១. ទោះជាសុរិយាប្រឹងបំភ្លឺលោក ក៏ភាពស្មោកគ្រោកមិនចេះរលាយ
ទោះចន្ទពេញវង់រះភ្លឺពណ្ណរាយ មិនអាចទម្លាយស្រាយភពអន្ធការ។
២. ទោះជាអ្នកមាននៅឃ្លានទឹកប្រាក់ បែងចែកពួកបក្ខត្របាក់ដុល្លារ
ទោះជាអ្នកច្បាប់មិនខ្លាចរអា ត្រូវលាភសក្ការប្រហារកិត្តិយស។
៣. ទោះជាអ្នកក្រត្រដរឥតឈប់ មិនថាថ្ងៃយប់ប្រឹងតស៊ូរស់
ទោះគ្មានភោគទ្រព្យដែលគាប់ចំពោះ ក៏នៅគង់ឈ្មោះមិនស្អុយអសោច។
៤. ទោះជារាជសីហ៍នៅខ្លីបញ្ញា គង់លង់អាត្មាក្រោមសត្វល្អិតល្អោច
ទោះរៀនបានច្រើនមិនស្គាល់ប្រយោជន៍ ជាតិគង់ហិនហោចដោយដៃអ្នកចេះ។
៥. ទោះជារុក្ខាខ្ពស់យ៉ាងណាក្ដី គង់ជួបទុក្ខភ័យដោយភ្លើងព្រៃឆេះ
ទោះធំប៉ុណ្ណាបើខ្វះតម្រិះ ក៏គង់មិនផេះអន់ជាងអ្នកស្រែ។
៦. ទោះមានបំណងប៉ងតែមិនធ្វើ ទល់តែភ្នែកមើលបានការអ្វីដែរ?
ចង់ឲ្យស្អាតស្អំត្រូវជួយកែប្រែ គ្រប់រូបជាខ្មែរកុំភ្លេចនាទី៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។