កម្មករ​រោងចក្រ​ប្រមាណ​២​ម៉ឺន​នាក់​នៅ​ក្រុង​បាវិត​បន្ត​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ

កម្មករ​រោងចក្រ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បាន​បន្ត​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ថៅកែ​បន្ថែម​ប្រាក់ ២០​ដុល្លារ ក្នុង​១​ខែ​លើ​ប្រាក់​ឈ្នួល​គោល​របស់​ពួកគេ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ថា បន្ទាប់​ពី​មាន​កម្មករ​ប្រមាណ ៣​ម៉ឺន​នាក់​ផ្ទុះ​ការ​តវ៉ា​មក កម្មករ​មួយ​ចំនួន​បាន​វិល​ចូល​ធ្វើការ​ធម្មតា។ ប៉ុន្តែ​រយៈពេល ២​ថ្ងៃ​នេះ កម្មករ​ចំនួន ៣​រោងចក្រ ដូចជា​រោងចក្រ​មេនហាតធេន (Manhattan) រោងចក្រ​តាយសេង១ (Tai Seng 1) តាយសេង២ (Tai Seng 2) ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត បាន​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ​តែម្ដង។ ចំណែក​អ្នក​ចូល​ធ្វើការ​ក៏​មិន​បាន​ធ្វើ​ពេញលេញ​នោះ​ដែរ។

លោក​ថា ពួកគេ​មាន​គោលបំណង​ទាមទារ​ប្រាក់ ២០​ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួល​គោល​ដែល​មាន​ស្រាប់​ចំនួន ១២៩​ដុល្លារ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​មិន​ទាន់​ឃើញ​មាន​សញ្ញា​ណា​មួយ​ពី​ថៅកែ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​កម្មករ​នៅ​ឡើយ៖ «យើង​អត់​មាន​អី​ទំនាក់ទំនង​ខាង​រោងចក្រ​ផង ណា​មួយ​កម្មករ​គាត់​កូដកម្ម​ដោយ​ខ្លួន​ឯង។ គាត់​អត់​បាន​រក​សហជីព ហើយ​គាត់​ក៏​មិន​បាន​ស្នើ​ឲ្យ​នរណា​ជួយ​ដោះស្រាយ​ជូន​គាត់។ គាត់​ធ្វើ​ការ​តវ៉ា​ខ្លួន​ឯង»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) ដើម្បី​ឆ្លើយ​តប​ពី​ដំណោះស្រាយ​ថា យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៩ ធ្នូ។

កម្មករ​បាន​ផ្ទុះ​បាតុកម្ម​តវ៉ា​តាំង​ពី​ថ្ងៃ​ទី​១៦ ធ្នូ។ ពាក់​ព័ន្ធ​បញ្ហា​នេះ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​មុខ​អន្តរាគមន៍ និង​ចាត់​វិធានការ​ជុំវិញ​ករណី​កម្មករ​រោងចក្រ​ប្រមាណ ៣​ម៉ឺន​នាក់​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ផ្ទុះ​ការ​ទាមទារ​ប្រាក់​ឈ្នួល​លើស​ពី ១៤០​ដុល្លារ។ ចំណែក​តំណាង​កម្មករ ស្នើ​ឲ្យ​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ រួម​គ្នា​ដោះស្រាយ​តាម​សំណើ​កម្មករ ដើម្បី​ជៀសវាង​ការ​ប៉ះ​ទង្គិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។