ស្ពៃខៀវ ឬស្ពៃខ្មៅ ជាប្រភេទបន្លែបៃតងមួយប្រភេទដែលច្រើនដុះតាមបែបធម្មជាតិនៅតំបន់ដីសើម ឬដីជាប់មាត់បឹង ត្រពាំងជាដើម។ ឯកសារស្រាវជ្រាវផ្នែកកសិកម្មបានបង្ហាញថា ពូជស្ពៃខៀវមានប្រភពមកពីទ្វីបអាស៊ី ទ្វីបអាមេរិក និងទ្វីបអាហ្វ្រិក។ ស្ពៃខៀវជាដំណាំដែលពេញនិយមដាំជាងគេ គឺនៅភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសចិន បានដាំស្ពៃច្រើន ហើយក៏បានរីករាលដាលការដាំដុះស្ពៃខៀវទូទាំងទ្វីបអាស៊ី។
ស្ពៃខៀវ ឬស្ពៃខ្មៅ គឺជាប្រភេទបន្លែស្លឹកមួយប្រភេទក្នុងចំណោមបន្លែស្ពៃជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋកម្ពុជា បរិភោគដើម្បីបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ។ ហេតុនេះហើយ ស្ពៃខៀវត្រូវបានគេជួញដូរ និងដាំដុះច្រើននៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា។
ទន្ទឹមគ្នានេះ អ្នកដាំស្ពៃខៀវ ឬស្ពៃខ្មៅតាមវិធីសរីរាង្គក្នុងគ្រួសារខ្មែរកម្ពុជាក្រោម រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ លើកឡើងថា ទោះស្ពៃខៀវ ឬស្ពៃខ្មៅ ជាបន្លែសាមញ្ញងាយស្រួលដាំដុះ ប៉ុន្តែស្ពៃខៀវដែលគេចរាចរណ៍នៅលើទីផ្សារ ភាគច្រើនរីកលូតលាស់ដោយប្រើថ្នាំគីមីដែលបណ្ដាលឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។ ដោយការយល់ឃើញនេះ ទើបគ្រួសារខ្មែរកម្ពុជាក្រោម មួយគ្រួសារនេះ រក្សាទម្លាប់ដាំស្ពៃខៀវ តាមវិធីធម្មជាតិ៖ «ខ្ញុំចាប់អារម្មណ៍ ដំបូងខ្ញុំគិតថា តំបន់ខ្ញុំវាជិតទឹកស្រាប់ អ៊ីចឹងដាំស្ពៃបែបធម្មជាតិទៅ យើងដាំព្រោះវាមិនបាច់ធ្វើរងមិនបាចអី ដាក់តែជីអាចម៍មាន់ អាចម៍គោ ស្លឹកទន្ទ្រានខេត្ត មិនប្រើឆ្នាំគីមីអីទាំងអស់ដល់ពេលខ្ញុំដាំទៅឃើញថា ល្អមែន»។
តើវិធីដាំស្ពៃខៀវ ឬស្ពៃខ្មៅ ងាយស្រួលយ៉ាងណា?
អ្នកដាំស្ពៃរបស់គ្រួសារខ្មែរកម្ពុជាក្រោមម្នាក់ គឺលោកស្រី ថោង ថាវរី រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី ថា ស្ពៃខៀវលោកស្រីដាំមិនលើករងនោះទេ គឺដាំនៅលើដីដោយផ្ទាល់។ ហេតុនេះលោកស្រីថា មុនដាំត្រូវត្រៀមដីដោយកាប់បំបែកឲ្យល្អិតលាយជីលាមកសត្វ ផេះ ឬជីកំប៉ុស ហើយហាលសំដិលដីនោះយ៉ាងយូរ ៣ ទៅ ៤ថ្ងៃ ធ្វើបែបនេះដើម្បីសម្លាប់សត្វសង្រៃក្នុងដី។ បន្ទាប់មក លោកស្រីថា ត្រូវស្រោចទឹកឲ្យជោគ រួចព្រោះគ្រាប់ស្ពៃយកតែម្ដង៖ «ដំបូងខ្ញុំបោចស្មៅ កាប់ដីហាលវា ដំវាឲ្យតូច ហាលដី ៣ ទៅ ៤ ថ្ងៃចាំយកគ្រាប់ស្ពៃមកព្រោះ ហើយស្រោចទឹកវាទៅតែ ៣ថ្ងៃវាដុះកូនហើយ»។
ការថែទាំក្រោយដាំស្ពៃខៀវ ឬស្ពៃខ្មៅ
ស្ត្រីដាំស្ពៃវ័យជាង ៦០ឆ្នាំ រូបនេះឲ្យដឹងថា ស្ពៃព្រោះគ្រាប់បាន ៣ថ្ងៃ វាចាប់ផ្ដើមដុះហើយ ដូច្នេះក្រោយដាំ ត្រូវតាមដានស្ពៃនីមួយៗ បើវាងាប់ ឬស្វិតត្រូវដកចេញ។ លើសពីនេះ លោកស្រីថា ក្រៅពីស្រោចទឹកមួយថ្ងៃ ៣ដង គឺព្រឹក ថ្ងៃ ល្ងាចហើយ បើចង់ឲ្យដើមស្ពៃកាន់តែធំលូតលាស់ល្អ ក្រោយស្ពៃមានអាយុបាន ១៥ថ្ងៃ ត្រូវប្រើជីកំប៉ុសទឹកស្រោចកាន់តែប្រសើរ៖ «ស្ពៃខ្ញុំ ដាក់តែអាចម៍អាណា អាចម៍មាន់ និងស្រោចទឹកទន្ទ្រានខេត្ត យកស្លឹកទន្ទ្រានខេត្តមកចិញ្ច្រាំវាឲ្យល្អិត ឲ្យមើលស្ពៃយើងថា វាមានប៉ុន្មានរង ហើយយើងលាយទឹកប៉ុណ្ណឹង បន្ទាប់មកទុកវាឲ្យបានមួយអាទិត្យ រួចយកមកស្រោចលើស្ពៃ ហើយយើងឧស្សាហ៍ស្រោចទឹកវាទៅ ស្ពៃយើងវាល្អណាស់»។
ប៉ុន្តែស្ត្រីវ័យចំណាស់ដែលមានស្បែកជ្រីវជ្រួញម្នាក់នេះ ក៏ឲ្យដឹងថា ចាប់ពីថ្ងៃដាំរហូតដល់ពេលប្រមូលផលស្ពៃខៀវមានអាយុ ៤០ថ្ងៃ។ ហេតុនេះស្ពៃខៀវក៏មានបញ្ហាប្រឈមខ្លះ ដូចជាសត្វដង្កូវ ស្រមោច ខ្យង និងមេអំបៅជាដើម។ សត្វទាំងនេះ ច្រើនមកស៊ីស្លឹក និងដើមផងដែរ ប៉ុន្តែអ្នកស្រីមានវិធីបញ្ចៀសបញ្ហានេះដ៏មានប្រសិទ្ធភាព៖ «ធម្មជាតិវាអាចកើតដង្កូវដោយឯងៗ អ៊ីចឹងបើព្រលឹមឡើងយើងឃើញអាចម៍ដង្កូវជាប់ស្លឹកស្ពៃហ្នឹង យើងមានវិធីទៀត ម៉ោង ៧យប់បាត់សូរសំឡេង យើងយកពិលមកបញ្ចាំងមើលទៅនឹងឃើញដង្កូវ តែបើអត់ឃើញម៉ោងហ្នឹង មកមើលម្ដងទៀតនៅម៉ោង ៤ទៀបភ្លឺ នឹងឃើញដង្កូវ អណ្ដើកមាស មេអំបៅ និងកណ្ដូប»។
ឯកសារស្រាវជ្រាវរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពីអត្ថប្រយោជន៍ស្ពៃខៀវ ឬស្ពៃខ្មៅ បង្ហាញថា ស្ពៃខៀវជាបន្លែដែលសម្បូរទៅដោយជីវជាតិច្រើនមុខ ក្នុងនោះរួមមាន ជាតិប្រូតេអ៊ីន វីតាមីនអា (A) វីតាមីនបេ (B) និងវីតាមីនសេ (C)។ លើសពីនេះ ស្ពៃខៀវក៏សម្បូរជាតិរ៉ែ មានជាតិកាល់ស្យូម ជាតិដែក ផូស្វ័រ និងជាតិប៉ូតាស្យូម។
ដោយសារស្ពៃខៀវមានអត្ថប្រយោជន៍ច្រើននេះហើយ បានក្លាយជាដំណាំអាទិភាពរបស់លោកស្រី ថោង ថាវរី ដែលជាគ្រួសារកម្ពុជាក្រោមមួយនេះ ដើម្បីលើកស្ទួយកម្រិតជីវភាពប្រចាំថ្ងៃ ព្រោះស្ពៃខៀវដែលលោកស្រីដាំតាមបែបធម្មជាតិនេះ លក់ទៅឲ្យទីផ្សារនៅរាជធានីភ្នំពេញ បានតម្លៃក្នុង ១គីឡូក្រាម ៣.៥០០រៀល៖ «តម្លៃនេះថ្លៃជាងនៅលើទីផ្សារ ដែលលក់បានត្រឹមតែ ២.៥០០រៀលប៉ុណ្ណោះ តែអ្នកទិញមិនដែលចេះសូញសាញនោះទេ»។
ការខិតខំដាំស្ពៃខៀវតាមវិធីធម្មជាតិនេះ មិនត្រឹមតែជួយលើកស្ទួយជីវភាពគ្រួសារ និងកាត់បន្ថយការចំណាយលើថ្នាំពេទ្យប៉ុណ្ណោះទេ។ លោកស្រីអះអាងថា អ្នកទិញជាច្រើនតែសរសើរមិនដាច់ពីមាត់ និងជួយគាំទ្រទិញបន្លែដែលលោកស្រីដាំ៖ «គេសរសើរថា ពេលទិញបន្លែខ្ញុំយកទៅហូប គេថាបន្លែស្រស់ល្អ អត់រាករូស ដូចបន្លែទិញនៅផ្សារនោះទេ»។
ប៉ុន្តែមកដល់ត្រង់ចំណុចនេះ ស្ត្រីវ័យចំណាស់រូបនេះនិយាយខ្លាំងៗថា បើទោះបីជាខ្លួនវ័យចំណាស់គ្រួសារមានជីវភាពខ្វះខាត ខណៈរបស់របរប្រើប្រាស់នៅទីក្រុងភ្នំពេញ មានតម្លៃខ្ពស់ ហើយមិនមានដីធ្លីធំទូលាយដើម្បីពង្រីកការដាំដុះក៏ដោយ ក៏គ្រួសារខ្មែរកម្ពុជាក្រោមរូបនេះ មិនដែលគិតបោះបង់អាជីពនេះនោះឡើយ។ ហេតុនេះ គ្រួសារនេះជំរុញឲ្យពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញ ត្រូវតែចាប់ផ្ដើមពីដីតូចតាចជាមុនសិន និងគិតលើសុខភាពជារឿងសំខាន់។ លោកស្រីក៏ចង់ឃើញរដ្ឋាភិបាលលើកទឹកចិត្តការដាំបែបវិធីធម្មជាតិ និងស្វែងរកទីផ្សារនៅពេលដែលពលរដ្ឋដាំបានជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។