ពលរដ្ឋនៅតាមជាយដែនកម្ពុជា-ថៃ និយាយថា ពលករខ្មែរនៅតែបន្តសម្រុកចូលទៅប្រទេសថៃ ជាបន្តបន្ទាប់ក្នុងមួយថ្ងៃៗជាច្រើនរយនាក់ ដោយរួមទាំងតាមច្រករបៀង និងច្រកអន្តរជាតិប៉ោយប៉ែត ដើម្បីស៊ីឈ្នួលធ្វើចម្ការ បើទោះជាត្រូវរងការប្រមាថដោយយោធាថៃ យ៉ាងណាក៏ដោយ។
ពលរដ្ឋនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ញាណ សុផល មានប្រសាសន៍នៅថ្ងៃទី១៥ មីនា ថា ពលរដ្ឋកម្ពុជា បានបន្តចូលទៅរកការងារធ្វើនៅប្រទេសថៃ ជារៀងរាល់ថ្ងៃ។ លោកបន្តថា នៅតាមច្រករបៀង មុននឹងអនុញ្ញាតឲ្យពលរដ្ឋខ្មែរឆ្លងចូលទៅក្នុងទឹកដីថៃ ដើម្បីស៊ីឈ្នួលនោះ តម្រួតព្រំដែនរបស់ថៃ តម្រូវឲ្យពលករចំណាកស្រុកទាំងអស់ត្រូវឈរតម្រងជាជួរ និងយកដំបងរាប់ក្បាលមនុស្សជាថ្នូរនឹងការអនុញ្ញាតឲ្យឆ្លងដែន។
លោក ញាណ សុផល៖ «ចំណាកស្រុកទាំងព្រឹកទាំងថ្ងៃបង មិនថាស្មើម៉ាន យប់ក៏ចេញទៅ ថ្ងៃក៏ចេញទៅដែរ ទាំងយប់ទាំងថ្ងៃរយៈពេលថា ២៤ម៉ោងបង។ ពេលណាដែលថាគេតឹងខ្លាំង គាត់មិនឲ្យទៅ គេកាក់នៅ ចំណាកស្រុកនៅតាមព្រៃតាមដុបអីចឹងទៅ។ ដល់ពេលរៀងថាធូរទៅ នាំគ្នាចេញទៅ»។
លោក ញាណ សុផល ឲ្យដឹងថា ប្រភេទការងារដែលពលករខ្មែរទទួលបាននៅប្រទេសថៃ រួមមានដកដំឡូង ច្រូតស្រូវ ដាំអំពៅ និងធ្វើជាកម្មករសំណង់ជាដើម។ ចំណែកតម្លៃពលកម្មដែលទទួលបានក្នុងមួយថ្ងៃ ចន្លោះពី ១៥០ ទៅ ២៥០បាត ឬពីជាង ២ម៉ឺន ទៅជាង ៣ម៉ឺនរៀល ក្នុងមួយថ្ងៃ។
មានដើមកំណើតនៅស្រុកលើកដែក ខេត្តកណ្ដាល លោកស្រី ផាន សុធា អះអាងថា ក្រុមគ្រួសាររបស់ខ្លួនបានធ្វើចំណាកស្រុកមករស់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នេះ អស់រយៈពេលជាង ១០ឆ្នាំមកហើយ ដោយគ្មានជម្រើស និងកម្លាំងពលកម្មថោកនៅស្រុកខ្មែរ។ ពលរដ្ឋនៅតាមជាយដែន រួមទាំងគ្រួសាររបស់លោកស្រីផង ត្រូវបង្ខំចិត្តឆ្លងទៅប្រទេសថៃ ដើម្បីបានកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃ ព្រោះតែតម្លៃពលកម្មនៅទីនោះប្រសើរជាងកម្ពុជា។
ទោះជាបែបណា លោកស្រីបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ការចេញចូលត្រូវបានអាជ្ញាធរនៃប្រទេសទាំងពីររឹតបន្តឹងជាងមុន៖ «ហើយដល់ពេលយើងចូលទៅ ឥឡូវអត់មានទេណា ឥឡូវយើងសុទ្ធតែធ្វើកាត បើសិនអត់មានកាតក៏វាអត់ឲ្យយើងចូលដែរ។ យើងធ្វើកាតពាក់ក បានគេឲ្យយើងចូល បើយើងមិនមានកាតគេមិនឲ្យយើងចូលទេ»។
ក៏ប៉ុន្តែ បញ្ហានេះត្រូវបានប្រធានប៉ូលិសនៅឃុំជោគជ័យ លោក កាង សាវី អះអាងថា ពុំមានពលករខ្មែរធ្វើចំណាកស្រុកទៀតនោះទេ។ លោកបន្តថា ដោយឡែកការប្រមាថមើលងាយពលករខ្មែរ តាមរយៈការរាប់ក្បាលមនុស្សដោយតម្រួតថៃ ដើម្បីបានឆ្លងដែនក៏ពុំមានទៀតដែរ៖ «ដូចមិនមានបង ទេ ឥឡូវនេះ មានមនុស្សអ៊ីចឹង ព្រោះយើងទៅប្រជុំទៅអី យើងសំណូមពរថាធ្វើម៉េចឲ្យក្នុងលក្ខណៈមនុស្សធម៌ណាបង»។
លោក កែម ឡី អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកវិភាគសង្គម គិតថា មានហេតុផលមួយចំនួនរួមមានកង្វះទីផ្សារការងារក្នុងប្រទេស រដ្ឋាភិបាលមានការអភិវឌ្ឍតិចតួចនៅតាមជាយដែន ពលរដ្ឋជំពាក់បំណុលធនាគារ កម្លាំងពលកម្មទាប និងដីស្ទើរទាំងស្រុងបានក្លាយជាកម្មសិទ្ធិរបស់ក្រុមឈ្មួញធំៗ និងមន្ត្រីមានអំណាច។ លោកគិតថា ទាំងនេះគឺជាមូលហេតុដែលជំរុញឲ្យមានការចំណាកស្រុកកាន់តែមានកំណើនខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក កែម ឡី៖ «វិធានការទប់ស្កាត់មិនឲ្យប្រជាជនឆ្លងដែន វិធានការតឹងរ៉ឹងប្រជាជនមិនឲ្យឆ្លងដែន ខ្ញុំថាហួសសម័យ មិនអាចទប់ស្កាត់បានទេ។ ប៉ុន្តែមានតែយើងធ្វើការអភិវឌ្ឍតាមជាយដែនហ្នឹង។ យើងធ្វើផ្លូវឲ្យស្អាតតាមជាយដែនហ្នឹង។ យើងធ្វើលិខិតឆ្លងដែនឲ្យប្រជាជនតែម្ដង ហើយយើងធ្វើលិខិតធ្វើការងារឲ្យប្រជាជនតែម្ដង»។
ក្នុងពេលកន្លងទៅ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់បានអំពាវនាវកុំឲ្យពលរដ្ឋកម្ពុជា ធ្វើចំណាកស្រុកដោយប្រថុយប្រថានទៅប្រទេសថៃ ក្នុងលក្ខខណ្ឌដើម្បីស្វែងរកការងារធ្វើ។ លោកបញ្ជាក់ថា កម្ពុជា កំពុងប្រឈមនឹងវិបត្តិខ្វះកម្លាំងពលកម្មក្នុងស្រុក ក៏ប៉ុន្តែក្រុមអ្នកស្រាវជ្រាវសង្គមគិតថា លោក ហ៊ុន សែន គួរកែទម្រង់រដ្ឋជាជាងការអំពាវនាវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។