ការបាត់បង់ទឹកដីជាបន្តបន្ទាប់ក្នុងដំណាក់កាលចុងក្រោយនេះ ត្រូវបានពលរដ្ឋចាត់ទុកថា ព្រោះតែរដ្ឋាភិបាលពុំបានគិតគូរពីខ្សែបន្ទាត់ព្រំដែនឲ្យបានម៉ត់ចត់ ក្រោយពីរដ្ឋាភិបាលធ្វើសមាហរណកម្មបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅឆ្នាំ១៩៩៨ និងប្រមូលកងទ័ពតស៊ូនៅតាមជាយដែនចូលទៅក្នុងប្រទេសវិញ។
ពលរដ្ឋកម្ពុជា ដែលរស់នៅតាមជាយដែនកម្ពុជា-ថៃ មានជំនឿថា ភាគីថៃ នឹងនៅតែបន្តរំកិលព្រំដែនចូលមកទឹកដីកម្ពុជា បន្តទៀត ប្រសិនបើរដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់គ្មានការទទួលខុសត្រូវលើការទប់ស្កាត់ចំពោះការជ្រៀតជ្រែកបូរណភាពទឹកដីដូចបច្ចុប្បន្ន ពីប្រទេសជិតខាងកម្ពុជា នោះ។
លោក ខាត សុឃី ពលរដ្ឋនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្បែរព្រំដែនកម្ពុជា-ថៃ ឈមនឹងខេត្តបូរីរាំ ប្រទេសថៃ មានប្រសាសន៍កាលពីថ្ងៃទី២៣ កុម្ភៈ ថា រដ្ឋាភិបាលទីក្រុងបាងកក បានចាត់ទុកថាដីខ្មែរនៅជាប់ព្រំដែនក្នុងទឹកដីកម្ពុជា ថាជារបស់ខ្លួន និងបានហាមប្រាមពលរដ្ឋខ្មែរមិនឲ្យសាងសង់ផ្ទះធំ ឬសំណង់រឹងមាំ ក្រៅពីជម្រកធ្វើពីស្បូវ ឬស្លឹកនោះទេ។ លោកបន្តថា តែផ្ទុយទៅវិញ កម្ពុជា ពុំដែលប្រតិកម្មប្រឆាំងណាមួយចំពោះភាគីថៃ ធ្វើផ្ទះ ឬអគាររឹងមាំនៅលើតំបន់ដែលគណៈកម្មការជំនាញនៃប្រទេសទាំងពីរ កំពុងសិក្សាស្រាវជ្រាវម្ដងណានោះឡើយ។
លោក ខាត សុឃី៖ «ខ្ញុំភ្ជួរ វាអត់ឲ្យភ្ជួរ ថៃវាសួរថា វាអត់ឲ្យភ្ជួរទេ។ ខ្ញុំក៏ប្រាប់វាថា ឥឡូវខ្ញុំភ្ជួរមិនមែនថាខ្ញុំយកផលប្រយោជន៍ទេ។ ខ្ញុំភ្ជួរហ្នឹងព្រោះខ្ញុំខ្លាចដូចថាភ្លើងឆេះផ្ទះ ទីពីរសត្វវាស៊ី មាន់ស៊ីអី ខ្ញុំអ៊ីចឹង។ វាអត់ វាអត់មាត់អត់និយាយអីទេ គ្រាន់ថាមិនមែនខ្ញុំភ្ជួររករឿងអីទេ ខ្ញុំថាអ៊ីចឹង។ ប៉ុន្តែ យើងដាំទៅទៀតអីអត់បានទេ វាទៅរករឿងយើង»។
មជ្ឈដ្ឋាននានាដែលកំពុងរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គិតថា រដ្ឋាភិបាលកម្ពុជា គួរចាត់វិធានការបន្ទាន់ណាមួយ ប្រឆាំងចំពោះទង្វើរបស់ភាគីថៃ ដែលព្យាយាមរំកិលព្រំដែនចូលមកទឹកដីកម្ពុជា ជាបន្តបន្ទាប់នេះ៖ «យើងដូចខ្ញុំប្រជាពលរដ្ឋអី ខ្ញុំមិនដឹងតែគិតយ៉ាងណាទេ យើងខ្ញុំសុំតែម៉ាសុខសាន្ត ឲ្យតែបានរកស៊ីចិញ្ចឹមប្រពន្ធ កូន អាហ្នឹងទុកឲ្យគេអ្នកដោះស្រាយ រដ្ឋាភិបាលគេដោះស្រាយ»។
ក៏ប៉ុន្តែ ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានអះអាងកាលពីថ្ងៃទី២១ កុម្ភៈ ថា កម្ពុជា នឹងមិនបាត់បង់ចំណែកណាមួយនៃបូរណភាពទឹកដីរបស់ខ្លួន ទៅប្រទេសថៃ ទេ។
លោក វ៉ា គឹមហុង បញ្ជាក់ថា ប្រទេសទាំងពីរ គឺកម្ពុជា និងថៃ មានព្រំដែនដែលមានតម្លៃជាអន្តរជាតិរួចទៅហើយ ដែលកំណត់ដោយអាណានិគមនិយមបារាំង ក្នុងឆ្នាំ១៩០៤ ចំនួន ៧៣បង្គោល នៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរនោះ។
បើទោះជាបែបនេះក្ដី អតីតយោធាខ្មែរក្រហមដែលថ្លែងសុំមិនបញ្ចេញឈ្មោះ នៅខេត្តឧត្តរមានជ័យ និយាយថា បើទោះជាការកំណត់ព្រំដែនដែលកំណត់ដោយអាណានិគមនិយមបារាំង រួចក៏ពិតមែន ប៉ុន្តែលោកឲ្យដឹងថា បច្ចុប្បន្នភាគីថៃ បានគ្រប់គ្រងទាំងស្រុងតាមខ្សែបន្ទាត់ជួរភ្នំដងរែក និងផ្នែកខ្លះទៀតនៃទឹកដីកម្ពុជា៖ «នៅទីនេះដូចគ្នា នៅឆ្វេងដៃខ្ញុំនេះដូចគ្នា ដូចផ្ទះបងគាត់នៅដាំដើមចេកដើមអីហ្នឹង ក៏ដូចគ្នាដែរ។ អ៊ីចឹងទេ វាថាវាអត់ឲ្យដាំ វាថាដីវាទាំងអស់។ អ៊ីចឹងទេ យើងបើគិតទៅ យើងនៅតាមបន្ទាត់ខាងក្រោមហ្នឹងទេ ខាងលើគេទាំងអស់។ មួយបន្ទាត់នេះ ចាល់ និយាយរួមពីឧត្តរមានជ័យ នេះរហូតបន្ទាយមានជ័យ រហូតដល់កោះកុង សៀម នៅទាំងអស់ គេថាចំណុចសរបស់គេ។ បើគិតទៅ ទឹកដីកម្ពុជា យើង មកនៅទីនេះដែលយើងអង្គុយនេះ គេថារបស់គេដែរហ្នឹង»។
ពិធីរំលឹកខួបលើកទី២១ នៃការប្ដូរឈ្មោះពីរណសិរ្សហ៊្វុនស៊ិនប៉ិច មកពីជាគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៨ កុម្ភៈ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ លោក លឺ ឡាយស្រេង ប្រធានកិត្តិយសគណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលស្គាល់ថា ក្នុងសម័យតស៊ូ នៅតាមជាយដែនទឹកដីរបស់កម្ពុជា មានវិសាលភាពជាងសព្វថ្ងៃ។
លោកបន្តថា តំបន់កាន់កាប់មួយចំនួននៃអតីតអ្នកតស៊ូយោធាបារ៉ារបស់ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ សម័យសង្គ្រាម បានក្លាយជាមូលដ្ឋានឈរជើងដ៏រឹងមាំ និងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ ក្នុងពេលបច្ចុប្បន្ន៖ «ដូចថ្មដូនថ្មី អីហ្នឹង គឺថាដូចជាបាត់ឡែវហើយ ទៅហើយ។ ប៉ុន្តែ ខ្ញុំមិនបានអានេះឮគេនិយាយ ខ្ញុំមិនបានទៅឃើញផ្ទាល់នឹងភ្នែក ប៉ុន្តែខ្ញុំអាចជឿ»។
អ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រ ឲ្យដឹងថា ជម្លោះដណ្ដើមទឹកដីរវាងអាណាចក្រដែលមានព្រំដែនជាប់គ្នារវាងកម្ពុជា និងថៃ នេះ បានកើតឡើងតាំងពីសតវត្សទី១៣ ពោលគឺនៅអំឡុងឆ្នាំ១២៨០ ហើយជម្លោះនេះនៅតែបន្តអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន។ អ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រ ឲ្យដឹងថា គិតមកដល់សតវត្សទី២១ នេះ ជម្លោះដណ្ដើមទឹកដីរវាងកម្ពុជា និងថៃ មានរយៈពេលជាង ១ពាន់ឆ្នាំមកហើយ។
លោក ខាត សុឃី គិតថា អ្វីដែលភាគីថៃ នៅតែបន្តរំកិលព្រំដែនចូលក្នុងទឹកដីកម្ពុជា នេះ បានតាមបំណងប្រាថ្នារបស់គេនោះ ក៏ព្រោះតែនយោបាយការបរទេស និងយន្តការនៃការគ្រប់គ្រងទឹកដីរបស់រដ្ឋាភិបាលកម្ពុជា មានភាពទន់ជ្រាយជាងប្រទេសជិតខាង រួមមានប្រទេសថៃ និងវៀតណាម ជាដើម។ បើតាមលោក ខាត សុខឃី ក្នុងពេលបច្ចុប្បន្ន ក្រៅពីការជ្រៀតជ្រែកព្រំដែន ភាគីថៃ បានគំរាមពលរដ្ឋកម្ពុជា នៅតាមជាយដែនជាប់ប្រទេសថៃ មិនអនុញ្ញាតឲ្យមានការដាំដុះ និងបង្កបង្កើនផលក្នុងទ្រង់ទ្រាយធំនោះទេ។
លោក ខាត សុឃី៖ «ទាហានថៃ ឡើងខ្មៅក្រឹប។ យើងលើកមកប្រុងឡើងមកទៅដល់កែងតឹងណោះ ២០០ម៉ែត្រ វាអត់ឲ្យលើកទេណា ឲ្យលើកប្រឆាំងគ្នាហ្មង អាស៊ីនីកំពុងលើក អាឡូកំពុងកិន ប្រុងបាញ់ៗគ្នាហ្នឹង។ អ៊ីចឹង ថ្ងៃហ្នឹងក៏ខេត្តគេមក និយាយគ្នាក៏ឈប់ទាល់ឥឡូវនេះ ឥឡូវទើបលើកបានប៉ុណ្ណឹង ទើបហើយ មកដល់ត្រឹមណេះ។ ឥឡូវ ពិចារណាមើល អាយើងនៅហ្នឹង ផ្ទះយើងរាល់ថ្ងៃ វាមិនឲ្យធ្វើទៀត។ ចង់ថាផ្សារហ្នឹងស័ង្កសី វាមិនឲ្យប្រក់ទៀតណា ពិចារណាមើលទៅ បើសិនយើងហានធ្វើតូបមួយថែមទៀត វាថតភ្លាម នេះធ្វើត ដូចថាធ្វើតអ៊ីចឹងវាទូលាយ វាមកថតភ្លាម។ ខ្ញុំឆ្ងល់ ខ្ញុំកំពុងដេកឆ្ងល់កន្លែងហ្នឹងនេះ»។
អតីតយោធាខ្មែរក្រហមដែលបន្តរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឲ្យដឹងថា ភាគីថៃ មិនត្រឹមពុំទទួលស្គាល់ការកំណត់ព្រំដែនរបស់អាណានិគមនិយមបារាំង ឆ្នាំ១៩០៤ ទេ លើសពីនេះ រដ្ឋាភិបាលទីក្រុងបាងកក បានលួចរំកិលព្រំដែនដោយបង្កើតបង្គោលឡាក់ថ្មីជាឯកតោភាគី និងបន្តវាតខ្សែបន្ទាត់ខណ្ឌសីមាព្រំដែនហួសពីអ្វីដែលគណៈកម្មការជំនាញកិច្ចការព្រំដែននៃប្រទេសទាំងពីរបានព្រមព្រៀង និងកំណត់ក្នុងពេលកន្លងទៅថែមទៀត៖ «បើសិនជាយើងប្រៀបធៀបថាដីកម្ពុជា នៅទីនេះ កន្លងហើយនេះនៅធ្វើជាក់ស្ដែងនេះ នេះៗយើងធ្វើអានេះ ស្លាកសញ្ញានេះ យើងឃើញទាំងអស់គ្នាហើយណា កុំយើងធ្វើអាហ្នឹងទាន់ វាឲ្យយើងនេះបត់កែងណេះ ណេះអាបត់កែង អាជ្រោះ ជ្រោះដែលទឹកធ្លាក់ហ្នឹង»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងមន្ត្រីស្ថានទូតថៃ ប្រចាំកម្ពុជា ដើម្បីអត្ថាធិប្បាយបានទេពីបញ្ហានេះ នៅថ្ងៃទី២៨ កុម្ភៈ។
ទោះជាបែបណា កាលពីថ្ងៃទី២១ កុម្ភៈ ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ហាក់មានភាពស្ទាក់ស្ទើរក្នុងការអត្ថាធិប្បាយពាក់ព័ន្ធនឹងសំណួរដែលលើកឡើងថា ប្រសិនបើរកឃើញមានពលរដ្ឋ ឬយោធាថៃ តាំងទីលំនៅចូលក្នុងទឹកដីខ្មែរហួសបង្គោលឡាក់ដែលបោះកំណត់ចែកខណ្ឌសីមាប្រទេសទាំងពីរ និងមានតម្លៃជាសាកលទទួលស្គាល់ដោយអាណានិគមនិយមបារាំង តើរដ្ឋាភិបាលកម្ពុជា នឹងដោះស្រាយបែបណាលើផ្នែកនេះ?
លោក វ៉ា គឹមហុង គិតថា រដ្ឋាភិបាលកម្ពុជា ពុំមានចំណាត់ការណាមួយក្នុងការចាប់បង្ខំឲ្យភាគីថៃ ចាកចេញលើទីតាំងដែលធ្លាប់រស់នៅនោះទេ៖ «បើយើងយកទៅ បើយើងរកឃើញទីតាំងបង្គោលហ្នឹង ត្រូវអើក៏មិនត្រូវ យើងធ្វើកំណត់ហេតុ ពីព្រោះយើងមិនទាន់ធ្វើជាផ្លូវការអីក៏ដោយ ប៉ុន្តែយើងធ្វើកំណត់ហេតុ យើងធ្វើទីតាំងផែនទីថានៅ យើងយល់ថានៅទីនេះ គេនៅទីនោះប៉ុណ្ណឹង។ យើងអត់មានទៅថាគេចូលមករាប់សិប អើឬមួយគីឡូ ឬក៏ច្រើនរយម៉ែត្រ។ វាធម្មតា វាមិនសូវនេះខុសគ្នាប៉ុន្មានទេ គ្រាន់តែមានការខុសគ្នាមែន»។
អ្នកឃ្លាំមើលការវិវត្តន៍ស្ថានការណ៍សង្គម ចាត់ទុកយន្តការក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាគ្មានឆន្ទៈនយោបាយក្នុងការទប់ស្កាត់ប្រឆាំងការរំកិលព្រំដែនដោយរដ្ឋាភិបាលទីក្រុងបាងកក នោះទេ។ ក្នុងន័យនេះ អ្នកវិភាគគិតថា អនាគតប្រទេសកម្ពុជា អាចប្រឈមនឹងការបាត់ឈ្មោះពីផែនទីរបស់ពិភពលោក ប្រសិនបើរដ្ឋាភិបាលប្រកាន់គោលនយោបាយការអត់ធ្មត់ មិនតបតចំពោះការជ្រៀតជ្រែកបូរណភាពទឹកដីពីប្រទេសជិតខាងនោះ។
លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្លែងថា វាជាប្រការដែលគួរឲ្យសោកស្ដាយដែលរដ្ឋាភិបាលកម្ពុជា មិនខ្វល់ខ្វាយចំពោះការបន្តបាត់បង់ទឹកដីមួយផ្នែកទៀតទៅប្រទេសថៃ ក្នុងពេលបច្ចុប្បន្ន។ លោកបន្តថា ផ្ទុយទៅវិញ ឆន្ទៈនយោបាយដ៏ពិតប្រាកដដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា អនុវត្តបានប្រឆាំងតែទៅលើពលរដ្ឋរបស់ខ្លួន និងនយោបាយផ្ទៃក្នុងប្រទេសប៉ុណ្ណោះ។
លោក រ៉ុង ឈុន៖ «រឿងការពារទឹកដី ដូចខ្ញុំបានជម្រាបហើយ មិនដែលធ្វើការប្ដេជ្ញាចិត្តខ្ពង់ខ្ពស់ទេ គ្រាន់តែជាការធ្វើសើៗលំៗ គ្មានសេចក្ដីសម្រេចចិត្តខ្ពស់ទេ ហើយការពារប្រជាពលរដ្ឋមិនមានការពារប្រជាពលរដ្ឋណាមួយផ្ដល់សេចក្ដីសុខជូនអើប្រជាពលរដ្ឋទេ មានតែធ្វើឲ្យបង្ហូរទឹកភ្នែកជារៀងរាល់ថ្ងៃ»។
ចំណែកអតីតយោធាខ្មែរក្រហម និងពលរដ្ឋដែលរស់នៅតាមជាយដែនកម្ពុជា-ថៃ គិតថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្រកាន់ជំហរនៃគោលនយោបាយការអត់ធ្មត់ គេរំពឹងថា នោះកម្ពុជា ទំនងនឹងបាត់បង់សិទ្ធិជាម្ចាស់ប្រទេសនៅថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។