ពលករខ្មែរដែលត្រូវមេខ្យល់បោកប្រាស់អោយទៅធ្វើការខុសច្បាប់លើទូកនេសាទថៃ ចំនួន ២៣០នាក់ ដែលអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី (Indonesia) ឃាត់ខ្លួននៅកោះអំបន់ (Ambon) ត្រឡប់មកដល់កម្ពុជា ហើយនៅថ្ងៃទី១៨ ខែមិថុនា។
ពលករខ្មែរដែលធ្វើការខុសច្បាប់លើទូកនេសាទថៃ លើកឡើងថា គ្មានចំណេះដឹងគ្មានជំនាញវិជ្ជាជីវៈ និងកង្វះការងារធ្វើគឺដើមហេតុចម្បងដែលបង្ខំឲ្យពួកគាត់លួចរត់ទៅធ្វើការនៅប្រទេសថៃ។ ពួកគាត់លើកឡើងបន្តថា នៅពេលទៅធ្វើការជាអ្នកនេសាទនៅលើទូកក្នុងប្រទេសថៃ ពិតជាពិបាក និងខ្វះសេរីភាពក្នុងការស់នៅ។
ពលករម្នាក់មានសម្បុរខ្មៅ រាងស្គម មុខស្លេកស្លាំង ភ្នែករូង និងមានស្នាមខ្មៅព័ទ្ធជុំវិញ ថ្លែងទាំងអួលដើមកថា ការទៅធ្វើការជាអ្នកនេសាទនៅស្រុកថៃ ទទួលបានលុយ ៩.០០០បាតក្នុងមួយខែ ដែលស្នើប្រមាណជិត ១លានរៀន។ លោកនិយាយក្នុងទឹកមុខក្រៀមក្រំទៀតថា លោកមិនហ៊ានចាយលុយប៉ុន្មានទេ ព្រោះខ្លាចគ្មានលុយផ្ញើប្រពន្ធកូន៖ «ចង់ទៅធ្វើការចុះទូកមិនបាច់ទៅទេ ព្រោះរលកធំៗ ហើយពិបាក។ ពិបាកណាស់ ទម្រាំទូកគេចូលខាងមិនមែនពីរបីថ្ងៃទេ គឺបួនទៅប្រាំថ្ងៃទើបចូលខាងម្ដង»។
ពលករខ្មែរទៅធ្វើការខុសច្បាប់នៅប្រទេសថៃ មួយរូបទៀតប្រាប់ថា លោកទៅធ្វើការនៅប្រទេសថៃ ជាង ១០ឆ្នាំហើយ ប៉ុន្តែចុងក្រោយសល់ត្រឹមខោអាវ និងវ៉ាលីស៍មួយគត់ត្រឡប់មកជួបប្រពន្ធនៅស្រុកកំណើតវិញ។ លោកលើកឡើងនូវបទពិសោធន៍ជីវិតដែលគ្មានចំណេះ ទាល់តម្រិះទៅធ្វើការស្រុកគេ។ ទៅធ្វើការនៅស្រុកគេទាំងរំពឹងថា នឹងមានជីវភាពធូរធារ មិននឹកស្មានថា បែរជាវេទនាយ៉ាងនេះសោះ៖ «ធ្លាក់អួនយកត្រី ខ្មែរយើងថា ដាក់មង។ មានថ្នាំគេបង មានថ្នាំគេ! គេថា ទៅថៃ រកបាន ខ្ញុំទៅថៃ ទៅ ហើយទៅចោលកូនចៅនៅតូចៗ»។
ស្ត្រីវ័យចំណាស់ម្នាក់ដែលបាត់កូនប្រុសអស់រយៈពេល ១០ហើយនោះ គ្រាន់តែបានទទួលដំណឹងថា កូននៅរស់ ហើយបានត្រឡប់មកស្រុកខ្មែរភ្លាម គាត់សប្បាយចិត្តដូចបានកើតជាមនុស្សម្ដងទៀត។ គាត់លើកឡើងថា កូនគាត់ទៅធ្វើការនៅប្រទេសថៃ ទាំងគាត់មិនដឹង និងគេងគិតថា កូនស្លាប់បាត់ហើយ៖ «ដូចថា ទៅសូន្យតែម្ដង មកឃើញទាំងអស់ហ្នឹង ត្រេកអរចង់ងាប់ហើយ»។
ពលករខ្មែរ ២៣០នាក់នោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សកម្ពុជា បានសាកសួរស្វែងយល់ពីស្ថានភាពការងារលើទូកនេសាទថៃ និងស្ថានភាពការរស់នៅប្រទេសឥណ្ឌូនេស៊ី។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបការជួញដូរ និងរត់ពន្ធមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើស្ត្រី និងកុមារ អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា ពលករខ្មែរគឺជនរងគ្រោះ ហើយរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ចំពោះពួកគាត់។
អ្នកស្រី ជូ ប៊ុនអេង៖ «បានទទួលចំណេះ និងសិក្សារៀនសូត្រពីពួកគាត់ ដោយខ្ញុំសូមឲ្យប្រព័ន្ធផ្សព្វផ្សាយ ផ្សាយបញ្ហានេះឲ្យប្រជាជនគ្រប់រូបបានយល់ពីការរងគ្រោះ ដោយផលប៉ះពាល់មកពីការទៅធ្វើការស្រុកគេ»។
អនុប្រធាននាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកឧត្ដមសេនីយ៍ទោ ជីវ ផល្លី អះអាងថា រដ្ឋាភិបាលបានជួលឡានក្រុងឲ្យជូនពលករទាំងអស់ទៅស្រុកកំណើតរៀងៗខ្លួនហើយ។ លោកបន្តថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សកំពុងស៊ើបអង្កេតជុំវិញការរំលោភលើកម្លាំងពលកម្មពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ និងស្រាវជ្រាវរកមុខមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការដោយខុសច្បាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់។
យោងតាមរបាយការណ៍ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានពលករខ្មែរប្រមាណ ៧២ម៉ឺននាក់ទៅធ្វើការនៅក្រៅប្រទេស ហើយនាំយកចំណូលជាង ១ពាន់លានដុល្លារមកស្រុកកំណើត។ ប្រទេសចំនួន ៥ ដែលពលករខ្មែរទៅធ្វើការ គឺថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន និងសិង្ហបុរី។ ការងារដែលពលករខ្មែរទៅធ្វើការ មានដូចជា សំណង់ កសិកម្ម ឧស្សាហកម្ម និងនេសាទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។