(បទកាកគតិ)
១. អានកើនប្រាជ្ញា អានច្រើនតម្រា ចារក្នុងគំនិត
អានច្រើនវេលា ប្រសើរពេកពិត សម្រាំងសម្រិត
គំនិតក្នុងក្រៅ។
២. អានកើនប្រាជ្ញា អានច្រើនកាលណា ឃ្លាតឆ្ងាយពីខ្លៅ
អានច្រើនកើនទ្រព្យ ទុកចែកកូនចៅ អារម្មណ៍ហោះទៅ
គោលដៅដែលចង់។
៣. អានកើនប្រាជ្ញា មិនថាវ័យណា សុទ្ធល្អផូរផង់
អានតម្រាខ្មែរ ដោយការផ្ចិតផ្ចង់ អានជួយទ្រទ្រង់
ជាតិខ្មែរឲ្យខ្ពស់។
៤. អានកើនប្រាជ្ញា អានតដូនតា ស្រោចស្រង់ឲ្យរស់
អានស្ទួយភាសា ខ្មែរឲ្យកើនយស អក្សរខ្ពង់ខ្ពស់
វប្បធម៌អង្គរ។
៥. អានកើនប្រាជ្ញា អស់ក្បួនតម្រា គេឯងសាទរ
ខ្មែរបារាំងចិន អង់គ្លេសសុទ្ធល្អ អានដោយស្មោះស
អភិវឌ្ឍន៍ជាតិខ្មែរ។
៦. អានកើនប្រាជ្ញា ក្នុងក្រៅសាលា ចំការក្រុងស្រែ
ទំនេររវល់ មិនគួរគេចកែ អានឲ្យទាល់តែ
យល់ន័យសេចក្ដី។
៧. អានកើនប្រាជ្ញា កូនចៅខេមរា អានផុតគ្រោះភ័យ
អានផុតហិង្សា អានជួនសិរី សមពូជធនញ្ជ័យ
ខ្មែរល្បីអមតៈ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។