សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា រកឃើញថា រយៈពេល ៨ខែ ឆ្នាំ២០១៤នេះ មានកម្មកររោងចក្រជាង ១ពាន់នាក់ដួលសន្លប់ និង ៣នាក់ទៀតស្លាប់ក្នុងពេលបំពេញការងារ។
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ រួមនឹងការផាកពិន័យធ្ងន់ធ្ងរចំពោះរោងចក្រ សហគ្រាសទាំងអស់ដែលមិនបានគោរពបទដ្ឋានអនាម័យ និងសុវត្ថិភាពការងារដែលបណ្ដាលឲ្យកម្មករដួលសន្លប់។
មានមូលហេតុជាច្រើនដែលសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា រកឃើញថា មានកម្មករដួលសន្លប់ច្រើនក្នុងរយៈពេល ៨ខែឆ្នាំនេះ។ ក្នុងនោះរួមមាន ក្លិនពុលក្នុងសម្ភារៈ ការប្រើថ្នាំសម្លាប់សត្វល្អិតក្នុងម៉ោងធ្វើការ ក្លិនលូនៅក្នុងបរិវេណរោងចក្រជះភាយចូលក្នុងបន្ទប់ធ្វើការ កង្វះកង្ហា ខ្យល់ចេញចូល និងការបង្ខំឲ្យកម្មករធ្វើការថែមម៉ោងហួសកម្រិត។
របាយការណ៍របស់សហជីពសេរីកម្មករដែលផ្ញើមកវិទ្យុអាស៊ីសេរី នៅថ្ងៃទី២១ សីហា បង្ហាញថា មានកម្មករចំនួនជាង ១ពាន់នាក់ (១.២២២) សន្លប់ និងកម្មករ ៣នាក់ទៀត មានអាការៈធ្ងន់ធ្ងរ រហូតស្លាប់។ របាយការណ៍នោះផ្ដោតទៅលើរោងចក្រនៅតាមបណ្ដារាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ ចំនួនតួលេខកម្មករសន្លប់រយៈពេល ៨ខែឆ្នាំនេះ បានកើនឡើងជិត ២ដង បើប្រៀបធ្វើរយៈពេលពេញមួយឆ្នាំកាលពីឆ្នាំ២០១៣ ដែលមានកម្មករដួលសន្លប់ចំនួន ៨០២នាក់ និងមានម្នាក់ស្លាប់។
ទាក់ទិនករណីដួលសន្លប់នេះ ខាងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនបានបង្ហាញពីចំនួនកម្មករដែលដួលសន្លប់ក្នុងរយៈពេល ៨ខែនេះទេ។ តែរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ប្រាប់អ្នកកាសែតកាលពីថ្ងៃទី២០ សីហា ថា ករណីដួលសន្លប់របស់កម្មករនៅតែបន្តមាន ហើយក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ រួមនឹងការផាកពិន័យចំពោះថៅកែក្រុមហ៊ុន សហគ្រាសណាដែលមិនបានអនុវត្តតាមការណែនាំក្រសួង។
លោកបន្តថា ក្រសួងនឹងរឹតបន្តឹងបទដ្ឋានអនាម័យ និងសុវត្ថិភាពការងារបន្ថែមទៀត ពិសេសរោងចក្រសហគ្រាសណាដែលធ្លាប់មានប្រវត្តិករណីដួលសន្លប់៖ «ចំពោះករណីកើតឡើងដដែល យើងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះគាត់»។
ការស្រាវជ្រាវរបស់ក្រសួងការងាររកឃើញថា មូលហេតុដែលធ្វើឲ្យកម្មករដួលសន្លប់ ដោយសារបរិយាកាសការងារ គួបផ្សំនឹងបញ្ហាសុខភាព និងបញ្ហាតានតឹងអារម្មណ៍ ឬស្ត្រេសរបស់កម្មករ។ ករណីដួលសន្លប់កើតឡើងច្រើនបំផុតគឺនៅក្នុងរដូវក្ដៅ។
យ៉ាងណាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បញ្ជាក់ថា មូលហេតុដែលក្រសួងលើកឡើងនោះ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងដែលធ្វើឲ្យកម្មករដួលសន្លប់ទេ។ លោកបន្តថា រោងចក្រភាគច្រើនមិនបានគោរពច្បាប់កន្លែងធ្វើការខ្លះគ្មានខ្យល់គ្រប់គ្រាន់ កម្មករហូបចុកមិនគ្រប់គ្រាន់ និងត្រូវបង្ខំឲ្យធ្វើការថែមម៉ោងដល់ឈប់ជ្រៅ។ ប៉ុន្តែពេលមន្ត្រីជំនាញ ក្រសួងចុះធ្វើអធិការកិច្ច ចំណុចទាំងនោះត្រូវបានបិទបាំង ហើយគ្មានការកែលំអឲ្យប្រសើរឡើងវិញ។
លោក ជា មុនី៖ «ការដួលសន្លប់នឹងវាមានច្រើនឆ្នាំហើយ មិនមែនទើបតែមាននៅក្នុងឆ្នាំឥឡូវទេ តាំងពីឯកឧត្ដមរដ្ឋមន្ត្រី អ៊ិត សំហេង ជារដ្ឋមន្ត្រីក្រសួងអាណត្តិទី៣មកម្ល៉េះ។ គាត់ក៏បានដឹងដែរ រឿងរោងចក្រមិនគោរពច្បាប់ រឿងកម្មករដួលសន្លប់ ដូច្នេះអ្វីដែលលោករដ្ឋមន្ត្រីលើកឡើង ខ្ញុំអត់មានជំនឿទេ»។
ស្រដៀងគ្នាដែរ អនុប្រធានសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក គង់ អាទិត្យ បញ្ជាក់ថា ការរឹតបន្តឹងឲ្យរោងចក្រគោរពបទដ្ឋានអនាម័យ និងសុវត្ថិភាពការងារជាការប្រសើរ។ ប៉ុន្តែក្រសួងការងារ ត្រូវយកចិត្តទុកដាក់មួយទៀតនោះ គឺការគ្រប់គ្រងប្រព័ន្ធអធិការកិច្ច ដើម្បីធានាថាការចុះអធិការកិច្ចរបស់មន្ត្រីក្រសួងទទួលបានប្រសិទ្ធភាព។
លោក គង់ អាទិត្យ៖ «ជួនកាលរោងចក្រខ្លះគាត់មិនដឹងថា ត្រូវធ្វើអ្វីដើម្បីកុំឲ្យមានបញ្ហាហ្នឹង បើយើងដឹង ពិន័យគាត់ក៏វាអាចមានបញ្ហាជាមួយខាងរោងចក្រដែរ អ៊ីចឹងយើងត្រូវទី១បង្ការ ហើយប្រព័ន្ធបង្ការនោះត្រូវធ្វើម៉េចឲ្យប្រសើរ បើសិនបើអ្នកនោះមិនអនុវត្តទៀត អាហ្នឹងត្រូវមានយន្តការពិន័យហើយ»។
ក្រសួងការងារបានរៀបចំផែនការមេលើកទី២ ស្ដីពីសុខភាពនិងសុវត្ថិភាពការងារសម្រាប់ឆ្នាំ២០១៤-២០១៨។ ផែនការមេនោះមានការបង្កើតគណៈកម្មការត្រីភាគីស្ដីពីអនាម័យនិងសន្តិសុខការងារនៅតាមរោងចក្រ ដែលមានយន្តការនៅថ្នាក់ជាតិ និងមានបង្កើតយន្តការនៅតាមរោងចក្រដែលជាយន្តការទ្វេភាគីរវាងក្រុមហ៊ុននិងខាងសហជីព ដើម្បីជួយគ្នាដោះស្រាយបញ្ហាកម្មករដួលសន្លប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។