បង្កើត​គំនិត

និពន្ធ​ដោយ៖ យី ឆេងអ៊ួ (ប៉េង) កវីនិពន្ធ-បណ្ណារក្ខ​ខ្មែរ

បទកាកគតិ

១. បង្កើត​គំនិត ថ្មី​ឲ្យ​ល្អ​ពិត ទុក​គ្រាន់​ជា​ស្ពាន ស្ទួយ​ជាតិ​ឲ្យ​ថ្កើង ខ្ពស់​ស្មើ​វិមាន គំនិត​រយ​លាន កើន​ព្រោះ​ជួយ​គិត។

២. បង្កើត​ឲ្យ​ច្រើន ស្ទួយ​ឲ្យ​ចម្រើន សក្ដិសម​ខ្មែរ​ពិត បង្កើត​ពាក្យ​ថ្មី ស្រដី​ចេះ​គិត គិត​គូរ​បាន​ល្អិត ស្ទួយ​មិន​ឈប់​ឈរ។

៣. បង្កើត​គំនិត ចេះ​ច្នៃ​ប្រឌិត ទើប​ញាតិ​អបអរ ខំ​សាង​វិជ្ជា ធ្វើ​ខ្លួន​ឲ្យ​ល្អ ប្រកាន់​សីលធម៌ ទើប​ព្រះ​រក្សា។

៤. បង្កើត​គំនិត រៀន​សូត្រ​ឲ្យ​ល្អិត កាន់​ចិត្ត​ឧស្សាហ៍ ធ្វើ​អស់​ការងារ ជួយ​ស្ទួយ​ខេមរា ឲ្យ​ស្គាល់​សុខា ខ្ពស់​ដូច​អង្គរ។

៥. បង្កើត​គំនិត ស្ទួយ​គ្រប់​កម្រិត ឲ្យ​ខ្ពស់​បវរ កុំ​សាង​ក្តី​ទុក្ខ ត្រូវ​សាង​តែ​ល្អ ដោយ​ចិត្ត​អំណរ សុខ​ខ្ពស់​ក្នុង​លោក៕៚