តាមការប៉ាន់ស្មាន រដ្ឋាភិបាលបានផ្ដល់អាជ្ញាប័ណ្ណប្រមាណជិត ១៥០ ដល់ក្រុមហ៊ុនរុករករ៉ែទាំងអស់នៅកម្ពុជា។ ក្រុមហ៊ុនមួយចំនួនបានចោទប្រកាន់ថា មានការផ្ដល់សំណូកដល់មន្ត្រីរដ្ឋាភិបាលរាប់លានដុល្លារអាមេរិក ជាថ្នូរនឹងការទទួលបានអាជ្ញាប័ណ្ណរុករករ៉ែទាំងនោះ។
រដ្ឋាភិបាលបានជំរុញឲ្យវិនិយោគិនចូលមកវិនិយោគលើវិស័យធនធានរ៉ែនៅកម្ពុជា ប៉ុន្តែវិស័យនេះនៅមិនទាន់រីកដុះដាលខ្លាំងនៅឡើយ។ ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល បានបញ្ជាក់ថា កម្ពុជាមានរ៉ែ ទង់ដែង មាស ដែក និងត្បូងជាដើម ដែលជាប្រភេទធនធានសម្បូរនៅកម្ពុជា។ រហូតដល់បច្ចុប្បន្ននេះ ធនធានទាំងនេះមិនទាន់ត្រូវបានគេប្រតិបត្តិការអាជីវកម្មនៅឡើយទេ។
រដ្ឋាភិបាលមានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះវិស័យនេះ ហើយមានក្រុមហ៊ុនបរទេសជាច្រើនបានសហការជាមួយក្រុមហ៊ុនក្នុងស្រុកលើការរុករករ៉ែនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់បានអះអាងថា ក្រុមហ៊ុនមួយចំនួនដែលមានដើមទុនគ្រប់គ្រាន់ និងបច្ចេកទេសខ្ពស់បានផ្ដល់សញ្ញាវិជ្ជមានថា ពួកគេអាចចាប់ផ្ដើមសកម្មភាពទាញយកធនធានបាន។ នៅរយៈពេលដ៏ខ្លីខាងមុខ កម្ពុជានឹងអាចយកចំណូលពីធនធានរ៉ែនេះជាមិនខាន។
របាយការណ៍របស់ក្រសួងឧស្សាហកម្មបានបង្ហាញថា ប្រទេសកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណចំនួន ១០៤ អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអាជីវកម្មរ៉ែក្នុងស្រុកនិងអន្តរជាតិចំនួន ២០។
ផ្ទុយទៅវិញ របាយការណ៍របស់ក្រុមការងារវាយតម្លៃផលប៉ះពាល់ខាងសង្គម និងបរិស្ថាន នៃឧស្សាហកម្មនិស្សារណកម្ម បានបង្ហាញថា រដ្ឋាភិបាលបានផ្ដល់សម្បទានចំនួន ១២៨ ដល់ក្រុមហ៊ុន រុករករ៉ែថ្ម និងបូមខ្សាច់។ សម្បទានទាំងនោះ ស្ថិតនៅខេត្តចំនួន ១៨ ហើយមានទំហំដីចំនួន ២៤ ពាន់គីឡូម៉ែត្រការ៉េ ស្មើនឹង ១៣% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា ការផ្ដល់អាជ្ញាប័ណ្ណទៅក្រុមហ៊ុនទាំងឡាយមានភាពមិនច្បាស់លាស់ និងព័ត៌មានអំពីផលចំណេញ ឬសកម្មភាពធ្វើអាជីវកម្មរបស់ក្រុមហ៊ុនរុករករ៉ែនៅកម្ពុជា ស្ថិតនៅភាពស្រពិចស្រពិល ឬមិនបានផ្សព្វផ្សាយជាសាធារណៈឡើយ។
របាយការណ៍អង្គការសម្ពន្ធភាពកម្ពុជា ដើម្បីតម្លាភាពចំណូលធនធានដែលចេញផ្សាយនៅខែមេសា ឆ្នាំ២០១៣ បានរកឃើញក្រុមហ៊ុនរុករកបរទេសចំនួនពីរ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ថាបានប្រព្រឹត្តអំពើពុករលួយដល់មន្ត្រីរដ្ឋាភិបាល ជាថ្នូរនឹងការទទួលអាជ្ញាប័ណ្ណ។
ក្រុមហ៊ុនអូហ្សិត មីណេរ៉ាល់ (OZ Minerals) ដែលមានទីស្នាក់ការនៅទីក្រុងម៉ែលប៊ន នៃប្រទេសអូស្ត្រាលី បានចាប់ផ្ដើមរុករករ៉ែមាសនៅប្រទេសកម្ពុជា កាលពីឆ្នាំ២០០៦ ដែលមានគម្រោងបួននៅខេត្តមណ្ឌលគិរី។ ក្រុមហ៊ុនត្រូវបានគេចោទប្រកាន់អំពីការផ្ដល់សំណូក។ កាលពីឆ្នាំ២០១១ មានការចោទក្រុមហ៊ុន មីណេរ៉ាល់ នេះ បានបង់ថវិកាសរុបចំនួនជាង ១លានដុល្លារអាមេរិកដល់សាច់ញាតិរបស់មន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដែលជាអ្នកកាន់ភាគហ៊ុនឲ្យក្រុមហ៊ុន ស៊ីន ហា ម៉ាញនីង កូ (Shin Ha Mining Co) ជាក្រុមហ៊ុនក្នុងស្រុក ដែលក្រុមហ៊ុនអូហ្សិត មីណេរ៉ាល់ បានទិញយក ដើម្បីទទួលបានគម្រោងរុករកមាសនៅខេត្តមណ្ឌលគិរី។
ក្រុមហ៊ុនរុករករ៉ែមួយទៀតនៅកម្ពុជា កាលពីឆ្នាំ២០០៦ ឈ្មោះក្រុមហ៊ុន ប៊ីអេច្ឆភី ប៊ីលីថន (BHP Billiton) ត្រូវបានគេចោទប្រកាន់ផ្ដល់សំណូកដល់រដ្ឋាភិបាលកម្ពុជា។ ក្រុមហ៊ុននេះ បានបង់ថវិកាចំនួនមួយលានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា ជាថ្នូរទទួលបានសម្បទានរុករករ៉ែ។ បន្ថែមលើនេះ ក្រុមហ៊ុននេះបានផ្ដល់នូវទឹកប្រាក់បន្ថែមចំនួន ២,៥លានដុល្លារអាមេរិកផ្សេងទៀតដល់រដ្ឋាភិបាល សម្រាប់មូលនិធិសង្គម និងការកសាងសាលារៀន និងមន្ទីរពេទ្យនៅតាមបណ្ដាខេត្តជាដើម។
ប្រធានអង្គការតម្លាភាព លោក ព្រាប កុល មានប្រសាសន៍ថា ការសូកប៉ាន់ជាថ្នូរនឹងការទទួលយករ៉ែ គឺជារឿងធម្មតារបស់ក្រុមហ៊ុនអាជីវកម្មរុករករ៉ែនៅកម្ពុជា។
បន្ថែមលើនេះ ប្រធានក្រុមប្រឹក្សានៃសម្ពន្ធភាពដើម្បីតម្លាភាពចំណូលប្រេងកាត ឧស្ម័ន និងរ៉ែ នៅកម្ពុជា លោក ម៉ម សម្បត្តិ មានប្រសាសន៍ថា ការផ្ដល់អាជ្ញាប័ណ្ណដែលមានលក្ខណៈស្ងាត់ និងអាថ៌កំបាំង ធ្វើឲ្យសាធារណជនយល់ច្រឡំគ្រប់បែបយ៉ាងទាំងអស់ទៅលើរដ្ឋាភិបាល។
លោក ម៉ម សម្បត្តិ មានប្រសាសន៍បន្ថែមទៀតថា ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ពីចំណូលពីការរុករករ៉ែ គឺត្រូវស្វែងរកក្រុមហ៊ុនដែលមានលក្ខណៈទទួលខុសត្រូវ។ កត្តានេះ ជាការទាក់ទាញក្រុមហ៊ុនបរទេសជាច្រើនទៀតមកវិនិយោគលើវិស័យរ៉ែនៅកម្ពុជា ប្រកបដោយតម្លាភាព និងកាត់បន្ថយផលប៉ះពាល់លើសង្គម បរិស្ថាន និងប្រជាពលរដ្ឋត្រង់កម្រិតទាបបំផុត។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានបង្ហាញថា ចំណូលដែលបានមកពីវិស័យអាជីវកម្មធនធានរ៉ែ គិតចាប់ពីឆ្នាំ២០០៨ ដល់ ២០១២ សរុបចំនួនជាង ១៣លានដុល្លារអាមេរិក។
អ្នកឃ្លាំមើលវិស័យរុករករ៉ែនៅកម្ពុជា បានអះអាងថា ចំណូលនេះបានមកតាមរយៈពន្ធលើអាជ្ញាប័ណ្ណ ការជួលអាជ្ញាប័ណ្ណ និងកម្រៃជើងសានានា។ ការទទួលបានចំណូលទាប អាចបណ្ដាលមកពីអំពើពុករលួយ កង្វះតម្លាភាព និងគណនេយ្យភាពសាធារណៈក្នុងវិស័យអាជីវកម្មរ៉ែ បានចាក់ស្រេះនៅក្នុងក្របខ័ណ្ឌច្បាប់នៅប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។