សហព័ន្ធសហជីពកម្មករព្រមានថា នឹងធ្វើបាតុកម្មហែក្បួនធំមួយនៅថ្ងៃទី១ ខែឧសភា ខាងមុខ ដែលជាទិវាពលកម្មអន្តរជាតិ ប្រសិនបើគ្រប់ភាគីពាក់ព័ន្ធនៅតែព្រងើយកន្តើយមិនព្រមដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករដែលកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុង។
ការសម្រេចនេះ គឺបន្ទាប់ពីក្រុមសហព័ន្ធសហជីពចំនួន ១២ បានជួបប្រជុំគ្នានៅរសៀលថ្ងៃទី២៥ ខែមីនា ស្វែងរកមធ្យោបាយសមស្រប ដើម្បីតស៊ូមតិអោយមានការដោះលែងមនុស្ស ២១នាក់ ដែលក្រុមសហជីពចាត់ទុកថា ត្រូវជាប់ឃុំព្រោះតែទាមទារអត្ថប្រយោជន៍ដល់កម្មករ។
ក្រុមសហព័ន្ធសហជីពរំពឹងថា នឹងមានកម្មករប្រមាណ ១ម៉ឺននាក់ ចូលរួមការហែក្បួនដើម្បីទាមទារអោយដោះលែងអ្នកជាប់ឃុំទាំង ២១នាក់ នៅថ្ងៃទី១ ខែឧសភា។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍នៅក្រោយកិច្ចប្រជុំរបស់តំណាងសហព័ន្ធសហជីពថា ក្រុមសហជីពបានយល់ឃើញដូចៗគ្នាថា អ្នកទាំង ២១នាក់ បានចូលរួមតស៊ូមតិដើម្បីអត្ថប្រយោជន៍កម្មករដែលទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ។
លោក អត់ ធន់ បន្តថា គម្រោងហែក្បួននោះគឺជាយុទ្ធនាការក្នុងស្រុក ស្របពេលដែលសហព័ន្ធសហជីពអន្តរជាតិធំៗមួយចំនួនក៏កំពុងធ្វើយុទ្ធនាការរកអន្តរាគមន៍ពីក្រុមហ៊ុនបញ្ជាទិញនៅក្រៅប្រទេស៖ «យើងធ្វើយ៉ាងណាយើងចង់អោយមានការដោះលែង យើងចង់អោយមានការដំឡើងប្រាក់ឈ្នួល ប៉ុន្តែយើងដឹងក្រៅផ្លូវការថា ខាងក្រុមហ៊ុន ឬខាងរដ្ឋាភិបាល មិនចង់ពិភាក្សាក្នុងឆ្នាំហ្នឹងទេ។ ប៉ុន្តែទោះបីយ៉ាងណា បញ្ហាមួយសំខាន់ហ្នឹង គឺអ្នកបញ្ជាទិញ គឺគាត់មានការរារែកមិនចង់ទិញពីស្រុកខ្មែរ ប្រសិនបើរដ្ឋាភិបាលមិនដោះស្រាយរឿងបាញ់សម្លាប់ រឿងចាប់ខ្លួន និងបញ្ហាប្រាក់បៀវត្សរ៍ ព្រោះជាទូទៅវាផ្ទុយទៅហ្នឹងគោលការណ៍ទីផ្សារ។ មិនមែនកម្មករតវ៉ាគេពិចារណា ប៉ុន្តែប្រសិនបើក្រុមហ៊ុន និងរដ្ឋបាលមិនដោះស្រាយគេនឹងពិចារណា នេះបើតាមសហជីពបរទេសគេប្រាប់យើង»។
កាលពីសប្ដាហ៍មុនសហព័ន្ធអន្តរជាតិមកពី ១៥ប្រទេស បានជួបប្រជុំគ្នាក្នុងរាជធានីភ្នំពេញ នឹងបានរួមគ្នា ស្នើអោយរដ្ឋាភិបាលកម្ពុជា ពិចារណាដំឡើងប្រាក់ខែគោលកម្មករ និងដោះលែងអ្នកជាប់ឃុំទាំង ២១នាក់ អោយមានសេរីភាព ដោយពុំមានលក្ខខណ្ឌ។
កាលពីពេលថ្មីៗនេះដែរ ក្រុមអ្នកបញ្ជាទិញក៏ស្នើអោយរដ្ឋាភិបាលពិចារណាដោះស្រាយប្រាក់ឈ្នួលគោល និងដោះលែងអ្នកទាំង ២១នាក់នោះដែរ។
ឆ្លើយតបបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងពិភាក្សាជាមួយអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា អាយឡូ (ILO) ពាក់ព័ន្ធនឹងកម្រិតប្រាក់ខែសមរម្យសម្រាប់កម្មករ។ ចំណែកបញ្ហាអ្នកជាប់ឃុំទាំង ២១នាក់ គឺពុំមែនជាដែនសមត្ថកិច្ចរបស់ក្រសួងការងារឡើយ។
លោក អ៊ិត សំហេង៖ «ឥឡូវនេះគឺយើងបានឆ្លើយឆ្លងគ្នា ហើយអាយឡូ បានផ្ញើគម្រោងមកហើយ ក្រសួងកំពុងពិនិត្យគម្រោងរបស់អាយឡូ នៅពេលដែលពិនិត្យហើយ គឺឈានទៅដល់ការព្រមព្រៀងគ្នា ហើយយើងនឹងបន្តលើយន្តការសិក្សាបញ្ហាប្រាក់ឈ្នួលនេះ។ មានបញ្ហាមួយចំនួនទាក់ទងការស្នើសុំសម្រួលអ្នកទាំង ២១នាក់។ ហើយយើងក៏បានប្រាប់ទៅអ្នកបញ្ជាទិញដែរថា បញ្ហានេះគឺជាយន្តការរបស់តុលាការ ហើយយើងនឹងខិតខំធ្វើយ៉ាងម៉េចអោយវាមានយុត្តិធម៌ក្នុងការដោះស្រាយក្តី»។
ទោះយ៉ាងណាក្រុមសហជីពលើកឡើងថា ប្រសិនបើរដ្ឋាភិបាលមានបំណងដោះស្រាយបញ្ហាទាំងនេះ គឺពិតជាអាចធ្វើបានមិនថា ដោះលែងអ្នកជាប់ឃុំទាំង ២១នាក់ ឬការដំឡើងប្រាក់ខែគោលកម្មករឡើយ។
សាលាឧទ្ធរណ៍កាលពីរសៀលថ្ងៃទី២៤ ខែមីនា បានសម្រេចច្រានចោលសំណើសុំនៅក្រៅឃុំរបស់លោក វន់ ពៅ ស្របពេលដែលអ្នក ២០នាក់ផ្សេងទៀត បន្តឋិតនៅក្នុងឃុំនៅពន្ធនាគារត្រពាំងផ្លុង ដែរនោះ។ លោក វន់ ពៅ សកម្មជនសិទ្ធិមនុស្ស និងកម្មករចំនួន ២២នាក់ទៀត ត្រូវចាប់ឃុំខ្លួនកាលពីថ្ងៃទី២ និងទី៣ ខែមករា នៅពេលពួកគេចូលរួមកម្មករដែលធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែអោយដល់ ១៦០ដុល្លារ ប៉ុន្តែក្រោយមកមានការដោះលែង ២នាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។