អ្នករស់នៅតំបន់ជាយដែនខ្មែរ-ថៃ ព្រមានធ្វើបាតុកម្មបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១ ខែមិថុនា ដើម្បីប្រឆាំងជំទាស់ទៅនឹងភាគីថៃ ប្រចាំច្រកទ្វារខ្លងលឹក ដែលបានចេញបទបញ្ជាឲ្យពលរដ្ឋខ្មែរ ឈប់ប្រើប្រាស់ប័ណ្ណឆ្លងព្រំដែន ហើយប្រកាសឲ្យប្រើប្រាស់លិខិតឆ្លងដែន ដើម្បីចេញចូលទៅក្នុងប្រទេសថៃ។
អ្នកក្រុងប៉ោយប៉ែត ថ្លែងឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ថា កាលពីថ្ងៃទី៣០ ខែឧសភា នគរបាលអន្តោប្រវេសន៍ និងគយថៃ បានដកលិខិតអនុញ្ញាតឲ្យរថយន្តខ្មែរចេញចូលទៅក្នុងទឹកដីថៃ និងបកស្ទឹកខ័រ (sticker) សម្រាប់អនុញ្ញាតឲ្យឆ្លងដែន ចេញពីរថយន្តទាំងអស់ ដោយប្រកាសប្រាប់ឲ្យពលរដ្ឋខ្មែរជាអ្នកប្រើប្រាស់រថយន្តទាំងនោះ ងាកទៅប្រើប្រាស់លិខិតឆ្លងដែនវិញ។ ករណីនេះហើយដែលធ្វើឲ្យពលរដ្ឋខឹងសម្បារ៖ «ស្អែកហ្នឹងក្រុមអាជីវករចូលផ្សារថៃ រាប់ពាន់នាក់ ដែលមានរថយន្តចេញចូល គ្រោងធ្វើបាតុកម្មប្រឆាំងនឹងអាជ្ញាធរថៃ ដោយសារអាជ្ញាធរថៃ ធ្វើការរឹតបន្តឹងឲ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ប័ណ្ណឆ្លងព្រំដែន ដែលមានកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលទាំងពីរ។ វាឲ្យទៅធ្វើលិខិតឆ្លងដែន ហើយការធ្វើលិខិតឆ្លងដែន ពួកគាត់ត្រូវចំណាយលុយច្រើន ១៥០ដុល្លារ»។
ការកែប្រែរបស់អាជ្ញាធរថៃ ប្រចាំច្រកទ្វារខ្លងលឹក នេះ គឺសំដៅលើប្រជាពលរដ្ឋខ្មែរដែលមានរថយន្ត និងម៉ូតូ បើកចេញចូលទៅក្នុងទឹកដីថៃ តែប៉ុណ្ណោះ ពុំមែនសំដៅទៅលើប្រជាពលរដ្ឋខ្មែរទូទៅនោះទេ។
លោក អ៊ុំ សុផល ជាអធិការនគរបាលក្រុងប៉ោយប៉ែត លើកឡើងថា អាជ្ញាធរថៃ មានការរឹតបន្តឹងលើប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់។ លោកបញ្ជាក់ថា ពីមុនមក កងកម្លាំងមានសមត្ថកិច្ចខ្មែរអាចធ្វើដំណើរចេញចូលទៅក្នុងទឹកដីថៃ ដោយពុំមានការឆែកឆេរនោះទេ។ ប៉ុន្តែឥឡូវនេះ ខុសពីមុន៖ «ដូចប៉ូលិសយើងទៅទាល់តែពាក់ឯកសណ្ឋាន ពីដើមមកឲ្យសំបុត្រយើងចូល។ យើងជាប៉ូលិស គេអត់សួរនាំទេ។ ថៃ ឥឡូវតឹងតែងណាស់ ពេលសមត្ថកិច្ចបើកឡានចូលទៅ វាសួរដេញដោលឆែកឡានយើងទៀត»។
ទោះយ៉ាងណា គេពុំដឹងពីមូលហេតុច្បាស់លាស់ថា ហេតុអ្វីបានជាភាគីអាជ្ញាធរថៃ ប្រចាំច្រកទ្វារខ្លងលឹក តម្រូវឲ្យប្រជាពលរដ្ឋធ្វើដូច្នេះខុសពេលកន្លងមកនោះទេ។ បញ្ហានេះ ទំនងសមត្ថកិច្ចប្រចាំច្រកទ្វារខ្លងលឹក នោះ ធ្វើឡើងដោយឯកតោភាគី។
អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ មេងជ្រួញ ពុំបានធ្វើអត្ថាធិប្បាយពិស្ដារជុំវិញបញ្ហានេះទេ ប៉ុន្តែលោកបញ្ជាក់ថា អាជ្ញាធរក្រុងកំពុងធ្វើការចរចាសម្របសម្រួលជាមួយភាគីថៃ៖ «ខ្ញុំកំពុងធ្វើការដោះស្រាយ ប៉ុន្តែសូមបញ្ជាក់ថា បើយើងអនុវត្តទៅតាមអនុសញ្ញា កាលណាយើងឆ្លងដែនវាត្រូវប្រើលិខិតឆ្លងដែន (Passport) ប៉ុន្តែករណីអ្វីក៏ដោយ ខ្ញុំអត់ទាន់ធ្វើការបកស្រាយទេ សំខាន់យើងចរចាគ្នាជាមួយថៃ សិន»។
ជាធម្មតា ប្រជាពលរដ្ឋខ្មែរនៅតាមខេត្តជាប់ព្រំដែនខ្មែរ-ថៃ និយមប្រើប្រាស់ប័ណ្ណឆ្លងព្រំដែន ដែលមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ គឺកម្ពុជា និងថៃ។ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលប្រើប្រាស់ប័ណ្ណឆ្លងព្រំដែននោះ អាចចូលបានត្រឹមខេត្តស្រះកែវ និងខេត្តប្រាជិនបុរី របស់ថៃ។ សម្រាប់ពលរដ្ឋថៃ ដែលប្រើប្រាស់ប័ណ្ណឆ្លងព្រំដែន អាចបានត្រឹមខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប របស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។