គ្រូបង្រៀន​តាម​សាលា​ខ្លះ​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​ខែ​១​លាន​រៀល

ក្រុម​គ្រូ​បង្រៀន​នៅ​តាម​សាលា​តាម​រាជធានី-ខេត្ត​មួយ​ចំនួន ក្នុង​ប្រទេស​កម្ពុជា បាន​បន្ត​លើក​បដា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្ស​អប្បបរមា ឬ​ប្រាក់​ខែ​គោល​ឲ្យ​បាន ១​លាន​​រៀល​ក្នុង​១​​ខែ សម្រាប់​គ្រូ​បង្រៀន​ម្នាក់ៗ។ គ្រូ​បង្រៀន​អះអាង​ថា ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​របស់​ពួក​គាត់ មាន​ការ​គំរាម​ពី​នាយក​សាលា ឬ​ពី​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​អប់រំ និង​ប៉ូលិស​​មូលដ្ឋាន​តាម​រូបភាព​ផ្សេងៗ។

0:00 / 0:00

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​មករា ថា មាន​សាលា​ចន្លោះ​ពី ១០ ទៅ ២០​សាលា​ទេ​នៅ​ទូទាំង​ប្រទេស មាន​គ្រូ​បង្រៀន​ហ៊ាន​ចេញ​មុខ​ធ្វើ​កូដកម្ម​មិន​ចូល​បង្រៀន ឬ​​លើក​បដា​ទាមទារ​ដំឡើង​ប្រាក់​ខែ ១​លាន​រៀល។

លោក​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិចារណា​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន​ឲ្យ​បាន​សមរម្យ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​​គ្រូ​បង្រៀន និង​ការ​សិក្សា​របស់​សិស្ស៖ «យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​ដំណោះស្រាយ​ទៅ​តាម​ការ​ទាមទារ​របស់​លោកគ្រូ​អ្នកគ្រូ​ឲ្យ​បាន ១​លាន​រៀល​ក្នុង​១​ខែ​ជូន​ពួក​គាត់។ យើង​ដឹង​ហើយ​នៅ​ឆ្នាំ​២០១៤ នេះ រដ្ឋាភិបាល​មិន​ទាន់​បាន​ដំឡើង​​ទេ​ជុំវិញ​ប្រាក់​ខែ​របស់​ពួក​គាត់»

​ក្រុម​គ្រូ​បង្រៀន​ដែល​បាន​បន្ត​​ចេញ​មុខ​តវ៉ា ឬ​លើក​បដា​នៅ​តាម​សាលា​នានា ដើម្បី​ទាមទារ​ប្រាក់​ខែ ១​លាន​រៀល នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​មករា បាន​អះអាង​ដូចៗ​គ្នា​ថា ពួក​គាត់​​ត្រូវ​នាយក​សាលា ឬ​ប្រធាន​មន្ទីរ​អប់រំ និង​ប៉ូលិស​នៅ​តាម​រាជធានី-ខេត្ត​នីមួយៗ ព្រមាន​​ដក​ចេញ​ពី​ក្របខណ្ឌ​គ្រូ​បង្រៀន ឬ​គំរាម​ដាក់​ពិន័យ​ផ្សេងៗ។

គ្រូ​បង្រៀន​ឈ្មោះ ទៀប កែវភិរម្យ បង្រៀន​នៅ​វិទ្យាល័យ ជា ស៊ីម ចំរើន​រដ្ឋ មាន​ទីតាំង​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​ចំណោម​គ្រូ​បង្រៀន​តាម​សាលា​ផ្សេង​ទៀត ដែល​តវ៉ា​ដំឡើង​ប្រាក់​ខែ ១​លាន​រៀល។ លោក​បាន​ឲ្យ​ដឹង​ថា សកម្មភាព​តវ៉ា​លើក​បដា​ទាមទារ​ដំឡើង​ប្រាក់​ខែ​របស់​គ្រូ​បង្រៀន​នៅ​ក្នុង​សាលា​នេះ បាន​រង​ការ​គំរាម​ពី​នាយក​របស់​ខ្លួន។

លោក កែវភិរម្យ ថ្លែង​ថា សកម្មភាព​តាម​ទាមទារ​ដំឡើង​ប្រាក់​ខែ​របស់​ក្រុម​គ្រូ​បង្រៀន គឺ​មិន​បាន​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​ទេ និង​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា។ ដូច្នេះ មិន​គួរ​មាន​ការ​គំរាម​កំហែង​ពី​ផ្នែក​ពាក់ព័ន្ធ​ណា​មួយ​ឡើយ៖ «ព្រឹក​មិញ​ខ្ញុំ​មក​សាលា ហើយ​ខ្ញុំ​រៀប​ចំ​សរសេរ​បដា​លើក ហើយ​ត្រូវ​នាយក​គាត់​ឃាត់។ នាយក​និយាយ​ថា អត់​ឲ្យ​ធ្វើ​ទេ បើ​ហ៊ាន​ធ្វើ​ហៅ​ប៉ូលិស​មក​ឥឡូវ។ ហើយ​ខ្ញុំ​ក៏​និយាយ​ថា ការ​ធ្វើ​នេះ​ជា​សិទ្ធិ និង​សេរីភាព​របស់​ខ្ញុំ​ទេ។ ក្រោយ​មក ឃើញ​ប៉ូលិស​បង្ហាញ​វត្តមាន​ម្នាក់ ហើយ​នាយក​មក​ហាម​មិន​ឲ្យ​ធ្វើ​ជា​ដាច់​ខាត បើ​ចង់​ធ្វើ​ទៅ​ធ្វើ​នៅ​ឲ្យ​ឆ្ងាយ។ ខ្ញុំ​ថា នៅ​ក្នុង​សាលា​ក៏​គេ​មាន​សិទ្ធិ​លើក​បដា​ទាមទារ​នេះ​ដែរ។ ហើយ​ខ្ញុំ​មាន​​គ្នា​ចន្លោះ​ពី ៤ ទៅ ៥​នាក់ ក៏​បាន​បន្ត​សរសេរ​បដា​ទាមទារ​ដំឡើង​ប្រាក់​ខែ ១​លាន​រៀល។ ហើយ​ពេល​នេះ នាយក​សាលា​គាត់​ក៏​មក​ឆក់​បដា​ចេញ​ពី​ខ្ញុំ»

​ត្រង់​ចំណុច​នេះ លោក រ៉ុង ឈុន បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋាភិបាល គួរ​ពិចារណា​ដំឡើង​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន​ឲ្យ​បាន​សមរម្យ ជា​ជាង​ប្រើ​ប្រព័ន្ធ​តុលាការ ឬ​ការ​គំរាម​កំហែង​ផ្សេងៗ ទៅ​បុគ្គលិក​គ្រូ​បង្រៀន​ដែល​ចេញ​មុខ​តវ៉ា​ទាមទារ​ប្រាក់​ខែ​សមរម្យ៖ «យើង​ឃើញ​មាន​សម្ពាធ​ធ្ងន់​មក​លើ​លោកគ្រូ​អ្នកគ្រូ។ ប៉ុន្តែ​ទោះ​បី​ជា​មាន​សម្ពាធ​បែប​នេះ​ក្តី ក៏ប៉ុន្តែ​នៅ​ក្នុង​ចិត្ត​លោកគ្រូ​អ្នកគ្រូ ក៏​នៅ​តែ​នាំ​គ្នា​ធ្វើ​ការ​ទាមទារ។ ថ្វីត្បិត​តែ​គាត់​ចូល​ថ្នាក់​មែន តែ​សាលា​ខ្លះ​ក៏​គាត់​មិន​បាន​បង្រៀន​ទេ»

​លោក រ៉ុង ឈុន ឲ្យ​ដឹង​ថា មាន​តំណាង​សមាគម​គ្រូ​បង្រៀន​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​​ស្នង​ការ​នគរបាល​ខេត្ត​នេះ​កោះ​ហៅ​ទៅ​សួរ​នាំ ជុំវិញ​សកម្មភាព​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ ១​លាន​រៀល នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​មករា។ លោក​ចាត់​ទុក​ទង្វើ​នេះ​ថា​ជា​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​មនុស្ស​សម្ដែង​មតិ ដែល​ការពារ​ដោយ​ច្បាប់។

​​​ចំណែក​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ ទួល​ស្វាយព្រៃ រាជធានី​ភ្នំពេញ ក៏​បាន​ឲ្យ​ដឹង​ថា មាន​គ្រូ​បង្រៀន​ប្រមាណ ៧០% បាន​លើក​បដា​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ខែ ១​លាន​រៀល នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៨ ខែ​មករា។ ប៉ុន្តែ​គ្រូ​បង្រៀន​ទាំង​នោះ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​ការ​គំរាម​ផ្សេងៗ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​អប់រំ និង​ប៉ូលិស ដែល​បាន​តាម​ឃ្លាំ​មើល​សកម្មភាព​ពួក​គាត់។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក សំ សេរីរ័ត្ន និង​មន្ត្រី​រដ្ឋាភិបាល​ខ្លះ មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​ចំពោះ​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​របស់​គ្រូ​បង្រៀន​នេះ។

សមាគម​គ្រូ​បង្រៀន បាន​ឲ្យ​ដឹង​ថា គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស​សរុប​មាន​ប្រមាណ ១១​ម៉ឺន​នាក់។ ហើយ​ថា ក្រុម​គ្រូ​បង្រៀន​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ធ្វើ​កូដកម្ម ឬ​មិន​ចូល​បង្រៀន​សិស្ស និង​លើក​បដា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ ១​លាន​រៀល បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មករា។ ប៉ុន្តែ​មាន​គ្រូ​បង្រៀន​ភាគ​តិច​ទេ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា ឬ​ហ៊ាន​លើក​បដា​ទាមទារ​ដំឡើង​ប្រាក់​ខែ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។