពង្រាយគ្រូនេះ។
គ្រូបង្រៀនចំនួន ៤នាក់ ដែលត្រូវមន្ត្រីមន្ទីរអប់រំ និងអ្នកពាក់ព័ន្ធខេត្តតាកែវ ពង្រាយឲ្យទៅបង្រៀនសាលាថ្មី បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំថ្មីជួយសម្រួលឲ្យបានបង្រៀននៅសាលាដើមវិញ។
លោកគ្រូ ជឹម វណ្ណៈ បង្រៀននៅសាលាបឋមសិក្សាសម៉រ ស្រុកទ្រាំង ខេត្តតាកែវ ក្នុងចំណោមគ្រូផ្សេងទៀត បានចោទថា ការផ្លាស់ប្តូរ ឬការពង្រាយពួកគាត់ទៅកាន់សាលាបង្រៀនផ្សេងរបស់មន្ទីរអប់រំខេត្តតាកែវ មានភាពរើសអើង និងបក្សពួកនិយម។
គ្រូបង្រៀនរូបនេះឲ្យដឹងថា សាលាថ្មីដែលគេបញ្ជូនឲ្យទៅបង្រៀននោះ គឺមានចម្ងាយឆ្ងាយពីផ្ទះរស់នៅជាង ៥០គីឡូម៉ែត្រ ហើយថា ការផ្លាស់ប្តូរសាលាបង្រៀននេះ ពួកគាត់មិនបានដឹងថា មានកំហុសឆ្គងអ្វីនោះទេ៖ «ឮសូរតែព័ត៌មានតិចតួចនៅក្នុងរបាយការណ៍ហើយទៅវិញបាត់។ សូមឲ្យមន្ត្រីអប់រំចុះផ្ទាល់ដល់ទីកន្លែងតែម្តង ហើយសូមឲ្យឯកឧត្តម ហង់ ជួនណារ៉ុន ចុះមកដល់ទីកន្លែងកុំខាន ដើម្បីរកយកយុត្តិធម៌ និងជំរុញឲ្យក្រសួងអប់រំ មានភាពយុត្តិធម៌ត្រឹមត្រូវផង»។
ទាក់ទិនបញ្ហានេះ នាយកសាលាបឋមសិក្សាសម៉រ លោក ឆឹង សត្យា បានឆ្លើយបដិសេធថា រូបលោកមិនជាប់ពាក់ព័ន្ធ ឬគ្មានសិទ្ធិក្នុងការផ្លាស់ប្តូរគ្រូបង្រៀនពីសាលាមួយទៅសាលាផ្សេងទេ។ លោកថា អ្នកមានសិទ្ធិសម្រេចលើកិច្ចការពង្រាយគ្រូបង្រៀននេះ ទាល់តែថ្នាក់មន្ទីរអប់រំខេត្តតាកែវ ឬមន្ត្រីការិយាល័យស្រុកទើបមានសិទ្ធិផ្លាស់ប្តូរ។
ប្រធានមន្ទីរអប់រំខេត្តតាកែវ លោក សីវ សុខន ធ្លាប់បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការផ្លាស់ប្តូរគ្រូបង្រៀននៅតាមសាលាខ្លះក្នុងខេត្តតាកែវ នេះទេ។
ប្រធានការិយាល័យអប់រំស្រុកទ្រាំង ខេត្តតាកែវ អ្នកស្រី ជិត គឹមណាវី បានឲ្យដឹងថា សិទ្ធិសម្រេចក្នុងការពង្រាយគ្រូ ឬផ្លាស់គ្រូបង្រៀនពីសាលាមួយទៅសាលាផ្សេង ជាកិច្ចការរបស់មន្ទីរអប់រំខេត្តតាកែវ ថ្នាក់ក្រោមមិនមានសិទ្ធិសម្រេចទេ៖ «សាលាហ្នឹងធ្លាប់មានបញ្ហាច្រើនដង និងបានចុះនៅក្នុងគេហទំព័រ ថាមន្ទីរអប់រំ និងការិយាល័យអប់រំហ្នឹង មិនបានអើពើលើការងារផ្សេងៗ។ នាយកសាលាហ្នឹងធ្លាប់ចុះកាសែតអ៊ីចឹងៗ បើជាសំណើរបស់សាលាមកដល់ដៃហើយ ហើយយើងមិនធ្វើវាមានន័យថា វាស្របទៅនឹងការចុះកាសែតលើកមុនទៀតហើយ។ យើងមើលតាមគោលការណ៍រដ្ឋបាលរបស់សាលា គេធ្វើសំណើមក គេមានក្រុមប្រឹក្សា គេមានប្រជុំវាយតម្លៃអីជាដើម»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះបានប្រកាសថា នឹងធ្វើកំណែទម្រង់ដឹកនាំនៅតាមក្រសួង ឬស្ថាប័នកំពូលៗនានានៃរដ្ឋាភិបាលអាណត្តិទី៥ ឲ្យបានប្រសើរឡើង។ ក្នុងនោះក៏រាប់បញ្ជូលលុបបំបាត់បក្សពួកនិយម ឬគ្រួសារនិយមជាដើម។
កំណែទម្រង់នេះ ក្រុមគ្រូបង្រៀនខេត្តតាកែវ រំពឹងថា រដ្ឋាភិបាលអាចអនុវត្តមានប្រសិទ្ធភាព និងលុបបំបាត់ឲ្យបាននូវការរើសអើង អំពើបក្សពួកនិយម ឬប្រកាន់និន្នាការនយោបាយ ដែលធ្លាប់កើតតាមក្រសួង ឬស្ថាប័នរដ្ឋកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។