ប្រធានពន្ធនាគារព្រៃស (ម២) លោក ក្លូត ដារ៉ា ឲ្យដឹងថា ស្ត្រីជាជនជាតិវៀតណាមម្នាក់ ឈ្មោះ ម៉ី នី អាយុ ២៣ឆ្នាំ ដែលជាប់ចោទពីបទផលិត និងជួញដូរគ្រឿងញៀនខុសច្បាប់ បានចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹកនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣។
លោក ក្លូត ដារ៉ា បន្តថា នៅពេលដែលឆ្មាំពន្ធនាគារបើកទ្វារបន្ទប់ឲ្យអ្នកទោសចេញមកធ្វើពលកម្មនៅវេលាម៉ោង ៨ព្រឹក អ្នកទោសស្រីរូបនោះបានធ្វើដំណើរសំដៅទៅបន្ទប់ទឹក ហើយនាងបានយកខ្សែក្រណាត់ចងកសម្លាប់ខ្លួន។
លោក ក្លូត ដារ៉ា៖ «យើងឲ្យគាត់ចេញម៉ោង ៨ ចាក់សោឲ្យគាត់ចេញ។គាត់ចូលទៅបទជើងក្នុងបន្ទប់ទឹក ពេលគាត់ចូលទៅចងក។ ឃើញមនុស្សនោះចងក យើងក៏សង្គ្រោះបន្ទាន់ភ្លាម ជួយសែងទៅប៉ុស្តិ៍សុខភាព ម៉ោងប្រហែល ៨:៥នាទី សង្គ្រោះគាត់មកដាក់ប៉ុស្តិ៍សុខភាព ប្រហែល ៥នាទី ម៉ោង ៨ ១០នាទីគាត់ស្លាប់»។
អ្នកទោសដែលចងកសម្លាប់ខ្លួននោះ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ក្រោមបទចោទប្រកាន់ផលិត និងជួញដូរគ្រឿងញៀនខុសច្បាប់។ ប៉ុន្តែនាងទើបតែអនុវត្តទោសក្នុងពន្ធនាគារបាន ១ឆ្នាំ ៨ខែ ១២ថ្ងៃ។
ប្រធានពន្ធនាគារ ម២ បានរាយការណ៍ទៅព្រះរាជអាជ្ញា និងសមត្ថកិច្ចជំនាញខាងកោសល្យវិច័យឲ្យមកពិនិត្យសព។ ជាលទ្ធផលបញ្ជាក់ថា នាងពិតជាស្លាប់ដោយសារការចងកសម្លាប់ខ្លួនឯងពិតមែន មិនមែនជាអំពើមនុស្សឃាតនោះទេ។
លោក ក្លូត ដារ៉ា មិនបានដឹងពីមូលហេតុពិតនៃការធ្វើអត្តឃាតរបស់អ្នកទោសនោះឡើយ តែបញ្ជាក់ថា នាងមានចរិត និងការរស់នៅល្អ ចុះសម្រុងជាមួយអ្នកទោសឯទៀតក្នុងបន្ទប់។
នេះជាករណីទីមួយដែលមានអ្នកទោសសម្លាប់ខ្លួនក្នុងពន្ធនាគារ។ បច្ចុប្បន្នសពស្ត្រីជនជាតិវៀតណាម រូបនោះ ត្រូវបានមន្ត្រីពន្ធនាគារធ្វើបែបបទប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។