កងកម្លាំងនគរបាល និងកងទ័ពប្រចាំការនៅលើភ្នំ ឬខ្សែត្រៀមជួរមុខតំបន់ប្រាសាទព្រះវិហារ មានអារម្មណ៍រីករាយនៅគ្រាពួកគេទទួលបានទឹកប្រើប្រាស់គ្រប់ចំនួនតាមតម្រូវការឡើងវិញ។
កងកម្លាំងចំរុះបានឲ្យដឹងថា ប៉ុន្មានខែចុងក្រោយនេះ ការផ្គត់ផ្គង់ទឹកនៅតាមគោលដៅមួយចំនួនមិនបានគ្រប់ចំនួនទេ សូម្បីទឹកដាំបាយ ឬទឹកសំរាប់ទទួលទានប្រចាំថ្ងៃស្ទើរមិនគ្រប់ផង កុំថាឡើយទឹកងូត។ លោកអះអាងថា កង្វះខាតទឹកនេះ បណ្តាលមកពីម៉ាស៊ីនបូមទឹកខូច ហើយការជួសជុលយឺតយ៉ាវ ទើបការបូមទឹកចែកចាយទៅតាមគោលដៅ ត្រូវរាំងស្ទះពី ៣ ទៅ ៤ថ្ងៃ ឬក៏ច្រើនជាងនេះ។ ប៉ុន្តែបច្ចុប្បន្ន បញ្ហាទឹកសំរាប់ចំអិនអាហារ ឬទទួលទានលែងចោទជាបញ្ហាទៀតហើយ ដោយហេតុថា ម៉ាស៊ីនបូមទឹកបានបូមចែកចាយទៀងទាត់តាមគោលដៅក្នុងរយៈពេល ២ថ្ងៃម្តង។
មិនថាតែកម្លាំងប្រចាំការនៅចង្កេះភ្នំតាមជណ្តើរបុរាណទេ ដែលរីករាយមានទឹកប្រើប្រាស់ សូម្បីកម្លាំងចម្រុះប្រចាំការថែរក្សាប្រាសាទព្រះវិហារលើកំពូលភ្នំ ក៏រីករាយមានទឹកប្រើប្រាស់គ្រប់គ្រាន់ដូចគ្នាដែរ។ ពួកគេបានថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះ និងសំឡេង ព្រោះខ្លាចថ្នាក់លើស្តីបន្ទោស ឲ្យដឹងថា ទឹកសំរាប់ចំអិនអាហារ និងទឹកទទួលទានត្រូវបានផ្នែកពាក់ព័ន្ធចែកចាយតាមគោលដៅបានគ្រប់ចំនួនឡើងវិញហើយ។ ការចែកចាយទឹកនេះ ធ្វើតាមរយៈម៉ាស៊ីនបូមទឹកក្នុងរយៈពេល ២ថ្ងៃបូមម្តង និងការដឹកជញ្ជូនតាមរថយន្តពីស្រះជាប់ជើងភ្នំខាងក្រោមឡើងទៅលើកំពូលភ្នំប្រាសាទព្រះវិហារជារៀងរាល់ថ្ងៃ។
ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានចាក់ផ្សាយព័ត៌មានជុំវិញការត្អូញត្អែររបស់កងកម្លាំងជួរមុខប្រាសាទព្រះវិហារ ខ្វះខាតទឹកចំអិនអាហារ ទទួលទាន និងលុបលាងខ្លួន។ការចុះផ្សាយនេះ ត្រូវបានមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បញ្ចេញប្រតិកម្មខ្លាំងៗ ដោយអះអាងថា ការចុះផ្សាយបញ្ហាខ្វះទឹកនេះ នាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ឬនាំឲ្យសត្រូវមើលងាយ។
លោក ខៀវ សុភ័គ បានថ្លែងដូច្នេះ៖ «ការផ្សព្វផ្សាយព័ត៌មានអីក៏ដោយ ចំពោះវិស័យការពារជាតិសូមឲ្យយកចិត្តទុកដាក់លើផលប្រយោជន៍ជាចម្បង។ និយាយរួមកុំហុចដងដាវឲ្យខ្មាំងសត្រូវឈ្លានពាន។ ព័ត៌មានត្រូវហើយ តែមិនគួរលើកយកមកនិយាយទេ ព្រោះវាប៉ះពាល់ដល់ជាតិ។ ខ្ញុំសូមបដិសេធព័ត៌មានដែលវិទ្យុអាស៊ីសេរី បានផ្សាយពីការអត់ទឹក»។
ទោះយ៉ាងណា លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្ស ថ្លែងថា បញ្ហាកងកម្លាំងខ្សែត្រៀមជួរមុខប្រាសាទព្រះវិហារខ្វះទឹកនេះ បើសិនជាប្រព័ន្ធផ្សព្វផ្សាយមិនផ្សាយឲ្យថ្នាក់លើដឹងឮទេ គឺកម្លាំងប្រដាប់អាវុធខ្សែត្រៀមជួរមុខ នឹងនៅតែបន្តខ្វះទឹក ហើយនឹងជួបបញ្ហាធ្ងន់ធ្ងរពេលមានគ្រោះអាសន្ន ឬសង្គ្រាមផ្ទុះឡើង។ លោកសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំស្ថាប័នធំៗនៃរាជរដ្ឋាភិបាល គួរបញ្ជូនមន្ត្រីឯករាជ្យមិនពុករលួយចុះអង្កេត និងពិនិត្យលើស្បៀងអាហារកងកម្លាំងជួរមុខឲ្យបានដិតដល់ ជាជាងមន្ត្រីរដ្ឋាភិបាលបញ្ចេញប្រតិកម្ម ច្រានចោលការពិត។
លោក អ៊ូ វីរៈ៖ «ជំហរសារព័ត៌មានបែបហ្នឹង គឺវានឹងជួយដល់ប្រទេសជាតិយើង ជាពិសេសក្នុងការការពារព្រំដែន ដែលកងទ័ពយើងនៅជួរមុខមានការខ្វះខាត។ ហើយបើអ្នកសារព័ត៌មានអត់បានលើកឡើងទេ អ្នកធំៗដែលនៅតែទីក្រុងភ្នំពេញ គឺមិនបានយកចិត្តទុកដាក់ដល់ទាហានថ្មើរជើងដែលនៅជួរមុខប្រឈមភាពគ្រោះថ្នាក់ទេ។ អ៊ីចឹងយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ចំពោះទ័ពរបស់យើងដែលកំពុងតែធ្វើការដើម្បីជាតិ។ ការចូលរួមនេះ គឺត្រូវមានការចូលរួមពីសង្គមស៊ីវិល ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន។ ហើយការចូលរួមនេះ រដ្ឋាភិបាលអត់មានសិទ្ធិផ្តាច់មុខលើប្រទេសកម្ពុជា ទាំងមូលទេ»។
កងកម្លាំងចម្រុះជួរមុខប្រាសាទព្រះវិហារ បានឲ្យដឹងថា កង្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ តែងបានកើតមាននៅចន្លោះពីខែមករា ដល់ខែមេសា ដែលជារដូវក្តៅគ្មានភ្លៀងកក់ខែជារៀងរាល់ឆ្នាំ។ ប៉ុន្តែខុសពីនេះ បញ្ហាទឹកប្រើប្រាស់មិនមានជាបញ្ហាចោទទេ។ បន្ថែមលើនេះ កម្លាំងចំរុះក៏បានទទូចស្នើដល់សប្បុរសជនទាំងឡាយដែលមានបំណងនាំយកគ្រឿងហូបចុកផ្តល់ជូនកងទ័ពខ្សែត្រៀមជួរមុខ ត្រូវយកទៅចែកជូនពួកគេផ្ទាល់ដៃនៅតាមគោលដៅនីមួយៗ ព្រោះបើពុំដូច្នេះទេ អំណោយរបស់សប្បុរសជននឹងមិនបានដល់ដៃកងទ័ពពួកគាត់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។