ច្រកទ្វារ៤០០ នៅស្រុកសំឡូត ខេត្តបាត់ដំបង ប្រទេសកម្ពុជា ទល់មុខគ្នាជាមួយច្រកបររៃ ក្នុងខេត្តត្រាត ប្រទេសថៃ បានបើកទ្វារឲ្យប្រជាពលរដ្ឋចេញចូលជាធម្មតាឡើងវិញហើយ ក្រោយពីភាគីថៃ បានបិទទ្វារអស់រយៈពេលមួយខែរួចមក។
នាយរងប៉ុស្តិ៍ប្រចាំច្រក៤០០ ថ្លែងកាលរសៀលថ្ងៃទី២៣ ខែមីនា ថា ការបើកច្រកតំបន់រវាងប្រទេសទាំងពីរនោះ បានដំណើរការអស់រយៈពេលពីរសប្ដាហ៍ហើយ នេះបើគិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ នេះ៖ «បើកទើបបានពីរអាទិត្យនេះទេ ថៃ ជាអ្នកបើក។ ខ្ញុំសួរថៃ ដែរ តែថ្នាក់លើគេឲ្យបិទតាមបទបញ្ជាថ្នាក់លើដែរ។ ច្រកនេះតាមការជាក់ស្ដែង មានផ្លែម្នាស់ មានក្បឿង ធូរេន ត្រីពីរបីគីឡូមកពីថៃ គេបើកឲ្យចេញចូលនៅថ្ងៃអង្គារ ពុធ ព្រហស្បតិ៍»។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ អាជ្ញាធរថៃ បានបិទច្រកបររៃ ក្នុងខេត្តត្រាត ទល់មុខគ្នានឹងច្រក៤០០ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ ប្រភពពីក្រុមអ្នកភូមិ បានឲ្យដឹងថា មូលហេតុដែលភាគីថៃ បិទច្រកទ្វារតំបន់នោះ ដោយសារតែពួកគេមិនចង់ឲ្យប្រជាពលរដ្ឋខ្មែរចូលទៅរកកាប់ឈើនៅក្នុងទឹកដីថៃ៖ «ប្រជាជនដែលមកពីក្នុង គាត់អត់លុយ គាត់មករកស៊ីលីឈើគ្រញូងឲ្យគេ គេជួល។ គាត់ទៅច្រកចរិយា គេហៅថា ភ្នំក្បាលឡាន។ ប្រជាជនយើងនៅតាសាញ នៅតាតោក នៅស៊ុង នេះ ក៏មានទៅដែរ តែការពិត ប្រជាជននៅក្នុងមូលដ្ឋានហ្នឹង គាត់អត់មានទៅទេ ភាគច្រើនគាត់មកពីក្រៅ ដល់ពេលយកឈើម្ដងកាលអ៊ីចឹងវាអត់អីទេ ដល់ពេលដើរចុះឡើងដើរទៅស្រុកគេត្រៀមបាញ់»។
ទោះយ៉ាងនេះក្ដី មន្ត្រីការពារព្រំដែនខ្មែរ ពុំហ៊ានបញ្ជាក់ជុំវិញមូលហេតុដែលភាគីថៃ បានប្រកាសបិទច្រកទ្វារនោះទេ។ ប៉ុន្តែ ក្នុងរយៈកាលកន្លងទៅនេះ ភាគីថៃ បានបើកការបាញ់ប្រហារប្រជាពលរដ្ឋខ្មែរជាច្រើនលើកច្រើនសារ នៅគ្រាដែលប្រជាពលរដ្ឋខ្មែរទាំងនោះបាននាំគ្នាចូលទៅលួចកាប់ឈើនៅក្នុងខេត្តត្រាត ទឹកដីថៃ ជាប់ព្រំដែនក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ហើយក្នុងការបាញ់ប្រហារនោះ បណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននាក់។
មន្ត្រីការពារព្រំដែនខ្មែរ ឲ្យដឹងថា ច្រក៤០០ ទល់មុខគ្នានឹងច្រកបររៃ ជាធម្មតាគឺបើកទ្វារឲ្យប្រជាពលរដ្ឋចេញចូលរយៈពេលបីថ្ងៃក្នុងមួយសប្ដាហ៍។ ប្រជាពលរដ្ឋទាំងពីរប្រទេសគឺកម្ពុជា និងថៃ តែងតែចេញចូល និងដោះដូរពាណិជ្ជកម្មជាមួយគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។