នៅឯខេត្តពោធិ៍សាត់ ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមគ្នា ៦នាក់ ដែលស្វែងរកកាប់ឈើគ្រញូងក្នុងព្រៃនៃស្រុកវាលវែង ជាប់ព្រំដែនថៃ ហើយវង្វេងចូលទៅក្នុងដីថៃ ដោយមិនដឹងខ្លួន ត្រូវទាហានថៃ បាញ់ស្លាប់កាលពីពេលថ្មីៗនេះ។
បុរសអ្នកភូមិឈ្មោះ ដោក សុខ អាយុ ៣១ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិដីក្រហម ឃុំអន្លង់រាប ដែលរួចពីការបាញ់សម្លាប់របស់ទាហានថៃ បានរៀបរាប់អំពីហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ។ លោកបានរំឭកឲ្យដឹងនៅព្រឹកថ្ងៃទី៧ មិថុនា ថា កាលពីយប់ថ្ងៃទី៥ មិថុនា កន្លងទៅ អ្នកភូមិចំនួន ៦នាក់ បាននាំគ្នាចូលទៅក្នុងព្រៃ ដើម្បីស្វែងរកកាប់ឈើគ្រញូងយកមកលក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។
អ្នកភូមិរូបនេះបានឲ្យដឹងបន្ថែមថា គាត់ធ្លាប់បានចូលមករកកាប់ឈើគ្រញូងត្រង់ចំណុចអូរភ្លុកដំរី នេះចំនួន ៣ដងហើយ តែគាត់ពុំបានដឹងថា ចំណុចនេះស្ថិតក្នុងដីថៃ នោះទេ។ គាត់ថា ការដែលពួកគាត់ចូលព្រៃកាប់ក្រញូងនៅពេលយប់ គឺដើម្បីគេចពីការយាមល្បាតរបស់កម្លាំងការពារព្រំដែនខ្មែរ៖ «ចេះតែដើររាវរកមិនដឹងថាចូលទឹកដីគេទេ។ មុនដំបូង ខ្ញុំអត់ដឹងទេ តែដល់ឮបាញ់មួយគ្រាប់ផូង ខ្ញុំនៅខាងក្រោមជើងភ្នំ ឯបាញ់គឺនៅខាងលើ។ ខ្ញុំសម្ងំ ប្រមាណមួយម៉ោងក្រោយទើបវារឡើងទៅលើ ក៏ជួបជាមួយគ្នាយើងដែលពួកទាហានថៃ ដោះលែង ដើម្បីឲ្យសែងខ្មោចអ្នកស្លាប់មកដីខ្មែរវិញ ទើបខ្ញុំដឹងថាមានអ្នកត្រូវគ្រាប់»។
មេឃុំអន្លង់រាប គឺលោក អ៊ុំ សេង បានឲ្យដឹងថា បុរសអ្នកភូមិដែលត្រូវទាហានឈុតខ្មៅថៃ បាញ់ស្លាប់នោះ ឈ្មោះ សាំង ស្រីយ៉ា អាយុ ៣១ឆ្នាំ មានប្រពន្ធ និងកូន ៤នាក់ និងមានមុខរបរជាអ្នកធ្វើចម្ការ។ គ្រួសារជនរងគ្រោះរូបនេះមានជីវភាពក្រីក្រ ពុំទាន់មានផ្ទះសម្បែងផ្ទាល់ខ្លួនទេ ពោលគឺរស់នៅជាមួយបងថ្លៃឈ្មោះ ហ៊ន គឹមសួរ៖ «ពួកអ្នកភូមិទាំងនោះលួចចូលទៅកាប់ឈើនៅស្រុកគេ ខាងប៉ូលិសយើងអត់បានដឹងទេ។ ដល់ទាហានថៃ គេចាប់បាននៅខាងឃុំថ្មដា ៣នាក់ និងខាងអន្លង់រាប ៣នាក់ គេចងដល់មានម្នាក់នោះទម្លាក់ឈើរត់ គេក៏បាញ់ទៅ ត្រូវចំពីក្រោយខ្នងត្រង់កណ្ដៀតក្អម។ ថៃ វាក៏លែងទាំងអស់ឲ្យសែងអ្នកត្រូវគ្រាប់ទៅវិញ។ សែងដល់ឃុំថ្មដា វាក៏ដាច់ខ្យល់ស្លាប់ទៅ»។
អធិការប៉ូលិសស្រុកវាលវែង លោក ធាង ឡេង បានមានប្រសាសន៍ថា អាជ្ញាធរបានដឹងហេតុការណ៍នេះក្រោយពីប្រជាពលរដ្ឋទាំងនោះបានវិលត្រឡប់មកដល់ភូមិ។ លោកអធិការបន្តថា ក្នុងចំណោមអ្នកទៅកាប់ឈើក្រញូងទាំង ៦នាក់នេះ មានម្នាក់ជាទាហានក្នុងវរៈ៥០៨ ចំណុះផ្នែកសឹករងខេត្តម្នាក់។
លោកថា កាលពីចុងខែឧសភា កន្លងទៅ អ្នកភូមិម្នាក់ទៅកាប់ឈើក្រញូងក្នុងដីថៃ ក៏ត្រូវទាហានថៃ បាញ់សម្លាប់ដែរ៖ «កាលពីថ្ងៃទី៥ វេលាម៉ោង ៩ និង១០នាទីយប់ មានករណីថៃ បាញ់ប្រជាពលរដ្ឋយើងដែលទៅរកកាប់ឈើក្រញូងត្រង់ចំណុចទល់មុខអូរភ្លុកដំរី ៦នាក់ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ យកមកដល់ចំណុចដីក្រហម៨០ ក៏ស្លាប់។ អ្នកទាំង ៦នេះ មានម្នាក់ជាទាហាននៅវរៈ៥០៨»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តពោធិ៍សាត់ លោក អេង ឈុនហាន បានចាត់ទុកការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីនៃប្រទេសថៃ មិនស្របច្បាប់ពីសំណាក់ទាហានឈុតខ្មៅថៃ នេះថាជាអំពើអមនុស្សធម៌ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលមិនសមជាទង្វើរបស់ទាហាននៃប្រទេសមួយដែលមានអារ្យធម៌ដូចជាប្រទេសថៃ នេះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។