តើ​ឈ្នះ​មែន​ឬ?

ដោយ គុជ ប៊ុនរ៉ី

១. កុំ​គិត​ឈ្នះ​ចាញ់ លះ​ក្ដី​កំណាញ់ ចេញ​ពី​ចិន្ដា
បញ្ហា​លោក​នេះ រួម​រិះ​ពិចារ ដោះស្រាយ​បញ្ហា
ផុត​ការ​រួម​រឹត។

២. រស់​នៅ​ក្នុង​លោក គ្មាន​ទេ​ជ័យ​ជោគ អស់​មួយ​ជីវិត
ជា​រឿង​ជាក់​ច្បាស់ ក្មេង​ចាស់​ត្រូវ​គិត ចេះ​ប្រើ​គំនិត
ដឹង​ហេតុ​និង​ផល។

៣. កុំ​គិត​ថា​អញ ឈ្នះ​មិន​ដែល​ចាញ់ អញ​មាន​ល្បិចកល
អ្នក​ណា​ឈឺ​ចាប់ មិន​ស្ដាប់​មិន​ខ្វល់ ទោះ​ត្រូវ​ដាច់​ខ្យល់
មិន​ឆ្ងល់​ឡើយ​ណា។

៤. ស៊ី​ជុះ​ស៊ី​ជុះ ធ្វើ​ភ្លៀង​ធ្វើ​ព្យុះ លុះ​នឹង​តណ្ហា
គិត​តែ​ចង់​ឈ្នះ ព្រលះ​កាប់​អារ ពោល​ពាក្យ​មុសា
ស្រវា​មិន​ឈប់។

៥. ថា​ហើយ​មិន​ធ្វើ មិន​ព្រម​អើពើ មិន​ព្រម​ទល់ទប់
ពេញ​មួយ​ជីវិត ងងឹត​ងុលងប់ ទាំង​ថ្ងៃ​ទាំង​យប់
ងុប​នឹង​កំណាញ់។

៦. បើ​យល់​ដូច្នោះ អ្នក​ពិត​ជា​ខុស ដុះ​ជាប់​នឹង​អញ
ប្រៀប​ដូច​ខ្មោច​ឆៅ រស់​ក្រៅ​សំណាញ់ ដូច​ខ្ទះ​ឥត​ខ្លាញ់
ខ្មួលខ្មាញ់​ខ្លោច​ខ្មៅ។

៧. ចេះ​រួម​សុខ​ទុក្ខ កុំ​លប​វាយ​លុក តាម​របៀប​ខ្លៅ
ទាំង​ក្មេង​ទាំង​ចាស់ ខ្លាច​ណាស់​សោក​សៅ ចង់​ជុំ​កូន​ចៅ
មូល​ផៅ​សន្តាន៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។