ប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្តមួយចំនួនជាប់នឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ភាគពាយ័ព្យ និងភាគឧត្តរ តែងតែអះអាងថា មានការលួចរំកិលបង្គោលព្រំដែនចូលមកក្នុងទឹកដីខ្មែរពីសំណាក់ភាគីថៃ។ ប៉ុន្តែ ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់ វិញ ដែលជាខេត្តមួយមានព្រំដែនជាប់នឹងប្រទេសថៃ ដែរនោះ ពួកគាត់បានបញ្ជាក់ថា ពុំមានបញ្ហានេះកើតឡើងនោះទេ។
ប្រជាពលរដ្ឋឃុំថ្មដា អះអាងថា ព្រំប្រទល់រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅតំបន់នេះពុំមានការបង្ខិតខ្សែបន្ទាត់ព្រំដែនពីសំណាក់ភាគីថៃ ទេ។
ព្រឹទ្ធាចារ្យ ស្វាយ សុម៉េធ អតីតយោធាខ្មែរក្រហមនៃកម្លាំងសមាហរណកម្ម និងជាប្រជាពលរដ្ឋម្នាក់ដែលបានរស់នៅក្នុងឃុំថ្មដា នេះតាំងពីសម័យខ្មែរក្រហមមកម្ល៉េះ លោកតាបានឲ្យដឹងថា ចំណុចព្រំដែននៃតំបន់ថ្មដា នេះ តាំងពីដើមរៀងមក ភាគីថៃ មិនអាចលួចរំកិលព្រំដែនចូលបានទេ ព្រោះប្រជាពលរដ្ឋដែលរស់នៅតំបន់ថ្មដា មានចិត្តអង់អាចក្លាហានណាស់មិនដែលរាថយក្នុងការប្រឆាំងនឹងការព្យាយាមរំលោភលើបូរណភាពទឹកដីខ្មែរឡើយ។
ព្រឹទ្ធាចារ្យ ស្វាយ សុម៉េធ៖ «ពេលខ្ញុំនៅនោះ ថៃ វាមកបោះបង្គោលដល់ណេះ វាថាព្រំដែនវា។ ពេលនោះ ខ្ញុំបានដកបង្គោលវាចោល ហើយប្រាប់វាថា ឥឡូវអ្នកឯងកំពុងនៅយ៉ាងម៉េច គឺនៅតាមហ្នឹង ខ្ញុំនៅម៉េច គឺនៅអ៊ីចឹង។ រក្សាដូចគ្នានៅពេលដែលយើងសន្តិភាពទៅ រដ្ឋាភិបាលថាព្រំដែននៅត្រង់ណាអាហ្នឹងយើងកំណត់ជាគោលការណ៍ទៅ។ ឥឡូវអ្នកឯងចូលអត់បានទេ...»។
ព្រឹទ្ធាចារ្យ ស្វាយ សុម៉េធ រៀបរាប់ថា គាត់នៅតំបន់ឃុំថ្មដា នេះតាំងពីមិនទាន់មានវត្តមាននៃកងកម្លាំងប្រដាប់អាវុធមកបោះទីតាំងនៅឡើយ។ គាត់បន្តថា មុនថ្ងៃ៥ និង៦ ខែកក្កដា ឆ្នាំ១៩៩៧ មានមេទាហានថៃ ម្នាក់បានយកបង្គោលព្រំមកបោះចូលជ្រៅក្នុងដីខ្មែរដែរ តែត្រូវបានប្រជាពលរដ្ឋ និងរូបគាត់ផ្ទាល់ ដកចោល ហើយបន្ទាប់មកកងកម្លាំងប្រដាប់អាវុធក៏បានមកបោះទីតាំង។ ពីពេលនោះមក ភាគីថៃ លែងហ៊ានចូលមកធ្វើសកម្មភាពបោះបង្គោលរហូតមកទល់បច្ចុប្បន្ន៖ «ទម្លាប់របស់ថៃ យើងដឹងហើយៗយើងនៅទីនេះ ពេលមិនទាន់ត្រូវគ្នាវាបិទច្រក ខ្ញុំប៉ុន្មានសារដែរ។ ខ្ញុំបានហៅភាគីថៃ មកប្រាប់ថា បើអ្នកឯងបិទ ប្រយ័ត្នមានអំពើប្លន់អីកុំបន្ទោសខ្ញុំ ព្រោះមនុស្សតែអត់ហើយ គឺត្រូវតែទៅរកអង្ករស៊ីហើយ។ ដល់ខាងថៃ គេឮអ៊ីចឹង គេក៏បើកច្រកឲ្យយើងវិញ»។
ឃុំថ្មដា គឺជាឃុំតែមួយគត់នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានព្រំដែនជាប់នឹងឃុំឡេមកាប់ ស្រុកមឿង ខេត្តត្រាត នៃប្រទេសថៃ និងមានខ្សែបន្ទាត់ព្រំដែនប្រវែង ៤៩គីឡូម៉ែត្រ។
ដូចគ្នានឹងព្រឹទ្ធាចារ្យ ស្វាយ សុម៉េធ ដែរ បុរសអ្នកភូមិសង្គមថ្មី ឃុំថ្មដា ឈ្មោះ ប៊ី ប៊ន បានឲ្យដឹងថា នៅពេលដែលមានព្រឹត្តិការណ៍ប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនខេត្តព្រះវិហារ អ្នកភូមិសង្គមថ្មី ភាគច្រើនបានជីកលេណដ្ឋានត្រៀមជួយប្រយុទ្ធជាមួយកងទ័ពដែលឈរជើងការពារបូរណភាពទឹកដី នៅចំណុចព្រំប្រទល់ឃុំថ្មដា នេះ ដោយគ្មានរាថយ។ បើទោះបីជាកងកម្លាំងប្រដាប់អាវុធចម្រុះបានអង្វរឲ្យពួកគាត់ចាកចេញជាបណ្ដោះអាសន្ន ក្រែងមានគ្រោះថ្នាក់ក៏ដោយ ក៏ពួកគាត់មិនព្រមចាកចេញដែរ៖ «កាលសៀម វាចូលឈ្លានពានទឹកដីយើងនៅព្រះវិហារ ខ្ញុំបានជីកលេណដ្ឋាននៅក្រោយផ្ទះ ដើម្បីតស៊ូជាមួយវា។ ខ្ញុំមិនរត់ចោលដីធ្លីផ្ទះសម្បែងខ្ញុំទេ។ ពេលក្រុមនិស្សិតមកវាស់វែងដីឲ្យខ្ញុំ ពួកគាត់ភ្ញាក់ផ្អើលខ្លាំងណាស់។ ខ្ញុំប្រាប់ពួកប្អូនៗនិស្សិតទាំងនោះថា នេះជារណ្ដៅលេណដ្ឋានដែលខ្ញុំបានជីក ដើម្បីការពារផ្ទះសម្បែង និងទឹកដីខ្មែរយើង។ ខ្ញុំមិនខ្លាចពួកសៀម ទេ»។
ស្មារតីស្នេហាជាតិ និងទឹកចិត្តប្ដេជ្ញានេះ រឹតតែមានសន្ទុះខ្លាំងក្លាក្នុងជួរកម្លាំងប្រដាប់អាវុធ ដែលឈរជើងការពារនៅលើខ្សែបន្ទាត់ព្រំដែននៃឃុំថ្មដា នេះផងដែរ។
លោក ដាញ់ វណ្ណា ជានាយទាហានមួយរូបឈរជើងការពារទឹកដីនៅចំណុចច្រកផ្លូវលេខ៥៦ ឃុំថ្មដា លោកមានប្រសាសន៍ឲ្យដឹងថា ដោយស្ថានភាពភូមិសាស្ត្រមានលក្ខណៈអំណោយផលចំពោះផ្នែកខាងទឹកដីខ្មែរ និងដោយមើលឃើញពីសន្ទុះទឹកចិត្តនៃប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធខ្មែរមានភាពសាមគ្គីរឹងមាំ ភាគីថៃ មិនដែលធ្វើសកម្មភាពណាមួយបំពានមកលើបូរណភាពទឹកដីខ្មែរម្ដងណាឡើយ៖ «ទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅតំបន់នេះ មានលក្ខណៈល្អណាស់បង យើងចង់ចេញចូលអីគឺគេបើកឲ្យយើងចូលភ្លាម។ សូម្បីតែពេលដែលកំពុងមានការវាយប្រយុទ្ធគ្នានៅឯព្រះវិហារ ក៏នៅតំបន់នេះមិនមានអ្វីប្លែកដែរ គ្រាន់តែភាគីទាំងសង្ខាងត្រៀមរៀងៗខ្លួន តែការទំនាក់ទំនងនៅតែដដែល»។
ខុសប្លែកពីប្រជាពលរដ្ឋនៃតំបន់ព្រំប្រទល់ខ្មែរ-ថៃ នៃខេត្តផ្សេងទៀត ប្រជាពលរដ្ឋនៅព្រំដែនឃុំថ្មដា នៃខេត្តពោធិ៍សាត់ ហ៊ាននិយាយជាចំហអំពីបញ្ហាបូរណភាពទឹកដី និងហ៊ានប្រកាសយ៉ាងឱឡារិកអំពីឆន្ទៈហ៊ានប្រយុទ្ធ ដើម្បីការពារទឹកដី។ ចំណែកភាគីកងទ័ពថៃ នៅតំបន់នេះវិញ តែងធ្វើការសម្របសម្រួលឲ្យប្រជាពលរដ្ឋខ្មែរចេញចូល ដើម្បីទៅព្យាបាលជំងឺ ឬទៅទិញស្បៀងអាហារដោយពុំមានការរឹតត្បិតអ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។