សេចក្ដី​ត្រូវ​ការ​របស់​អ្នក​ប្រកប​របរ​តូចតាច​​ពី​បក្ស​ជាប់​ឆ្នោត

អ្នក​ប្រកប​របរ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូច​ជា​អ្នក​លក់​ដូរ​តាម​ផ្លូវ​សាធារណៈ​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ដល់​សេដ្ឋកិច្ច​ជាតិ។ ក្រុម​អាជីវករ​តូចៗ​ទាំង​នេះ ក៏​​ជា​ម្ចាស់​ឆ្នោត​ដែល​អាច​កែប្រែ​សង្គម​បាន​ដែរ។

0:00 / 0:00

អ្នក​អាជីវករ​ក្រៅ​ផ្លូវ​ការ​ទាំង​នោះ​ មាន​ប្រមាណ ៨០% នៃ​ប្រជាពលរដ្ឋ​កម្ពុជា​សរុប ​បាន​រិះ​គន់​ចំពោះ​​ គណបក្ស​នយោបាយ​ដែល​ជាប់​ឆ្នោត​អាណត្តិ​មុន មិន​បាន​ជួយ​សម្រួល​ដល់​ការងារ​ប្រកប​របរ​ អាជីវកម្ម​របស់​គេ​ឡើយ។ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​អះអាង​ថា គណបក្ស​ដែល​ជាប់​ឆ្នោត​ថ្មី​នៅ​អាណត្តិ​​ទី​៥​នេះ គួរ​តែ​លើក​កម្ពស់​ប្រភេទ​អាជីវកម្ម​មិន​ផ្លូវ​ការ។

ការ​​លក់​ដូរ​តូចតាច​នៅ​តាម​ផ្លូវ​សាធារណៈ​ជា​មុខ​របរ​មួយ​សំខាន់​​សម្រាប់​ចិញ្ចឹម​ជីវិត​គ្រួសារ។ មុខ​របរ​តូចតាច​កំប៉ិក​កំប៉ុក​ទាំង​នោះ រួម​មាន​អ្នក​លក់​ដូរ​​តាម​ផ្លូវ​សាធារណៈ​ និង​​អ្នក​រត់​ម៉ូតូ​ឌុប​ជាដើម។ អ្នក​លក់​ទាំង​អស់​នេះ បាន​ចូល​​រួម​​ចំណែក​យ៉ាង​ធំធេង​ផង​ក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ។ ក្រុម​អ្នក​លក់​ដូរ​តូច​តាច​ទាំង​នោះ​ ជា​អ្នក​បង្កើត​ការ​ងារ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​គាត់​ត្រូវ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​​ផ្សេងៗ​ពី​អាជ្ញាធរ។

អ្នក​លក់​ភេសជ្ជៈ​​តាម​រទេះ​នៅ​ម្ដុំ​រមណីយដ្ឋាន​វត្ត​ភ្នំ លោក សេង តូម៉ា អាយុ ៥០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា រៀង​រាល់​ថ្ងៃ​គាត់​អាច​លក់​បាន​ចំណូល​​ប្រមាណ ២០​ម៉ឺន​រៀល ប៉ុន្តែ​​មុខ​របរ​នេះ​ប្រឈម​នឹង​ការ​បណ្ដេញ​ពី​អាជ្ញាធរ​​មូលដ្ឋាន​ ដែល​អះអាង​​ថា​ ការ​លក់ដូរ​នៅ​តាម​ផ្លូវ​សាធារណៈ​ប៉ះពាល់​ដល់​ សណ្ដាប់​ធ្នាប់​សង្គម។ មាន​ថ្ងៃ​ខ្លះ​ គាត់​បាន​បង់​ប្រាក់​ផាក​ពិន័យ​ប្រមាណ​ ១០​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការ​យក​រទេះ​លក់​អីវ៉ាន់​របស់​គាត់​ពី​អាជ្ញាធរ​មក​វិញ។ លោក​បញ្ជាក់​​ថា គណបក្ស​ណា​មួយ​ដែល​ជាប់​ឆ្នោត ត្រូវ​តែ​គិតគូរ​ដល់​អ្នក​លក់​ដូរ​តូច​តាច​នេះ​ផង ព្រោះ​ក្រុម​នេះ​ជា​អ្នក​ក្រីក្រ ដែល​មិន​អាច​មាន​លទ្ធភាព​​លក់​​អីវ៉ាន់​តាម​​ផ្សារ​ធំៗ​ឡើយ។

លោក សេង តូម៉ា បាន​បន្ថែម​ថា គាត់​បាន​ខ្ចី​លុយ​គេ​​មក​បង្កើត​មុខ​របរ​ដែល​លក់​សព្វ​ថ្ងៃ​​នេះ។ ការ​លក់​ដូរ​ដែល​អាច​រក​ចំណូល​បាន​ច្រើន គឺ​នៅ​ក្បែរ​រមណីយដ្ឋាន​និង​ទីកន្លែង​កម្សាន្ត​នានា។

អ្នក​រត់​ម៉ូតូ​កង់​បី​ដែល​ដឹក​ភ្ញៀវ​មក​កាន់​រមណីយដ្ឋាន​វត្ត​ភ្នំ លោក ភា រម្យ បាន​ឲ្យ​ដឹង​ថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​ថ្មី ធ្វើ​ឲ្យ​អ្នក​ប្រកប​របរ​ដូច​រូប​គាត់​មាន​សេរីភាព។ រយៈ​កាល​កន្លង​មក ការ​ដឹក​ភ្ញៀវ​ទេសចរណ៍​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​​រាជធានី​ភ្នំពេញ គាត់​តែង​តែ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​របស់​អាជ្ញាធរ​​​មូលដ្ឋាន។

យ៉ាង​ណា​ក៏​ដោយ​ អ្នក​​លក់​ភេសជ្ជៈ​​​ម្នាក់​ទៀត​តាម​ផ្លូវ​​ក្បែរ​សាលាបឋមសិក្សា​បាក់​ទូក អ្នកស្រី វែង ណៃហៀង អាយុ ៣៣​ឆ្នាំ បាន​ឲ្យ​ដឹង​ថា រៀង​រាល់​ថ្ងៃ អ្នកស្រី​អាច​រក​ចំណូល​បាន​ប្រមាណ ៧​ម៉ឺន​រៀល។ អ្នកស្រី​បញ្ជាក់​ថា ការ​លក់​ដូរ​រាល់​ថ្ងៃ​មិន​មាន​ការ​ផាក​ពិន័យ​ពី​អាជ្ញាធរ​ឡើយ ព្រោះ​អ្នកស្រី​ដឹង​ថា ទី​កន្លែង​ណា​ដែល​អាជ្ញាធរ​អនុញ្ញាត​និង​ហាម​ឃាត់។ មាន​ថ្ងៃ​ខ្លះ​​អាជ្ញាធរ​ក៏​បាន​បណ្ដេញ​គាត់​ដែរ​ តែ​បញ្ហា​​នេះ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​លក់​ដូរ​តាម​ផ្លូវ។ អ្វី​ដែល​គាត់​ចង់​បាន​ពី​គណបក្ស​នយោបាយ គឺ​ត្រឹម​តែ​សេចក្ដី​កុំ​ឲ្យ​មាន​សង្គ្រាម​តែ​ប៉ុណ្ណោះ។

​អគ្គលេខាធិការ​នៃ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ហេង សំអ៊ន មាន​ប្រសាសន៍​ថា អ្នក​ប្រកប​របរ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​កើន​ឡើង បន្ទាប់​ពី​កម្រិត​ជីវភាព​ប្រជាជន​បាន​រង​ឥទ្ធិពល​អាក្រក់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល​កាល​ពី​ឆ្នាំ​២០០៨។ ស្ថានភាព​អ្នក​ដែល​ប្រកប​របស់​លើ​វិស័យ​នេះ មាន​ជីវភាព​កាន់​តែ​លំបាក​ ព្រោះ​​គណបក្ស​ដែល​ជាប់​ឆ្នោត​នៅ​អាណត្តិ​ទី​៤ មិន​មាន​គោល​នយោបាយ​ឆ្លើយ​តប​ទៅ​លើ​អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​​នឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ឡើយ។

លោក ហេង សំអ៊ន មាន​ប្រសាសន៍​បន្ថែម​ថា គណបក្ស​នយោបាយ ត្រូវ​រក​វិធានការ​លើក​កម្ពស់​អ្នក​ប្រកប​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​អ្នក​ប្រកប​របរ​តូច​តាច​នៅ​កម្ពុជា តាម​រយៈ​ការ​សម្រប​សម្រួល​ការ​ជ្រើស​រើស​ទីតាំង​សម​ស្រប​សម្រាប់​ពួក​គាត់​លក់​ដូរ​ជា​ដើម។

គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​ភាគ​ច្រើន​នៅ​អាណត្តិ​ទី​៥​នេះ ភាគ​ច្រើន​មិន​បាន​ផ្ដោត​លើ​​វិធានការ​ជាក់​លាក់​ណា​មួយ​ ដើម្បី​​លើក​កម្ពស់​អ្នក​ប្រកប​របស់​តូច​តាច​ឡើយ។ គណបក្ស​ទាំង​នោះ​បាន​ផ្ដោត​សំខាន់​លើ​អំពើ​ពុក​រលួយ​ការ​ការពារ​ធនធាន​ធម្មជាតិ និង​បូរណភាព​ទឹក​ដី​ជា​ប្រធានបទ​សំខាន់​សម្រាប់​ទាក់​ទាញ​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

និស្សិត​​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ កញ្ញា ចាន់ ម៉ាឡែន បាន​ឲ្យ​ដឹង​ថា អាជីវករ​​តូច​តាច ត្រូវ​បាន​អ្នក​នយោបាយ​មើល​រំលង ហើយ​ផ្ដោត​តែ​រឿង​បច្ចុប្បន្ន​ភាព ដែល​ទាក់​ទង​នឹង​សង្គម​ជា​វិធាន​ការ​ទាក់​ទាញ​អ្នក​គាំទ្រ​គណបក្ស​របស់​ខ្លួន។ ចំណុច​សំខាន់​បំផុត អាជីវករ​តូច​តាច​ទាំង​នោះ ត្រូវ​បង្ហាញ​ទៅ​គណបក្ស​នយោបាយ​អ្វី​ដែល​ខ្លួន​ចង់​បាន។ និន្នាការ​នេះ នឹង​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​បង្វែរ​ ទិស​ដៅ​របស់​ខ្លួន មក​គាំទ្រ​ដល់​អាជីវករ​តូច​តាច​វិញ។ ប៉ុន្តែ​​អាជីវករ​ទាំង​នោះ មិន​បាន​ចាប់​អារម្មណ៍​លើ​បញ្ហា​គណបក្ស​នយោបាយ​ជា​ជាង​ការ​រក​ចំណូល​​មួយ​ថ្ងៃ​សម្រាប់​ចិញ្ចឹម​​មួយ​ថ្ងៃ​នោះ​ទេ។

​កញ្ញា ចាន់ ម៉ាឡែន បាន​បន្ថែម​ថា ការ​ប្រមូល​ផ្ដុំ​សំឡេង​ដែល​បង្ហាញ​អំពី​ការ​ចង់​បាន​របស់​ក្រុម​អាជីវករ​តូច​តាច​ជា​រឿង​សំខាន់​បំផុត ដើម្បី​ដាក់​ឥទ្ធិពល​លើ​គណបក្ស​នយោបាយ។

អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ​​ទាំង​អស់​មាន​សំឡេង​ច្រើន​ដែល​អាច​ផ្លាស់​ប្ដូរ​ ឬ​ជ្រើស​រើស​​គណបក្ស​មួយ​ឲ្យ​ទទួល​ជ័យជំនះ​បាន។ តាម​ការ​ប៉ាន់​ស្មាន​នៅ​ប្រទេស​កម្ពុជា​ មាន​ប្រជាពលរដ្ឋ​ ប្រមាណ ៨០% ជា​អ្នក​ពឹង​លើ​អាជីវកម្ម​មិន​ផ្លូវ​ការ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។