ពលរដ្ឋ​តាម​ព្រំដែន​ចោទ​ទាហាន​ថៃ​ថា​រំលោភ​យក​ទឹកដី​ខ្មែរ

ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង បាន​អះអាង​ថា ដី​ខ្មែរ​តាម​ព្រំដែន​មួយ​ផ្នែក ដែល​អតីត​កងទ័ព​ខ្មែរ​ក្រហម​កាន់​កាប់​មុន​ឆ្នាំ​១៩៩៦ បច្ចុប្បន្ន​ត្រូវ​ថៃ កាន់​កាប់​ស្ទើរ​តែ​ទាំង​ស្រុង និង​បារម្ភ​ខ្លាច​បាត់​បង់​បន្ថែម​ទៀត បើ​សិន​អាជ្ញាធរ ឬ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល មិន​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ។

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង មាន​ការ​ព្រួយ​បារម្ភ​ដូច​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​ជាប់​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ នា​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និង​បន្ទាយមានជ័យ ដែល​បាន​អះអាង​ពី​ការ​បាត់បង់​ដី​ខ្មែរ​តាម​ព្រំដែន​ទៅ​ភាគី​ថៃ ក្រោយ​អតីត​កងទ័ព​ខ្មែរ​ក្រហម ធ្វើ​សមាហរណកម្ម​ជាមួយ​រដ្ឋាភិបាល​មក។

បុរស​ពិការ​ជើង​ម្ខាង​ដោយ​ផ្ទុះ​មីន​សម័យ​សង្គ្រាម ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​ទៀត រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង លោក​បាន​អះអាង​ថា ដី​ខ្មែរ​ក្នុង​មូលដ្ឋាន​នេះ ដែល​ធ្លាប់​កាន់​កាប់​ដោយ​កងទ័ព​ខ្មែរ​ក្រហម​ពី​អតីតកាល ត្រូវ​ថៃ កាន់​កាប់​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ។ បុរស​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​រូប​នេះ បន្ត​ថា ការ​រុល​ចូល​កាន់​កាប់​ដី​ខ្មែរ​តាម​ព្រំដែន​របស់​ថៃ ទំនង​ជា​កើត​មាន​នៅ​ចន្លោះ​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​២០០០។

បុរស​វ័យ​ជិត ៦០​ឆ្នាំ​រូប​នេះ អះអាង​ថា ដី​ខ្មែរ​តាម​ព្រំដែន​ក្នុង​ស្រុក​សំឡូត ដែល​កងទ័ព​ខ្មែរ​ក្រហម​គ្រប់គ្រង​ចន្លោះ​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៦ ត្រូវ​ថៃ រំលោភ​យក​មិន​តិច​ជាង ១០​គីឡូម៉ែត្រ ពី​ច្រក​ព្រំដែន​កម្ពុជា-ថៃ ត្រង់​ចំណុច​ច្រក​បួន​រយ​សព្វថ្ងៃ​នេះ​ទេ៖ «បង្គោល​ព្រំដែន​ដែល​ខ្ញុំ​ធ្លាប់​ដឹង និង​រស់នៅ​ទី​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩។ មើល​ពី​ទី​នេះ​ទៅ ព្រំដែន​ប្រហែល​ដី​ជាង ១០​គីឡូម៉ែត្រ គឺ​មាន​បង្គោល​ឡាក់​៦៩ និង​ចេញ​ពី​បង្គោល​ឡាក់​៦៩ ទៅ​មាន​បង្គោល​ឡាក់​៧០។ តែ​ក្រោយ​សមាហរណកម្ម​មក ទាហាន​យើង​ដក​ចេញ ថៃ ក៏​កិល​ចូល​មក។ ច្រក​នេះ គឺ​ច្រក​បួន​រយ។ ជួន​កាល ខ្ញុំ​នឹក​ឃើញ​អនុស្សាវរីយ៍​ដែល​ខ្ញុំ​ធ្លាប់​វ៉ៃ​គ្នា​ជាមួយ​យួន ដែល​វា​បុក​ចូល​ឆ្នាំ​១៩៨៤។ អ៊ីចឹង ទីតាំង​នេះ គឺ​ជា​ទីតាំង​របស់​ខ្មែរ​ក្រហម ហើយ​ប្រជាជន​ដែល​គាត់​រស់នៅ គឺ​នៅ​ជ្រៅ​ទៅ​ខាង​ក្នុង​ទៅ​ទៀត។ ដី​បើ​គិត​ពី​ព្រំដែន​បច្ចុប្បន្ន ដើរ​មួយ​ព្រឹក​ទៀត​បាន​ដល់។ ឥឡូវ​ដី​នេះ ត្រូវ​ថៃ គ្រប់គ្រង​អស់​ទៅ​ហើយ»

ពលរដ្ឋ​ផ្សេង​ទៀត​ជា​អតីត​កងទ័ព​ខ្មែរ​ក្រហម ក៏​បាន​សោកស្ដាយ​ដី​ខ្មែរ​មួយ​ផ្នែក​នៅ​ស្រុក​សំឡូត ត្រូវ​ថៃ ទន្ទ្រាន​កាន់​កាប់ ប៉ុន្តែ​បែរ​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​សូវ​រវល់​អើពើ ឬ​ប្រតិកម្ម​បញ្ហា​នេះ​ទៅ​វិញ។ ពលរដ្ឋ​ស្រុក​សំឡូត បាន​ព្រួយ​បារម្ភ​ថា ទៅ​ថ្ងៃ​អនាគត ថៃ អាច​នឹង​បន្ត​សកម្មភាព​រំលោភ​ឈ្លាន​ពាន​ដី​ខ្មែរ​តាម​ព្រំដែន​នា​តំបន់​ភ្នំ និង​តំបន់​ព្រៃ​ច្រើន​ទៀត បើ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ៖ «ឥឡូវ​នេះ នៅ​លើ​ខ្នង​ភ្នំ​បន្ទាត់ ជួរ​ភ្នំ​ត្រងោល ភ្នំ​ប្រាំពីរម្ភៃ។ ភ្នំ​ប្រាំពីរម្ភៃ ហ្នឹង វា​ដោត​ទង់​ជាតិ​វា​លើ​ហ្នឹង​តែ​ម្តង បន្ទាប់​មក​ភ្នំ​បួនរយ បន្ទាប់​មក​បង្គោល​ឡាក់​៧០ រីឯ​បង្គោល​ឡាក់​៦៩ នោះ គេ​សរសេរ​អក្សរ​ថៃ មួយ​ចំហៀង អក្សរ​ខ្មែរ មួយ​ចំហៀង។ អា​ហ្នឹង​កាល​ដែល​ខ្ញុំ​ឃើញ​នៅ​ពេល​ខ្ញុំ​រត់​ឆ្នាំ​១៩៧៩។ បើ​យើង​មើល គឺ​ថៃ បាន​កិល​ចូល​មក​ជាង ១០​គីឡូម៉ែត្រ​ទៅ​ហើយ។ តាម​ការ​ពិត បង្គោល​ឡាក់​ពី​មុន​នៅ​ខាង​មុខ​ឯណោះ»

ពលរដ្ឋ​ស្រុក​សំឡូត ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​សូម​កុំ​គិត​ថា ថៃ បញ្ឈប់​មហិច្ឆតា​រំលោភ​ដី​ខ្មែរ​តាម​ព្រំដែន​ឲ្យ​សោះ ព្រោះ​សង្កេត​ឃើញ​ថា រាល់​ថ្ងៃ​នេះ​សកម្មភាព​រុល​ចូល​ដី​ខ្មែរ​ពី​ភាគី​ថៃ ឬ​កងទ័ព​ថៃ នៅ​តាម​តំបន់​ភ្នំ ឬ​ព្រៃ គ្មាន​ពលរដ្ឋ ឬ​សមត្ថកិច្ច​ប្រចាំ​ការ បាន​បន្ត​កើត​មាន។ ហើយ​ថា សកម្មភាព​ថៃ ទន្ទ្រាន​ចូល​ដី​ខ្មែរ​តាម​ព្រំដែន មិន​ឃើញ​មាន​សមត្ថកិច្ច ឬ​រដ្ឋាភិបាល​បញ្ចេញ​ប្រតិកម្ម​ទេ។

យ៉ាង​នេះ​ក្តី មន្ត្រី​រដ្ឋាភិបាល​តាម​ខេត្ត​ជាប់​ព្រំដែន បាន​បដិសេធន៍​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ​ទេ លើ​បញ្ហា​ថៃ រំកិល ឬ​រំលោភ​ដី​តាម​ព្រំដែន​ក្នុង​មូលដ្ឋាន​ខ្លួន​ទេ ដោយ​ចាត់​ទុក​ស្ថាប័ន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​រដ្ឋាភិបាល ជា​អ្នក​ទទួល​ខុស​ត្រូវ។

ទោះ​ជា​បែប​ណា មន្ត្រី​នគរបាល និង​កងទ័ព​ប្រចាំ​ការ​តាម​ច្រក​របៀង ឬ​ច្រក​តំបន់ តាម​ព្រំដែន​កម្ពុជា-ថៃ នា​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា ដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​អតីត​កងទ័ព​ខ្មែរ​ក្រហម នៅ​ស្រុក​សំឡូត ពិត​ជា​ត្រូវ​ថៃ កាន់​កាប់​ស្ទើរ​ទាំង​ស្រុង​ពិត​មែន។

ទាំង​មន្ត្រី​នគរបាល និង​យោធា​ប្រចាំ​ច្រក​ព្រំដែន ពួក​គេ​មាន​ការ​ប្រយ័ត្នប្រយែង និង​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​ទេ ចំពោះ​ការ​ផ្តល់​ព័ត៌មាន​ពី​ការ​បាត់បង់​ដី​ខ្មែរ​តាម​ព្រំដែន​ទៅ​ប្រទេស​ថៃ នេះ​ទេ ព្រោះ​ខ្លាច​ថ្នាក់​លើ​ស្តី​បន្ទោស ឬ​ដក​តំណែង។

យោធា​ខ្មែរ​ប្រចាំ​ការ​នៅ​តាម​ច្រក​ព្រំដែន​កម្ពុជា-ថៃ មួយ​ចំនួន មាន​ច្រក​បួនរយ នា​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ជាប់​ខេត្ត​ត្រាត ប្រទេស​ថៃ ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ ថៃ ពិត​ជា​បន្ត​មាន​មហិច្ឆតា​រំកិល​ព្រំដែន និង​ពង្រាយ​ទ័ព​ចូល​ឈរ​ជើង​ចូល​ដី​ខ្មែរ​តាម​តំបន់​ព្រៃ និង​តំបន់​ភ្នំ ដូច​ពលរដ្ឋ​អះអាង​មែន។

ទាក់ទិន​បញ្ហា​នេះ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ផ្នែក​អភិវឌ្ឍន៍​សង្គម មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ហាក់​ភ្លេច​គិត​លើ​បញ្ហា​បូរណភាព​ទឹកដី ពី​ការ​ឈ្លាន​ពាន​ដោយ​ប្រទេស​ជិត​ខាង​ទៅ​ហើយ។ ដោយ​មន្ត្រី​ទាំង​នោះ រវល់​គិត​ធ្វើ​យ៉ាង​ណា​រក្សា​តំណែង​បុណ្យ​ស័ក្តិ​មិន​ឲ្យ​បាត់បង់ ឬ​រវល់​គិត​តែ​ពី​ការ​សប្បាយ​ជាមួយ​ស្រី​កំណាន់​ក្មេងៗ លុយ ឡាន​ទំនើបៗ និង​វីឡា​ស្កឹមស្កៃ​ជាដើម។

អ្នក​ស្រាវជ្រាវ​រូប​នេះ ព្រួយ​បារម្ភ​ថា ផែន​ការ​រុក​រក​បង្គោល ឬ​កំណត់​ព្រំដែន​គោក​រវាង​កម្ពុជា និង​ថៃ ដែល​បាន​បន្សល់​ទុក​ពី​អាណាព្យាបាល​បារាំង អាច​នាំ​ឲ្យ​កម្ពុជា បាត់​ដី​ច្រើន​ថែម​ទៀត ព្រោះ​ជាក់ស្តែង ដី​តាម​បន្ទាត់​ព្រំដែន​ដែល​កន្លង​មក​គ្រប់គ្រង​ដោយ​អតីត​កងទ័ព​ខ្មែរ​ក្រហម រណសិរ្ស​ហ៊្វុនស៊ិនប៉ិច និង​រណសិរ្ស​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​ថៃ កាន់​កាប់​ស្ទើរ​តែ​ទាំង​ស្រុង៖ «នៅ​ពេល​ប្រទេស​យើង​មាន​សន្តិសុខ យើង​ក៏​មិន​បាន​គិត​រឿង​ព្រំដែន​ទៅ​ទៀត គឺ​គិត​តែ​ពី​សប្បាយ ឡាន​លុចស៊ីស ៥៧០ (Lexus 570) សណ្ឋាគារ​ខ្ពស់ៗ មាន​ខារ៉ាអូខេ មាន​បារ​ច្រើន​អ៊ីចឹង​ទៅ ដូច​ជា​មិន​ឃើញ​មាន​នរណា​ចាប់​អារម្មណ៍ ឬ​យក​ខួរ​ក្បាល​មក​គិត​រឿង​ព្រំដែន​ទេ។ អា​ហ្នឹង​ជា​រឿង​ដែល​សំខាន់ ដែល​យើង​ត្រូវ​ពិចារណា​ទាំងអស់​គ្នា នៅ​ពេល​ដែល​យើង​សប្បាយ គឺ​យើង​សប្បាយ​ភ្លេច​គិត»

យ៉ាង​ណា​ក៏ដោយ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​រដ្ឋាភិបាល ធ្លាប់​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​មិន​ទៅ​ឆោត​ល្ងង់​បោះ​កំណត់​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​នាំ​ឲ្យ​បាត់បង់​ដី​ខ្លួន​នោះ​ទេ។ លោក​បន្ត​ថា បញ្ហា​កំណត់​បង្គោល​ព្រំដែន​គោក​ជាមួយ​ថៃ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​យក​តាម​បង្គោល​ព្រំដែន​មាន​ស្រាប់​ចំនួន ៧៣​បង្គោល និង​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ក្រោយ​ឆ្នាំ​១៩០៤។

លោក វ៉ា គឹមហុង៖ «កន្លែង​ដែល​គេ​កំណត់​ខណ្ឌ​សីមា ឬ​បោះ​បង្គោល គឺ​បោះ​បង្គោល​ពី​ឆ្នាំ​១៩០៨ ឬ​១៩០៩ រហូត​ដល់ ១៩១៩ និង ១៩២០ គេ​បោះ ៧៣​បង្គោល​តាំង​ពី​ហ្នឹង​មក​ហើយ។ ឥឡូវ​ហ្នឹង គេ​លែង​ធ្វើ​ហើយ គណៈកម្មាធិការ​ហ្នឹង​គេ​ត្រូវ​រក​បង្គោល​ហ្នឹង​ឲ្យ​ឃើញ​ទៅ។ រក​ឲ្យ​ឃើញ ហើយ​រក​ទីតាំង​ឲ្យ​ពិត​ប្រាកដ​ទៅ អត់​មាន​ទៅ​បោះ​អី​ទៀត​ទេ បើ​រក​ឃើញ​ហើយ ត្រូវរ៉ូវ​គ្នា​ហើយ ឯកភាព​គ្នា​ធ្វើ​កំណត់​ហេតុ​ស៊ីញេ​ព្រមព្រៀង​គ្នា។ ឥឡូវ​រក​ឃើញ​តែ​រក​បង្គោល​ហ្នឹង​មិន​ទាន់​ឃើញ​ទាំងអស់​ទេ រក​ឃើញ​មួយ​ចំនួន ហើយ​យើង​ត្រូវរ៉ូវ​គ្នា​ខ្លះ មិន​ទាន់​ត្រូវ​ខ្លះ»

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​តំណាង​ស្ថានទូត​ថៃ ប្រចាំ​ទីក្រុង​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ បាន​នៅ​ឡើយ​ទេ ហើយ​តាម​សារ​អេឡិចត្រូនិក ក៏​មិន​មាន​ការ​ឆ្លើយ​តប​ដែរ។

ពលរដ្ឋ​មិន​ត្រូវ​បាន​បើក​ទូលាយ​ឲ្យ​ស្គាល់​ពី​ព្រំដែន

មន្ត្រី​យោធា និង​ប៉ូលិស​ការពារ​ព្រំដែន​មួយ​ចំនួន​នៅ​ភាគ​ពាយព្យ​ជាប់​ព្រំដែន​កម្ពុជា-ថៃ បាន​រិះគន់​ថា រដ្ឋាភិបាល​ព្យាយាម​ហាមប្រាម​ពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ឃើញ​ព្រំដែន និង​ចោទ​ប្រកាន់​អ្នក​ដែល​ចង់​ដឹង​ពី​បញ្ហា​ព្រំដែន​ថា គឺ​ជា​អ្នក​ប្រឆាំង​រដ្ឋាភិបាល ឬ​ធ្វើ​ការ​បម្រើ​ឲ្យ​គោល​នយោបាយ​បក្ស​ប្រឆាំង។ ក៏ប៉ុន្តែ កន្លង​មក បញ្ហា​ព្រំដែន​នេះ ត្រូវ​បាន​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា ឲ្យ​ដឹង​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​ដែល​រឹតត្បិត​ពលរដ្ឋ​ណា​ម្នាក់​មិន​ឲ្យ​ឃើញ​ព្រំដែន​ឡើយ។

បញ្ហា​ព្រំដែន​ជា​រឿង​រសើប​មួយ ដែល​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ណា​និយាយ​ដល់​ឡើយ និង​ជា​ញឹកញយ អាជ្ញាធរ​តែង​ចោទ​ប្រកាន់​ថា អ្នក​និយាយ​ពី​រឿង​ព្រំដែន ច្រើន​ជា​សមាជិក​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ ប្រជាពលរដ្ឋ​ខ្លះ ចង់​ទៅ​មើល​ព្រំដែន តែ​គេ​មាន​ការ​ខ្លាច​ញញើត មាន​ការ​ចោទ​សួរ​ដេញដោល​ពី​សំណាក់​អាជ្ញាធរ។

ការ​រិះគន់​អំពី​យុទ្ធសាស្ត្រ និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ពី​សំណាក់​ពលរដ្ឋ​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​យោធា​កម្ពុជា និង​ប៉ូលិស​ព្រំដែន តែង​រារាំង​ជា​បន្តបន្ទាប់​ចំពោះ​ការ​ចង់​ដឹង និង​ឃើញ​ដោយ​ផ្ទាល់​នូវ​បង្គោល​ព្រំដែន ទាំង​ជាមួយ​វៀតណាម និង​ថៃ ក្នុង​ពេល​បច្ចុប្បន្ន។

អតីត​យោធា​ខ្មែរ​ក្រហម លោក ឃិន ប៉ុន អះអាង​កាល​ពី​ថ្ងៃ​ទី១៩ មីនា ថា រដ្ឋាភិបាល​ពុំ​គួរ​រឹត​បន្តឹង​ពលរដ្ឋ​ដែល​ប្រាថ្នា​ចង់​ឃើញ​បង្គោល​ព្រំដែន​របស់​ខ្លួន​ទេ។ លោក​គិត​ថា ការ​មិន​បើក​ទូលាយ​គោល​នយោបាយ​ជើង​មេឃ គឺ​ជា​ការ​ប្រឈម​នៅ​ថ្ងៃ​ខាង​មុខ សម្រាប់​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស​ដែល​ព្រំដែន​ពិត​ប្រាកដ មិន​ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង។ ផ្ទុយ​ពី​នេះ លោក​គិត​ថា សម្រាប់​ប្រទេស​វៀតណាម ឬ​ប្រទេស​ថៃ វិញ រដ្ឋាភិបាល​របស់​គេ​តែង​លើក​ទឹក​ចិត្ត​ពលរដ្ឋ​របស់​ខ្លួន​ដែល​ប្រាថ្នា​ចង់​ឃើញ ឬ​ខ្វល់ខ្វាយ​ពី​អធិបតីភាព និង​បូរណភាព​ទឹកដី​ជា​ដរាប។

លោក ឃិន ប៉ុន៖ «បើ​យើង​ក្នុង​ឋានៈ​ជា​អ្នក​ដឹកនាំ យើង​ចង់​ការពារ​ទឹកដី យើង​ចង់​និយាយ​ថា​មិន​ចាំបាច់​ដល់​ថ្នាក់​ដឹកនាំ​ប្រទេស​ទេ បើ​យើង​និយាយ​ថា​ក្រុម​គ្រួសារ​មួយ បើ​មិន​ឲ្យ​កូន​ស្គាល់​ព្រំ​ដី​របស់​ខ្លួន​ផង​ហ្នឹង ឥត​ឲ្យ​ស្គាល់​បង្គោល​ផង​ហ្នឹង។ អ៊ីចឹង​សួរ​ថា យើង​គិត​យ៉ាង​ម៉េច​សម្រាប់​ការពារ​ទឹកដី​ដល់​ពេល​គេ​និយាយ​ថា គេ​ហ្នឹង​ចេះ​តែ​និយាយ​ចេះ​តែ​បង្ខូច»

តែ​ផ្ទុយ​ទៅ​វិញ គោល​នយោបាយ​របស់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​បច្ចុប្បន្ន ត្រូវ​រង​ការ​រិះគន់​ថា​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំបិទ​មាត់ និង​ចាត់​វិធានការ​ប្រឆាំង​នឹង​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង អំពី​បញ្ហា​ព្រំដែន​ថា នាំ​ប៉ះពាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិត​ខាង។

បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។
បង្គោល​ព្រំដែន​លេខ ៦៤ នៅ​ចំណុច​អូរអែម សង្កាត់​បរយ៉ាខា ក្រុង​ប៉ៃលិន។ (RFA/Morm Moniroth)

ព្រោះ​តែ​បញ្ហា​បូរណភាព​ទឹកដី និង​អធិបតីភាព​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ត្រូវ​រស់នៅ​ដោយ​និរទេស​ខ្លួន​តាម​អំណាច​សាលក្រម​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពី​បទ​បំផ្លាញ​បង្គោល​ព្រំដែន បទ​ក្លែង​បន្លំ​ឯកសារ​ផែនទី បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត។ ចំណែក​កសិករ​នៅ​ខេត្ត​ស្វាយរៀង ២​នាក់ ត្រូវ​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ស្រុក​ចន្ទ្រា។ លើស​ពី​នេះ លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ក្នុង​ពេល​កន្លង​ទៅ ត្រូវ​រដ្ឋាភិបាល​ចោទ​ប្រកាន់ និង​ចាប់​ដាក់​គុក ព្រោះ​តែ​ហាន​រិះគន់​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ប្រទេស​វៀតណាម ជាដើម។

ពលរដ្ឋ​នៅ​ជាយ​ដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ប៉ៃលិន ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និយាយ​ថា គេ​ពិត​ជា​ពិបាក​រក​អ្នក​ដែល​ហាន​និយាយ​អំពី​បញ្ហា​ព្រំដែន​ណាស់ បើ​ទោះ​ជា​មើល​ឃើញ​ថា​ប្រទេស​ថៃ បាន​រំកិល​ព្រំដែន​ចូល​ក្នុង​ទឹកដី​កម្ពុជា​យ៉ាង​ណា​ក៏ដោយ ព្រោះ​ថា ការ​ព្យាយាម​បញ្ចេញ​ការ​ពិត តែង​រង​ការ​ចោទ​ប្រកាន់​ដោយ​រដ្ឋាភិបាល​ថា​ក្បត់​ជាតិ ឬ​មាន​និន្នាការ​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​គណបក្ស​គ្រប់គ្រង​អំណាច​ជាដើម៖ «វា​ឃើញ​តែ​អ្នក​និយាយ​បញ្ហា​ព្រំដែន តែ​កាល​ណា​និយាយ វា​ចេះ វា​ប៉ះពាល់​លើ​អា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​អ្ហា។ អ៊ីចឹង ខ្ញុំ​មិន​សូវ​ចង់​និយាយ​ដែរ​អា​រឿង​ព្រំដែន ប៉ុន្តែ​ថា​អា​នេះ​អ្វី​ដែល​យើង​ឃើញ​ជាក់​ស្ដែង យើង​និយាយ​ខ្លះ។ យើង​និយាយ​ខ្លះ​ទៅ វា​មិន​និយាយ​អី​ទាំងអស់​ទេ។ តាំង​ពី​ខ្ញុំ​មក​រស់នៅ​ហ្នឹង​រយៈពេល​ជាង ១០​ឆ្នាំ នៅ​នេះ​ព្រៃ​ទេ នេះ​សុទ្ធ​តែ​ព្រៃ​ឫស្សី​ទាំងអស់ លើ​ផ្លូវ​ហ្នឹង​ផ្លូវ​លេខ​១០​ចាស់ ដែល​ធ្វើ​តាំង​ពី​ជំនាន់ សម្ដេច សីហនុ មក​ចូល​ទៅ​ថៃ ហ្នឹង។ លើ​ហ្នឹង ពោរពេញ​ទៅ​ដោយ​មីន ហើយ​និង​គុម្ព​ឫស្សី​ស្អេកស្កះ​អត់​មាន​ពី​ណា​សូវ​ហាន​ចូល​ទេ ហើយ​ខ្ញុំ​ក្រ​ពេក​ខ្ញុំ​នៅ​ហ្នឹង»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក វ៉ា គឹហុង ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ទេ។ ក៏ប៉ុន្តែ​ក្នុង​ពេល​កន្លង​ទៅ លោក​ធ្លាប់​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ពុំ​ដែល​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ណា​ម្នាក់​ដែល​ចង់​ឃើញ​បង្គោល​ព្រំដែន​ម្ដង​ណា​នោះ​ឡើយ។ លោក​បន្ត​ថា តែ​ផ្ទុយ​ទៅ​វិញ អ្វី​ដែល​រដ្ឋាភិបាល​រឹត​បន្តឹង​ទីតាំង​ហាម​ឃាត់​មួយ​ចំនួន​នោះ គឺ​ជា​តំបន់​ដែល​គណៈកម្មការ​ជំនាញ​កិច្ចការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នៅ​មិន​ទាន់​បាន​ឯកភាព​ជា​គោលការណ៍​រួម​នៅ​ឡើយ៖ «ខ្ញុំ​វា​មិន​ដែល​ឮ​ថា​ហាម​ឃាត់ ឮ​សូរ​ថា​ហាម​ឃាត់ ឮ​សូរ​តែ​ពួក​បក្ស​ប្រឆាំង​ទេ និយាយ​ត្រង់​ទៅ​សុទ្ធ​តែ​ហាម​ឃាត់​អា​នេះ​ហាម​ឃាត់​អា​នោះ ដូច​ថា​គ្មាន​អាណា​ទៅ​ហាម​ឃាត់​សោះ បន់​ឲ្យ​តែ​ទៅ​មើល។ តាំង​ពី​ដើម​មក​អ៊ីចឹង គឺ​ថា​ដែល​គេ​ហាម​ឃាត់​នៅ​តាម​តំបន់​ណា​បង្គោល​តម្រុយ​ដែល​គេ​កំពុង​ធ្វើ​កិច្ចការ​គេ​ហ្នឹង គឺ​កុំ​ឲ្យ​វា​ប៉ះពាល់ កុំ​ឲ្យ​វា​បាត់​អា​តម្រុយ​គេ ឬ​ក៏​បាត់​អា​ដែង​ភស្តុតាង​គេ ធ្វើ​ឲ្យ​ខូចខាត ខាត​ពេលវេលា ខាត​លុយ ខាត​កាក់ អា​នេះ​ដែល​យើង​ហាម​ឃាត់ ក្រៅ​ពី​នោះ​អត់​មាន​ណា​ហាម​ឃាត់​ទេ»

ក្រុម​អតីត​យោធា​ខ្មែរ​ក្រហម​នៅ​ជាយ​ដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ប៉ៃលិន ចាត់​ទុក​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថា ការ​អនុវត្ត​តឹងតែង​ទៅ​បាន​នោះ គេ​តែង​សង្កេត​ឃើញ​ចំពោះ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​របស់​ខ្លួន​ប៉ុណ្ណោះ៖ «គឺ​ជា​អាថ៌កំបាំង​ដែល​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​យើង​ក្ដី ឬ​អ្នក​សារព័ត៌មាន​ក្តី ចូល​ទៅ​ថត​បង្គោល​ព្រំដែន​បាន សូម្បី​តែ​ឡាក់​នេះ ៦៥ ៦៦ ៦៧ ហ្នឹង ក៏​យើង​អត់​អាច​ទៅ​បាន​ដែរ។ ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​បាន​ទៅ​បាន។ អា​ជនជាតិ​មួយ​ណា ឲ្យ​តែ​ធ្វើ​ទាហាន​ថៃ អា​ទាហាន​ខ្មៅ​ទាហាន​ព្រំដែន​ហ្នឹង ឲ្យ​ឯង​ស្គាល់​បង្គោល​ឡាក់​គ្រប់​គ្នា​ទាំងអស់។ ហើយ​ខ្មែរ​យើង​ខុស​ពី​កង​ហ្នឹង ឲ្យ​កង​ដទៃ​មក​មើល បើ​មិន​អត់​ស្គាល់​មិន​ស្រួល​មេ​ល្មមៗ​អត់​ស្គាល់​ព្រំដែន​ផង។ អ៊ីចឹង​អា​លក្ខណៈ​ការពារ​ព្រំដែន​យើង​ធូរ​ជាង​ថៃ ណាស់ យើង​ធូរ​រលុង​ជាង​ណាស់​ធ្វើ​ឲ្យ​គេ​រំកិល​ព្រំដែន​កន្លែង​ណា មិន​ស្រួល​ហ្នឹង​ចាំ​តែ​របាយការណ៍​តេ​ទូរស័ព្ទ​ពី​ចម្ងាយ​មក ខ្ញុំ​ថា​មិន​ច្បាស់​ទេ»

លោក កែម ឡី អ្នក​ស្រាវជ្រាវ និង​ជា​អ្នក​វិភាគ​សង្គម មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​មីនា ថា ដើម្បី​កែ​ទម្រង់​យន្តការ​នៃ​ការ​គ្រប់គ្រង​រដ្ឋ​ដោយ​ប្រសិទ្ធភាព មេ​ដឹកនាំ​គួរ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ក្រៅ​ផ្លូវ​ការ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ជា​ជាង​ការ​រៀបចំ​ទុក​ជា​មុន ទើប​អាច​រក​បញ្ហា​បាន​ច្រើន​ជាង និង​អាច​កែប្រែ​យុទ្ធសាស្ត្រ​ដឹកនាំ​ប្រទេស​បាន​លឿន​ជាង៖ «ខ្ញុំ​គិត​ថា រដ្ឋមន្ត្រី ឬ​មួយ​នាយក​រដ្ឋមន្ត្រី សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹង មិន​បាច់​អញ្ជើញ​មក​ផ្លូវ​ការ​ទេ។ យើង​អាច​លួច​មក មក​ជិះ​ម៉ូតូ​ឌុប​ឡាន​សាមញ្ញ​ធម្មតា តាក់ស៊ី​ធម្មតា ហើយ​ដើរ​តាម​ព្រំដែន​ហ្នឹង​ឲ្យ​ដឹង​តាំង​ពី​សំឡូត សំពៅលូន កំរៀង ភ្នំព្រឹក ប៉ៃលិន នេះ ឬ​ក៏​ចូល​មក​ម៉ាឡៃ ទៅ​តាម​ក៥ តាម​ព្រៃ​គុប អូរបីជាន់ បឹង​ត្រកួន អី​នេះ ខ្ញុំ​គិត​ថា យើង​ត្រូវ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង ហើយ​ដោយ​សម្ងាត់។ ហើយ​អាច​ជួប​សួរ​ប៉ូលិស​ប៉ុស្តិ៍ អាច​ជួប​សួរ​ទាហាន អាច​ជួប​សួរ​ប្រជាជន​ដែល​រស់នៅ​តាម​ច្រក​ព្រំដែន​ហ្នឹង បាន​យើង​មាន​គំនិត និង​ការ​អភិវឌ្ឍ​ច្រើន មាន​គំនិត​ដោះស្រាយ​ជូន​ប្រជាជន​ច្រើន មាន​ដំណោះស្រាយ​ច្រើន»

បើ​ទោះ​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ពុំ​មាន​ចរិត​រឹតត្បិត​យ៉ាង​ណា​ក្ដី ក៏ប៉ុន្តែ​ជា​គោលការណ៍ មន្ត្រី​ដែល​មាន​ភារកិច្ច​ការពារ​ព្រំដែន​នៅ​មូលដ្ឋាន ពុំ​បាន​បង្កើត​បរិយាកាស​ធូរ​ស្រាល ដើម្បី​បាន​ឃើញ ឬ​ចូល​ជិត​បង្គោល​ព្រំដែន​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។