កម្មករ​រោងចក្រ​នៅ​កំពង់ស្ពឺ​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​លេខ​​៣

កម្មករ​រោងចក្រ​ស្បែង​ជើង វីង ស្ដារ (Wing Star Shoes) នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៣។
កម្មករ​រោងចក្រ​ស្បែង​ជើង វីង ស្ដារ (Wing Star Shoes) នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៣។ (RFA/Ouk Savborey)

0:00 / 0:00

កម្មករ​រោងចក្រ​ផលិត​ស្បែកជើង វីង ស្ដារ ស៊ូ (Wing Star Shoes) នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ រាប់​ពាន់​នាក់ ក្នុង​ចំណោម​កម្មករ​សរុប​ប្រមាណ ៦​ពាន់​នាក់ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៣ ជាង ២​ម៉ោង ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ ១០​ចំណុច។

ទោះ​យ៉ាង​ណា​ក្រុម​កម្មករ​បាន​រំសាយ និង​បើក​ផ្លូវ​ឲ្យ​ចរាចរណ៍​វិញ ដោយសារ​អាជ្ញាធរ​ខេត្ត ស្នងការ​ខេត្ត និង​មន្ត្រី​មន្ទីរ​ការងារ​ចុះ​អន្តរាគមន៍​ជាមួយ​ថៅកែ​រោងចក្រ។

កម្មករ​កម្មការិនី​នៃ​រោងចក្រ វីង ស្ដារ ស៊ូ ស្ថិត​នៅ​ភូមិ​អង្គសុគន្ធា ឃុំ​មហាឫស្សី ស្រុក​គងពិសី បាន​បដិសេធ​សំណើ​ភាគី​ពាក់ព័ន្ធ​មិន​ចូល​ដោះស្រាយ​ការ​ទាមទារ​របស់​ខ្លួន​នៅ​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ ទេ នៅ​ថ្ងៃ​ទី​១៩ មីនា។

តំណាង​កម្មករ​រោងចក្រ វីង ស្ដារ ស៊ូ កញ្ញា បិន ស្រីមុំ បាន​ថ្លែង​ថា ពួកគាត់​រំសាយ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៣​នេះ គឺ​ដោយ​សង្ឃឹម​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​ចុះ​មក​អន្តរាគមន៍​នោះ​អាច​ដោះស្រាយ​សំណើ​របស់​ពួកគាត់​នៅ​រោងចក្រ​បាន។ ប៉ុន្តែ​ភាគី​ពាក់ព័ន្ធ​បែរ​ជា​ស្នើ​ឲ្យ​តំណាង​កម្មករ​ទៅ​ជួប​ចរចា​ដោះស្រាយ​បញ្ហា​នៅ​មន្ទីរ​ការងារ​ទៅ​វិញ។ កញ្ញា​បន្ត​ថា ពួកគាត់​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ​ចំនួន ១០​ចំណុច មាន​ដូចជា សុំ​ឲ្យ​ថៅកែ​អនុវត្ត​ការ​សុំ​ឈប់​សម្រាក ពិសេស​ឲ្យ​កម្មករ​ដូចជា​ច្បាប់​ការ ឈឺ​ជា​ដើម​កុំ​កាត់​លុយ។ សុំ​បន្ថែម​លុយ​ថ្លៃ​ធ្វើ​ដំណើរ ៥​ដុល្លារ​លើ​លុយ​ដែល​មាន​ស្រាប់ ១០​ដុល្លារ​ក្នុង​មួយ​ខែ និង​កុំ​ឲ្យ​ថ្នាក់​ដឹកនាំ​គាបសង្កត់ ឬ​បង្ខំ​កម្មករ​ឲ្យ​ថែម​ម៉ោង​ឡើយ។

កញ្ញា បិន ស្រីមុំ៖ «ចំណុច​ដែល​កម្មករ​គាត់​ស្នើ​សុំ​ខ្លាំង​បំផុត គឺ​គាត់​ស្នើ​សុំ​ដូច​ជា​លុយ​ឡាន លុយ​បាយ។ សូម្បី​តែ​លុយ​ឡាន​គាត់​សុំ​តែ​មួយ​រៀល​ថែម​ដូច​ជា​ភាគ​ទាន​ឲ្យ​កម្មករ ក៏​គាត់​អត់​ព្រម​ដែរ គាត់​អត់​ព្រមទាំង​អស់ ដូច​ដាច់​ធម៌​មេត្តា​សម្រាប់​ខ្មែរ​ពេក​ហើយ។ ខ្ញុំ​ចង់​ឲ្យ​ដោះស្រាយ​នៅ​កន្លែង​ធ្វើការ​ដើម្បី​ឲ្យ​កម្មករ​រាប់​ពាន់​នាក់​គាត់​ឃើញ​ថា ពួក​ខ្ញុំ​ពិត​ជា​បាន​ចូល​ដោះស្រាយ​គាត់​ពិត​មែន​ហ្នឹង បាន​ខ្ញុំ​ហ៊ាន​អះអាង​ឲ្យ​គាត់​ចូល​ធ្វើការ​វិញ»

កម្មករ​រោងចក្រ វីង ស្ដារ ស៊ូ បាន​ធ្វើ​បាតុកម្ម​ចំនួន ៣​ថ្ងៃ​ជាប់​គ្នា ពោល​គឺ​តាំង​ពី​ថ្ងៃ​ច័ន្ទ ទី​១៧ មីនា។ នៅ​ថ្ងៃ​ទី​១៩ មីនា ពួកគាត់​រាប់​ពាន់​នាក់ ក្នុង​ចំណោម ៦​ពាន់​នាក់ បាន​ធ្វើ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៣ តែ​ម្ដង។ ប៉ុន្តែ​ការ​បិទ​នេះ​បាន​ជាង ២​ម៉ោង ហើយ​រំសាយ​វិញ បន្ទាប់​ពី​អភិបាល​រង​ខេត្ត​កំពង់ស្ពឺ លោក ប៉ែន សំបូរ ស្នងការ​រង​ខេត្ត​កំពង់ស្ពឺ លោក សំ សានួន មន្ត្រី​មន្ទីរ​ការងារ និង​គណៈកម្មការ​ដោះស្រាយ​វិវាទ​កូដកម្ម​បាតុកម្ម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ​បាន​ចុះ​ទៅ​សម្របសម្រួល។

ស្នងការ​រង​ខេត្ត​កំពង់ស្ពឺ លោក សំ សានួន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ចម្រុះ​នេះ បាន​ជួប​ជាមួយ​ថៅកែ​រោងចក្រ​ដោយ​សម្រេច​ជា​លទ្ធផល​ថា ឲ្យ​តំណាង​កម្មករ​និង​សហជីព​ជួប​គ្នា​នៅ​មន្ទីរ​ការងារ​ខេត្ត នៅ​រសៀល​ម៉ោង ២ ថ្ងៃ​ដដែល​ដើម្បី​ដោះស្រាយ​បន្ត៖ «ខ្ញុំ​អត់​ដឹង​ថា​ម៉េច​ដែរ​ទេ​ណា ប៉ុន្តែ​ជំហរ​ក្រុម​ការងារ​គណៈកម្មការ ហើយ​និង​និយោជក​ថៅកែ​រោងចក្រ គឺ​បាន​ឯកភាព​គ្នា​ថា ធ្វើ​ការ​ដោះស្រាយ​នៅ​មន្ទីរ​ការងារ​តែ​ម្ដង»

ទាក់ទង​បញ្ហា​នេះ អគ្គលេខាធិការ​នៃ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ថន ថុល មាន​មតិ​ថា ការ​ដោះស្រាយ​របៀប​នេះ គឺ​ជា​ការ​អូស​បន្លាយ​ពេល​វេលា​ដើម្បី​ឲ្យ​កម្មករ​បាក់​ទឹក​ចិត្ត​ក្នុង​ការ​ទាមទារ​តែ​ប៉ុណ្ណោះ៖ «ការ​បាតុកម្ម​កូដកម្ម​គាត់​ទាមទារ​នៅ​កន្លែង​រោងចក្រ​របស់​គាត់​គួរ​តែ​ក្រុមហ៊ុន​ធ្វើ​ម៉េច​ដោះស្រាយ​នៅ​កន្លែង​រោងចក្រ​ជាក់​ស្ដែង​ទៅ ដើម្បី​ឲ្យ​បាន​ចូល​រួម​ស្ដាប់​ចូលរួម​ចរចា​ទាំង​អស់​គ្នា»

តំណាង​កម្មករ​បាន​អះអាង​ថា មូលហេតុ​ដែល​ពួកគាត់​មិន​ចូល​ចរចា​នៅ​មន្ទីរ​ការងារ​នោះ​គឺ​ដោយសារ​តែ​នៅ​ថ្ងៃ​ទី​១៨ ពួកគាត់​បាន​ចូល​ចរចា​ម្ដង​ហើយ តែ​ចំណុច​សំខាន់​ដែល​កម្មករ​ចង់​បាន​គ្មាន​ដំណោះស្រាយ​ពី​ភាគី​ថៅកែ​រោងចក្រ​ទេ។ ពួកគាត់​អះអាង​ថា នៅ​ថ្ងៃ​ទី​២០ មីនា ពួកគាត់​នឹង​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​បន្ត​ទៀត​មិន​ចូល​ធ្វើការ​ឡើយ។

កម្មករ​រោងចក្រ វីង ស្ដារ ស៊ូ មួយ​ចំនួន​ធ្លាប់​បាន​ឈប់​ធ្វើ​ការ​នៅ​រោងចក្រ​នេះ​ម្ដង​រួច​មក​ហើយ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ ដោយសារ​ពួកគេ​ភ័យ​ខ្លាច​ចំពោះ​ហេតុការណ៍​បាក់​ពិតាន​នៅ​រោងចក្រ​នេះ​ក្នុង​ពេល​បំពេញ​ការងារ។ ហើយ​អាជ្ញាធរ​និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ជំរុញ​ឲ្យ​រោងចក្រ​នេះ​ធ្វើការ​កែ​លម្អ​ស្ថានភាព​រោងចក្រ​បញ្ចៀស​នូវ​គ្រោះថ្នាក់​នេះ​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។