ឈូក ជារុក្ខជាតិដែលប្រជាជនទូទៅទទួលស្គាល់ថា មានប្រយោជន៍ខ្លាំងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ឈូកដែលដុះនៅក្នុងស្រែ ស្រះ ត្រពាំង បឹងបួគ្រប់ទីតំបន់ក្នុងប្រទេសកម្ពុជា ផ្តល់ប្រយោជន៍ដល់យើងតាំងពីឫសរហូតដល់ស្លឹក ផ្កា និងផ្លែរបស់វាទៀត។ ដោយសម្លឹងឃើញផលប្រយោជន៍ច្រើននៃដំណាំឈូក កសិករនៅខេត្តកណ្ដាល នាំគ្នាដាំឈូកក្នុងដីស្រែស្ទើរគ្រប់គ្រួសារ។
តើបច្ចេកទេសដាំឈូកក្នុងស្រែដើម្បីយកគ្រាប់លក់របស់កសិករនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល មានរបៀបដូចម្តេចខ្លះ?
កសិករដែលប្រកបរបរដាំឈូក លើកឡើងថា រដូវវស្សាឆ្នាំ២០១៥ កសិករច្រើនខេត្តដាំស្រូវវស្សាមិនអស់ដីទេ ដោយសារទឹកភ្លៀងធ្លាក់មិនទៀងទាត់។ ផ្ទៃដីដែលនៅសេសសល់ពីការដាំស្រូវនេះ កសិករនៅខេត្តកណ្ដាល បាននាំគ្នាដាំឈូកជំនួសទៅវិញ។
ជាងនេះទៀត កសិករយល់ថា តម្រូវការគ្រាប់ឈូកបានកើនឡើង ខណៈតម្រូវការទីផ្សារឈូកមានតម្លៃខ្ពស់នាពេលបច្ចុប្បន្ន ស្របពេលមនុស្សទទួលស្គាល់ផលប្រយោជន៍របស់ឈូកកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីនេះ កសិករយល់ថា ដំណាំឈូកងាយស្រួលដាំ លក់បានតម្លៃសមរម្យ និងមិនសូវមានបញ្ហាប្រឈមច្រើន បើធៀបនឹងដំណាំស្រូវ៖ «ដីហ្នឹងខ្ញុំជួយគេមកដើម្បីតែធ្វើស្រូវ តែដល់ធ្វើស្រូវអត់បានទៅ ខ្ញុំដាំឈូកវិញ វាអាចទទួលផលចំណេញជាងស្រូវ អាចរកបាន ១លានទៅ ២លានរៀលដែរ»។
កសិករម្នាក់ក្នុងចំណោមកសិករជាច្រើនទៀតដែលប្រកបរបរដាំឈូកយកគ្រាប់លក់ នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លោក សើយ ហៀង បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី ថា ឈូកមានពីរប្រភេទ គឺឈូកបេងមានផ្កាពណ៌ស និងឈូកបាយមានផ្កាពណ៌ស៊ីជម្ពូ ដែលខ្មែរនិយមហៅថា ពណ៌ផ្កាឈូក។ លោកថា សម្រាប់លោក គឺដាំប្រភេទពូជឈូកបាយ ព្រោះពូជនេះបានផលច្រើន និងមានគ្រាប់ណែនជាងពូជឈូកបេងដែលមានផ្កាពណ៌ស។ លោកថា ប្រភេទពូជទាំងពីរនេះមានរយៈពេលដាំ ៦ខែដូចគ្នា។

កសិករវ័យជាង ៣០ឆ្នាំរូបនេះ បានរៀបរាប់បន្តពីរបៀបដាំឈូកថា ដំបូងឡើយលោកជ្រើសរើសយកស្រែប្រភេទដីបាតភូមិ ព្រោះវាជាដីសម្បូរជីជាតិ។ ក្រោយរើសដីស្រែដែលត្រូវដាំរួចហើយ លោកថា មុនពេលដាំត្រូវភ្ជួរដី ១ ទៅ ២ដង ដើម្បីកម្ចាត់ស្មៅ។ បន្ទាប់មក ពេលភ្ជួររួចហើយ ទុកដីរយៈពេល ៣ ទៅ ៧ថ្ងៃទើបភ្ជួរលើកទី២ និងរាស់ដីឲ្យរាបស្មើជាការស្រេច។
ក្រោយពីរៀបចំដីរួច ចាំបាច់ត្រូវបញ្ចូលទឹកក្នុងស្រែ ដើម្បីឲ្យងាប់ស្មៅ ហើយបន្ទាប់មកទៀត ជ្រើសរើសកូនឈូកណាដែលថ្លោសល្អ មិនយកកូនដែលខ្ចីពេក ឬចាស់ពេក មកដាំលើដីដែលបានរៀបចំនោះ៖ «ពេលយើងភ្ជួរដីរួច យើងបញ្ចូលទឹកឲ្យច្រើនឲ្យជ្រៅក្នុងស្រែនោះ ហើយយកដៃយើងកាយដីដាំកូនឈូកដាំរង្វើលមក ហើយឈូកដែលខ្ញុំដាំមាន ៧.០០០ពាន់កូន»។
តើរបៀបថែទាំឈូកក្នុងស្រែ កសិករ លោក សើយ ហៀង ធ្វើដូចម្តេចខ្លះ?
លោក សើយ ហៀង បាននិយាយពីរបៀបថែទាំថា ក្រោយឈូកដាំបានរយៈពេល ៧ ទៅ ១៥ថ្ងៃ វាចាប់ផ្ដើមដុះសន្លឹកហើយ ត្រូវចាប់ផ្តើមដើរដកស្មៅ ដើម្បីឲ្យឈូកដុះលូតលាស់លឿន។ ជាងនេះទៀត លោកថា ក្នុងអំឡុងពេលនេះ ចាំបាច់ត្រូវរក្សាទឹកក្នុងស្រែមិនឲ្យលើសពី ១ម៉ែត្រនោះឡើយ ដើម្បីការពារសត្វចង្រៃស៊ីស្លឹក ឬដើមឈូក៖ «ពេលឈូកយើងចាប់កើត យើងចាប់ផ្ដើមសម្អាតស្មៅ ដើម្បីឲ្យស្មៅវារុំដើមឈូក តែបើឡើងខ្ពស់ហើយ យើងមិនបាច់សម្អាតស្មៅទៀតទេ តែត្រូវរក្សាទឹកឲ្យជាប់ជាប្រចាំ»។
ចំណែកការប្រមូលផលវិញ លោក សើយ ហៀង ឲ្យដឹងដែរថា ទោះជាឈូកមានអាយុរហូត ៦ខែ ប៉ុន្តែក្រោយពីដាំបានរយៈពេល ៣ខែ លោកថា ឈូកអាចប្រមូលផលបានបណ្ដើរៗហើយ។ ជាងនេះទៀត លោកបញ្ជាក់ថា ឈូកដាំក្នុងស្រែយកគ្រាប់ទុំលក់របស់លោកក្រោយប្រមូលផល ទាមទារត្រូវសម្អាតឲ្យស្អាតសិន ទើបយកលក់ឲ្យឈ្មួញនៅក្នុងភូមិ៖ «ចាប់ពីថ្ងៃដល់បានផល ៦ខែ ហើយភាគច្រើនតែ ៣ខែ ឈូកខ្លះទុំអាចប្រមូលផលបានខ្លះ ហើយដល់ពេលមើលតែវាទុំ យើងបេះសម្អាតវាទុក ចឹងមានឈ្មួញគេមកទិញ»។

ឯកសារកសិកម្មរបស់អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា ស្ដីពីសារប្រយោជន៍របស់ដំណាំឈូក បង្ហាញថា ឈូកជារុក្ខជាតិដែលប្រជាជនទូទៅទទួលស្គាល់ថាមានគុណតម្លៃច្រើន តាំងពីឫសឈូករហូតដល់ស្លឹក ផ្កា និងផ្លែឈូកទៀត។ ឯកសារដដែលបញ្ជាក់ថា ឈូកមានគុណប្រយោជន៍ទាំងក្នុងជីវភាពរស់នៅ និងក្នុងព្រះពុទ្ធសាសនា។ លើសពីនេះទៅទៀត ថ្មីៗនេះសរសៃទងឈូក ត្រូវបានគេយកទៅកែច្នៃឲ្យទៅជាសរសៃអំបោះសម្រាប់តម្បាញ សម្លៀកបំពាក់ និងសម្ភារៈផ្សេងៗដែលមានតម្លៃរហូតដល់ទៅរាប់ពាន់ដុល្លារ។ ក្រៅពីនេះ គ្រាប់ឈូក និងផ្កាឈូក គេអាចកែច្នៃទៅជាកាហ្វេ និងតែ ដើម្បីជួយសម្រួលដល់សុខភាព។ ចំណែកឯស្លឹកឈូកវិញ ត្រូវបានប្រជាជនខ្មែរយកមកប្រើប្រាស់ដើម្បីខ្ចប់ម្ហូបអាហារ និងរបស់របរផ្សេងៗ ជំនួសថង់ប្លាស្ទិកដែលអាចជាចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុបាន។
ដោយសារឈូកមានអត្ថប្រយោជន៍ច្រើននេះហើយ បានក្លាយជាទិសដៅសំខាន់របស់ក្រុមគ្រួសារ លោក សើយ ហៀង និងប្រជាកសិករក្នុងឃុំវិហារសួគ៌ ដើម្បីជួយទ្រទ្រង់កម្រិតជីវភាពប្រចាំថ្ងៃ។ ជាក់ស្តែងលោកថា ក្នុងទំហំដីស្រែ ១ហិកតារដែលលោកដាំក្នុងមួយរដូវដាំឈូក លោកអាចប្រមូលផលគ្រាប់ឈូកបានចាប់ពី ២០០ ទៅ ៣០០គីឡូក្រាម ដែលអាចរកចំណូលបានជិត ២លានរៀល៖ «បើឈូកបានតម្លៃ ៦.០០០រៀល ខ្ញុំអាចរកលុយបានចាប់បី ១លានរៀលទៅជិត ២លានរៀល»។
មកដល់ត្រង់ចំណុចនេះ កសិករដែលមានមាឌស្គម មុខជាំខ្មៅអន្លើៗរូបនេះ បែរជានិយាយទាំងប្រែទឹកមុខស្រងូតស្រងាត់វិញថា ទោះបីដំណាំឈូកងាយស្រួលដាំ និងមានតម្លៃខ្ពស់ជាងស្រូវក្តី ប៉ុន្តែឈូកសម្បូរសត្វចង្រៃបំផ្លាញផងដែរ។ លោកថា ហេតុនេះលោកត្រូវបង្ខំចិត្តប្រើជី និងថ្នាំគីមី ដើម្បីកម្ចាត់បញ្ហាសត្វចង្រៃលើដំណាំឈូកដែលលោកដាំ៖ «ទីមួយមានបញ្ហាក្រា សត្វក្រាវាមូលកករឈូក អត់បានផល ពេលខ្លះទៅមានដង្កូវវាគ្រាប់ ខ្យងក៏មកស៊ីទៀត ចឹងវាប្រឈមច្រើន តែខែវស្សាវាមិនសូវប្រឈម តែបើខែប្រាំងវិញវាសម្បូរជាង»។
ខណៈប្រជាកសិករមួយចំនួននៅតាមទីជនបទធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេស ដោយសារមានបញ្ហាប្រឈមក្នុងវិស័យកសិកម្ម។
ផ្ទុយទៅវិញ លោក សើយ ហៀង បានបញ្ជាក់ថា ទោះជារបរដាំឈូក និងធ្វើស្រែចម្ការជួបបញ្ហាប្រឈមច្រើន និងត្រូវចំណាយច្រើនទាំងជួលដី កម្លាំងពលកម្ម ថ្នាំ និងជី ហើយពេលខ្លះត្រូវជំពាក់បំណុលគេក្តី តែកសិកររូបនេះមិនដែលចង់បោះបង់របរដាំឈូកនេះឡើយ៖ «ខ្ញុំអត់ទៅចំណាកស្រុកទេ ព្រោះចំណាកស្រុកច្រើនតែចាញ់បោកគេ ខ្លះគេយកលុយទៅថៃ ទៅចិន ទៅខ្មែរ យើងច្រើនតែចាញ់បោកអស់លុយអស់កាក់ ទុក្ខវេទនា។ ចឹងខ្ញុំមិនចង់ទៅទេ សុខចិត្តធ្វើស្រែដាំឈូកវិញល្អជាង»។
កសិកររូបនេះអះអាងថា ដំណាំឈូកដែលដាំបច្ចុប្បន្ននេះ ប្រើប្រាស់ជី និងថ្នាំគីមីខ្លាំង។ ជាងនេះ កសិករដាំឈូកក្នុងស្រុកខ្សាច់កណ្ដាល លក់គ្រាប់ឈូកទៅឲ្យឈ្មួញកណ្ដាល។ ហេតុនេះលោកថា រាល់តម្លៃទាប ឬខ្ពស់យ៉ាងណា តែងអាស្រ័យលើមាត់ឈ្មួញជាអ្នកកំណត់។ មូលហេតុទាំងនេះហើយ លោក សើយ ហៀង ចង់ឃើញរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ លើកទឹកចិត្តកសិករដែលប្រកបរបរដាំឈូក ជាពិសេសកសិករនៅទីជនបទ ធ្វើយ៉ាងណារិះរកវិធីសាស្ត្រ និងផ្តល់បច្ចេកទេសថ្មីៗ ដើម្បីបញ្ចៀសបញ្ហាផ្សេងៗក្នុងអាជីពកសិកម្ម ពិសេសត្រូវជួយស្វែងរកទីផ្សារនៅពេលដែលកសិករដាំឈូកបានជោគជ័យ។ លោកថា បើរដ្ឋាភិបាលធ្វើបែបនេះបាន កសិករនៅតាមទីជនបទ នឹងមិនបោះបង់ការងារកសិកម្មនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។