ការកាត់បន្ថយប្រើប្រាស់ជីគីមីដែលនាំចូលពីបរទេស ហើយមកនិយមប្រើប្រាស់ជីដែលកែច្នៃពីធម្មជាតិ ធ្វើឲ្យកសិករចំណេញច្រើនក្នុងការចំណាយលើមុខរបរកសិកម្ម។
បណ្ដាញកសិករឆ្នើមរបស់អង្គការសេដាក (CEDAC) រស់នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ឈ្មោះ រស់ ម៉ៅ។ លោកបានប្រែក្លាយជីវភាពពីយ៉ាប់យ៉ឺន មកធូរធារ និងរុងរឿងដោយការផ្លាស់ប្ដូរវិធីប្រើជីគីមីមកប្រើជីធម្មជាតិដែលផ្សំដោយខ្លួនឯង។
សព្វថ្ងៃនេះ លោក រស់ ម៉ៅ កំពុងបង្រៀនអ្វីដែលគាត់ចេះទៅដល់កសិករដទៃទៀត មិនថាកសិករក្នុងប្រទេស ឬក្រៅប្រទេសទេ។ លោកត្រូវក្រសួងកសិកម្ម និងអង្គការសេដាក រើសជាកសិករឆ្នើមជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងវិស័យកសិកម្ម។
លោក រស់ ម៉ៅ បានថ្លែងថា ក្រោយពីគាត់បោះបង់ការទិញជីគីមី ហើយងាកមកប្រមូលស្លឹកឈើ សំបករុក្ខជាតិ សំរាម កាកសំណល់ផ្ទះបាយ លាមកសត្វ ដីមមោក ដីដំបូកជាដើម មកកែច្នៃជាជីបំប៉នដំណាំ គាត់ចំណេញលុយច្រើនលានរៀលក្នុង ១រដូវដាំដុះ។
លោកបានប្រាប់ពីវិធីងាយៗ ដែលអាចផ្សំស្លឹកឈើមកធ្វើជាមេជី សម្រាប់បំប៉នដំណាំបន្លែយកស្លឹក និងបំប៉នផ្លែស្រូវ គឺការផលិតមេជីទឹកដែលមានស្លឹកទន្ទ្រានខេត្ត ស្ករត្នោត និងទឹកធម្មតាប៉ុណ្ណោះ។ ក្នុងការផលិតគួរត្រៀម ពាង ខាប ធុង ដែលមានចំណុះ ៥០លីត្រឡើងទៅ។
លោក រស់ ម៉ៅ៖«ជីទឹកនេះបានន័យថា យើងធ្វើកំប៉ុសទឹក ដែលមានធាតុផ្សំវា ស្លឹកទន្ទ្រានខេត្ត ៥គីឡូ ស្ករត្នោតកន្លះគីឡូ និងទឹក ២លីត្រ»។
ក . វីធីផ្សំមេជីទឹកបំប៉នដំណាំស្លឹក និងបំប៉នផ្លែស្រូវ
ត្រូវរកឲ្យបានស្លឹកត្រួយទន្ទ្រានខេត្តខ្ចីៗ ចំនួន ៥គីឡូក្រាម បូតយកស្លឹកវាសុទ្ធ គ្មានធាងនៅក្នុងនោះទេ គឺយកទៅចិញ្ច្រាំឲ្យហ្មត់ ហើយហាលថ្ងៃឲ្យស្ងួតល្មម ឬគេហៅថា ស្រពាប់ រួចយកវាទុកសិន។ បន្ទាប់មកចាំយកស្ករត្នោតដែលខ្មៅចង់ខូច គេលក់វាថោកៗ ឬចង់បោះចោលចំនួនកន្លះគីឡូក្រាម លាយជាមួយទឹកធម្មតា ២លីត្រ ចាំកូរវាឲ្យសព្វចូលគ្នា។ មួយសន្ទុះក្រោយមកត្រូវយកស្លឹកទន្ទ្រានខេត្ត ដែលចិញ្ច្រាំ និងហាលរួចនោះទៅលាយជាមួយទឹកស្ករត្នោតឲ្យវាសព្វ។ លាយជាល្បាយសព្វហើយយកទឹកល្បាយនោះ ទៅចាក់ក្នុងខាប ឬពាង ឬធុង ដែលបានត្រៀម និងមានគម្របត្រឹមត្រូវ ដើម្បីត្រាំទុកទឹកល្បាយនោះ។
នៅពេលចាក់ទឹកល្បាយក្នុងពាង ឬធុង ឬខាប នោះហើយត្រូវយកវាទៅដាក់នៅក្នុងម្លប់ ដោយរក្សាកម្ដៅរបស់ទឹកល្បាយក្នុងខាប ឬពាង ឬធុង ឲ្យវានៅក្នុងសីតុណ្ហភាពចន្លោះពី ២៥ទៅ ៣០អង្សាសេ។
លោក រស់ ម៉ៅ៖ «បន្ទាប់មកយើងគ្របវាឲ្យជិត។ អ៊ីចឹងក្នុងការគ្របនេះ គឺយើងគ្របបាន តែពពួកណាដែលវាមានខ្យល់ចេញចូល។ គម្របដែលគ្របឲ្យជិតនោះ គឺមិនបានទេ វាបណ្ដាលឲ្យផ្ទុះ»។
លោក រស់ ម៉ៅ បន្តថា បន្ទាប់ពីគ្របទុក និងរក្សាល្បាយនៅក្នុងម្លប់សីតុណ្ហភាពចន្លោះពី ២៥ ទៅ ៣០អង្សាសេ ត្រូវទុករយៈពេលចំនួន ១អាទិត្យ។ ល្បាយនោះវានឹងកាច់ចូលគ្នា។ នៅពេលវាកាច់ក្នុងពាង ខាប ឬធុង វាឡើងកម្ដៅខ្លាំងក្នុងពាង ឬធុង ឬខាប់។ ដើម្បីបន្ថយកម្ដៅនៃល្បាយកំពុងកាច់ នោះ លោក រស់ ម៉ៅ ប្រាប់ឲ្យបើកគម្រប ពាង ឬខាប ឬធុង ដើម្បីកូរទឹកល្បាយនោះឲ្យកម្ដៅភាយទៅក្នុងបរិយាកាស។
លោកថា ការកូរទឹកល្បាយនោះ គឺកូរឲ្យបានក្នុង ១អាទិត្យ ៣ថ្ងៃ។ ក្រោយពីល្បាយនោះបានត្រាំផ្អាប់ទុករយៈពេល ១អាទិត្យ លោកថា វាបានប្រែធាតុ ឬគេនិយមហៅថា វាកាច់ទៅជាមេទឹកជីបំប៉ន៖ «ពីព្រោះកាលណាយើងដាក់នៅក្នុងថ្ងៃក្ដៅ វាបណ្ដាលឲ្យខូចគុណភាព កាលណាវាក្ដៅ គឺសត្វដែលមកកាច់នៅក្នុងហ្នឹងវាងាប់ ឬវាអន់ អ៊ីចឹងគឺយើងទុកក្នុងម្លប់ នៅកន្លែងណាដែលត្រជាក់ប្រហែលជា ២០អង្សាអីបាន។ ព្រោះថា ធាតុហ្នឹង វាត្រូវការត្រជាក់ច្រើនជាង។ កាលណាយើងធ្វើវាមានដង្កូវចេញនៅក្នុងហ្នឹងហើយ ចេញពេញនៅក្នុងទឹកជីហ្នឹងទាំងអស់»។
លោកឲ្យដឹងទៀតថា ពេលផ្សំបានមេជីទឹកនោះហើយ មិនអាចយកទៅប្រើភ្លាមៗទេ ត្រូវបម្លែងវា ឲ្យទៅជាកំប៉ុសទឹកសិន ប្រសិនបើចង់យកវាទៅប្រើស្រោចបន្លែ និងស្រូវដោយគ្រាន់តែថែមស្ករត្នោត ១គីឡូ និងទឹកច្រើនលីត្រជាងមុន សម្រាប់មកលាយជាមួយមេជីទឹកផ្សំបាននោះ។
លោក រស់ ម៉ៅ៖ «ធ្វើបន្តទៀត យើងយកស្ករត្នោត ១គីឡូ ទឹក ២០លីត្រ យកមកលាយជាមួយ ស្ករត្នោត ១គីឡូ និងសព្វហើយយើងយកទឹកហ្នឹង យកមកចាក់ដាក់មេជីដែលយើងផ្សំបានហើយ។ អ៊ីចឹងគឺយើងទុកវាឲ្យបាន ៧ថ្ងៃទៀត ហើយកូរឲ្យបាន ៣ដង ដូចដែលពីមុនអ៊ីចឹង អ៊ីចឹងវាបាន ១៤ថ្ងៃ វានឹងកាច់ទៅជាកំប៉ុសទឹកហើយ»។
ខ. វិធីប្រើកំប៉ុសទឹក សម្រាប់បំប៉នដំណាំ
លោក រស់ ម៉ៅ បានអះអាងថា ត្រូវដងទឹកជីកំប៉ុសនោះចំនួន ១លីត្រមកលាយជាមួយទឹកធម្មតាចំនួន ១០លីត្រ យកទៅស្រោចលើដំណាំ ដែលយកស្លឹកសម្រាប់ធ្វើម្ហូបដូចជា ស្ពៃ សាលាដ ខាត់ណា ខ្ទឹម ត្រកួនជាដើម យកទឹកនោះទៅស្រោចនៅពេលរសៀលឲ្យសព្វលើរងបន្លែទាំងនោះ។
លោកបន្ថែមថា ចំពោះការប្រើជីកំប៉ុសទឹកលើដំណាំស្រូវ ត្រូវលាយទឹកជីជាមួយនឹងទឹកធម្មតាដូចគ្នាដែរ៖ «ប្រើនៅលើស្រូវ គឺយើងយកក្នុង ១ហិកតារគឺយើងប្រើ ៤០០លីត្រ។ អ៊ីចឹង ៤០០លីត្រហ្នឹងគឺយើងលាយក្នុង ១លីត្រលាយទឹក ១០លីត្រដដែលដូចគ្នា។ ប៉ុន្តែបាញ់លើស្រូវ នៅពេលដែលស្រូវលូតលាស់បានមួយល្បះ បានន័យថា ស្ទូងបាន ១០ថ្ងៃអីទៅនៃការលូតលាស់របស់វា»។
លោក រស់ ម៉ៅ បន្ថែមទៀតថា ការប្រើជីកំប៉ុសទឹកនេះលើដំណាំស្រូវនោះ គឺត្រូវប្រើថែមទៀត នៅពេលស្រូវដង្ហើម ឬហៅថា ស្រូវផើម រួចចេញផ្កា ដើម្បីឲ្យការលូតលាស់របស់វាល្អ និងមានគ្រាប់ថ្លោស។ លោកថា ការប្រើជីកំប៉ុសទឹកនេះចំនួន ២ដងក្នុងពេលដាំដុះស្រូវនោះទិន្នផលស្រូវនឹងកើន។ លោកថា ការយកជីកំប៉ុសទឹកទៅប្រើលើដំណាំស្រូវ មិនត្រូវឲ្យទឹកក្នុងស្រែមានកម្ពស់ខ្ពស់ អាចលិចប្រអប់ជើងមនុស្សដើរទេ។
លោក រស់ ម៉ៅ បន្ថែមដូច្នេះ៖ «ក្លិនពេលយើងប្រើហ្នឹង គឺមិនអាចឲ្យទឹកក្នុងស្រែវាមានកម្ពស់វា ១តឹក ២តឹកទេ នោះយើងប្រើអត់បានទេ។ អ៊ីចឹងបានន័យថា ទឹកឆិចៗ ទឹកតិចៗ បាចទៅគឺវាល្អដល់ស្រូវ»។
លោកអះអាងថា ការយកទឹកមេជីកំប៉ុសទៅប្រើលើដំណាំយកស្លឹក និងស្រូវនោះមិនប៉ះពាល់ដល់ដំណាំ ឬធ្វើឲ្យដំណាំកើតជំងឺផ្សេងៗឡើយ៖ «កាលចាស់ៗ ដំណតគ្នាមកស្រូវក្រាស៊ី ឬមួយស្រូវមានរោគអី គាត់តែងតែយកស្លឹកទន្ទ្រានខេត្តនឹងយកទៅដោតៗ វាបាត់របស់គាត់។ អ៊ីចឹងកាលណាយើងយកវាទៅធ្វើជាមេជីហ្នឹង យកទៅស្រោចហើយទី១ វាមានជី ទី២ អាសត្វដែលបំផ្លាញគឺវាកាត់បន្ថយបានដល់ទៅ ៧០%»។
លោក រស់ ម៉ៅ ថ្លែងថា ទឹកមេជីដែលផ្សំបាននោះមានប្រសិទ្ធភាពប្រើចាប់ពី ១អាទិត្យក្រោយការផ្សំរួច រហូតដល់រយៈពេល ៦ខែ បើហួស ៦ខែ ជីផ្សំនោះមិនមានគុណភាពល្អសម្រាប់ប្រើទេ។
លោកបន្ថែមទៀតថា គាត់កែច្នៃមេជីទឹកទៅជាជីកំប៉ុសទឹក ដោយប្រើទន្ទ្រានខេត្តជាចម្បងនោះ ព្រោះទន្ទ្រានខេត្តសំបូរ គឺវាដុះគ្រប់ទិសទី ហើយសត្វល្អិតខ្លាចក្លិនរបស់វា។ ម្យ៉ាងទៀតទន្ទ្រានខេត្ត ងាយរកបានតាមភ្លឺស្រែក្បែរថ្នល់ជាតិ ក្នុងដីចម្ការជាដើម។ កសិករមិនចាំបាច់ចំណាយប្រាក់ទិញវាទេ គ្រាន់តែចំណាយពេលវេលាដើរច្រូតវា យកមកទុកជាការស្រេច។
ប្រសិនបើលោកអ្នកនាងចង់ជ្រាបលំអិតបន្ថែម អំពីវិធីផលិតមេជីបំប៉នដំណាំ និងវិធីប្រើជីនោះ សូមទាក់ទងលោក រស់ ម៉ៅ តាមរយៈទូរស័ព្ទលេខ ០១៧ ៦៥ ៩៧ ៧៥ ឬអញ្ជើញទៅផ្ទះគាត់ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។